រឿងសង់ប្រាសាទ​នៅថៃ! អាជ្ញាធរជាតិអប្សរា កំពុង​ស្រាវជ្រាវ​ពាក់ព័ន្ធនឹង​រចនាបទ និងប្លង់ប្រាសាទ

0
127

ជុំវិញ​ករណីសាងសង់ប្រាសាទ​នៅខេត្ត​បុរីរុំា ប្រទេសថៃ លោក  ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ប្រាប់ AKP ថា ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា កំពុងតាមដាន និងស្រាវជ្រាវករណីនេះហើយ ជាពិសេសគឺអាជ្ញាធរជាតិអប្សរាតែម្តង ពាក់ព័ន្ធនឹងរចនាបទ និងប្លង់ប្រាសាទនេះជាដើម។

អ្នកនាំពាក្យក្រសួងវប្បធម៌ បន្ថែមទៀតថា ៖ «យើងស្រាវជ្រាវសិន ហើយបើតាមខ្ញុំដឹង គឺកុងស៊ុលយើងប្រចាំនៅថែ ទៅដល់ទីតាំងនោះហើយនៅរសៀលថ្ងៃនេះ ដូច្នេះយើងកំពុងរងចាំព័ត៌មានពីកុងស៊ុលយើង ថាតើប្រាសាទនោះគ្រោងសាងសង់ដូចប្រាសាទអង្គរវត្ត? សាងសង់បានប៉ុន្មានភាគរយហើយ?។ល។។ អ្វីដែលសំខាន់គឺយើងប្រមូលព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយសិន»។

ចំពោះករណីដែលប្រាសាទនោះយកលំនាំតាមប្រាសាទអង្គរវត្តវិញ លោកបានឱ្យដឹងថា គឺកម្ពុជានឹងធ្វើតាមបែបបទប្រព័ន្ធការទូត ដូចដែលកម្ពុជាធ្លាប់ធ្វើកន្លងមក តាមរយៈលិខិតទៅក្រសួងការបរទេសថៃ។

បើតាម​លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ AKP ថា នៅពេលនេះស្ថានទូតក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចាប់ផ្តើមស្រាវជ្រាវករណី ដែលមានការលើកឡើងអំពីការសាងសង់ប្រាសាទមួយដែលចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជា នៅខេត្តបុរីរ៉ាំ ដោយធ្វើការសហការជាមួយនឹងភាគីថៃ។

លោក​បានគូសបញ្ជាក់បន្ថែមថា ៖ «ចំពោះរឿងនេះ យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះថាប្រាសាទនៅប្រទេសថៃមួយចំនួន មានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្តរបស់យើងដែរ ដូចជាប្រាសាទភ្នំរូង នៅខេត្តបុរីរ៉ាំជាដើម ដូច្នេះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ត្រូវតែសិក្សាស្រាវជ្រាវករណីនេះសិន ហើយយើងក៏មិនអាចប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថាការសាងសង់នោះ យកតាមលំនាំ រចនាបទ ដូចប្រាសាទអង្គរវត្តយើងឬទេ?»។

លោក​ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានករណីនេះឱ្យបានដិតដល់បំផុតផងដែរ៕

ប្រភព : ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here