សំបុកចង្កៀលខ្យងប្រមាណ ៨៥%ត្រូវបានញាស់ដោយជោគជ័យក្នុងឆ្នាំ២០២០-២០២១

0
190

ក្នុងរដូវកាលពងកូនឆ្នាំ ២០២០ សត្វចង្កៀលខ្យល បានមករកចំណីក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅរហូតដល់រាប់ពាន់ក្បាល និងមានសម្បុកពងកូនយ៉ាងតិចចំនួន២១៨៦ នៅលើដើមរាំងចំនួន២៧០ដើម។ ការធ្វើសម្បុកនេះ ជាកំណត់ត្រាថ្មីដែលពុំធ្លាប់មានក្នុងរយៈពេលប្រមាណជាង១៥ឆ្នាំចុងក្រោយនេះ។

ក្រោមជំនួយពីអង្គការ BirdLife និងដោយការយកចិត្តទុក្ខដាក់ថែរក្សាការពារ ពី មន្ត្រីឧទ្យានុរក្សប្រចាំការ ក្រុមការងារទីវាល សម្បុកចង្កៀលខ្យងបានញាស់ជោគជ័យជាបន្តបន្ទាប់ ដែលសម្បុកចុងក្រោយគឺញាស់ក្នុងខែមេសាឆ្នាំ២០២១។ ក្នុងចំនោមសម្បុកពងកូនទាំងអស់ (ប្រមាណ ២១៨៦) មានការញាស់ជោគជ័យប្រមាណ ៨៥% និង ១៥%ទៀត រងការខូចខាត តាមរយៈទឹកជំនន់លិចសម្បុកដែលលើដើមឈើទាបៗ ខ្យល់កន្ត្រាក់ធ្លាក់ខូច និង មានជនខិលខូច លួចប្រមូលពងសត្វ។

ចំណែកសម្បុកដែលញាស់ជោគជ័យជាមធ្យមបានកូនចង្កៀលខ្យងប្រហែល ៥៥៨០ក្បាល ទទួលរងការខូចខាតអស់កូនប្រហែល ១០% (ស្លាប់ដោយសារជម្ងឺនិងកត្តាផ្សេងៗ)។ ចំណែកប្រមាណ ៤០% បង្ខំចិត្តហើរចាកចេញពីសម្បុកនិងទ្រនុំ ដោយកត្តារាំងស្ងួត ខ្វះប្រភពទឹក និងចំណី។

បច្ចុប្បន្ន មានកូនចង្កៀលខ្យងប្រមាណ ៥០% (ជាមធ្យម ប្រហែល២៧៩០ ក្បាល) នៅបន្តស្នាក់នៅលើសម្បុក និងទ្រនុំ ដែលខ្លះទើបតែញាស់ហើយ មិនទាន់អាចហើរបានឆ្ងាយពីមេបា។ យើងបានសង្កើតឃើញផងដែរថា មេបាចាស់ៗបាន ប្រមូលកំណាត់ឈើតូចៗ បន្ថែម ដើម្បីជួសជុលសម្បុក និង ធ្វើសម្បុកថ្មីលើមែកឈើដែលខ្ពស់ៗជាងមុន។ ក្រុមការងាទីវាលបានសនិដ្ឋានថា សកម្មភាពនេះជាសញ្ញាល្អ ដែលបញ្ជាក់ថាចង្កៀលខ្យងនឹងមិនបម្លាស់ទីចេញអស់ពីទីតាំងពងកូនឡើយ ហើយរដូវកាលពងកូនឆ្នាំ២០២១-២០២២ អាចនឹងមានសម្បុកកើនឡើងបន្ថែមទៀត។ គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅសហការអនុវត្តដោយក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវជាសេនាធិការ អង្គការជីវសត្វស្លាបអន្តរជាតិ(BirdLife) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) និងអង្គការ WWT៕

ប្រភព៖ ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here