ចាក់វ៉ាក់សាំងរួច ប៉ុន្តែករណីនៅតែកើនច្រើន   មិនមែនមានន័យថា  វ៉ាក់សាំងចិន មិនមានប្រសិទ្ធភាពនោះទេ

0
191

ប្រទេសចិនបានសម្រេចចែកចាយវ៉ាក់សាំងកូវីដ១៩ កាលពីថ្ងៃទី២០ ខែមិថុនា ចំនួនជាង ១ ពាន់លានដូស ឬ ស្មើនឹងជិត ៤០ ភាគរយ នៃចំនួនវ៉ាក់សាំង ដែលបានចែកចាយប្រមាណ ២,៥ ពាន់លានដូស នៅទូទាំង ពិភពលោក។ វ៉ាក់សាំងដែលបាននាំចេញភាគច្រើន គឺវ៉ាក់សាំង Sinopharm និង Sinovac ប្រមាណរាប់ រយលានដូស ត្រូវបានចែកចាយទៅកាន់ប្រទេសជាង ៨០ នៅទូទាំងពិភពលោក។ ករណីឆ្លងកូវីដ១៩ បានផ្ទុះឡើងយ៉ាងខ្លាំងក្នុងប្រទេសជាច្រើននៅទូទាំងពិភពលោក បានចោទជាសំណួរដល់ប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm និង Sinovac ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ តួយ៉ាង វ៉ាក់សាំងផលិតដោយចិនជាង ៦០ ភាគរយ គឺជាការទទួលទិញដោយឥណ្ឌូនេស៊ី ដែលជាប្រទេសមានចំនួនករណីឆ្លងធំបំផុតក្នុងប្រទេស ដែលករណីឆ្លងថ្មីប្រមាណជិត ២ម៉ឺនករណី ក្នុង ១ថ្ងៃ នៅដើមសប្តាហ៍នេះ ភាគច្រើនជាករណីវ៉ារ៉្យង់ Delta ថ្មី។ លោកស្រី Olivia Herlinda ប្រធានគោលនយោបាយនៅមជ្ឈមណ្ឌលសម្រាប់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍យុទ្ធសាស្ត្រឥណ្ឌូណេស៊ី បានប្រាប់សារព័ត៌មានតួគី TRT World ថា៖ «ការសន្និដ្ឋានណាមួយ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac បច្ចុប្បន្នវាពិបាកថា ដោយសារអត្រាចាក់វ៉ាក់សាំងនៅប្រទេសនេះនៅទាបនៅឡើយ ហើយអ្នកដែលទទួលបានវ៉ាក់សាំង Sinovac ភាគច្រើន ជាបុគ្គលិកក្នុងវិស័យសុខាភិបាល និងចំនួនប្រជាជនមានអាយុក្រោម ៦០ឆ្នាំ នៅមានកម្រិតទាបនៅឡើយ។ ដូចប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតដែរ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី បានឲ្យដឹងថា មានតែប្រទេសចិនទេ ដែលអាចផ្គត់ផ្គង់នូវចំនួនដូសក្នុងកម្រិត ដែលចាំបាច់សម្រាប់ផ្ដល់ឱ្យប្រជាជនចំនួន ៧០ ភាគរយ ដើម្បីសម្រេចគោលដៅទទួលបានភាពស៊ាំជាសហគមន៍ នៅឆ្នាំនេះ។ វេជ្ជបណ្ឌិត Pawin Numthavaj អ្នកជំនាញផ្នែករោគរាតត្បាតនៅមន្ទីរពេទ្យ Ramathibodi ក្នុងប្រទេសថៃ បានប្រាប់សារព័ត៌មាន TRT World ថា អាជ្ញាធរថៃកំពុងពិចារណាទិញ Sinovac ពីព្រោះវាងាយស្រួលក្នុងការទិញ ជាងវ៉ាក់សាំងដទៃ។ លោកបានបន្ថែមថា ថ្មីៗនេះរដ្ឋាភិបាលកំពុងស្វែងរកវ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនវ៉ាក់សាំងផលិតផ្សេងៗទៀត ប៉ុន្តែក្រុមហ៊ុនទាំងនោះផលិតយឺតពេលបន្តិច ហើយត្រូវរង់ចាំផលិតកម្មយូរ ត្រូវចាំយ៉ាងហោចក៏ដំណាច់ឆ្នាំនេះដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានច្រានចោលនូវចម្ងល់ពីប្រសិទ្ធភាពនៃវ៉ាក់សាំង Sinopharm និង Sinovac របស់ប្រទេសចិនថា ជាការរិះគន់បែបលម្អៀង និងលាបពណ៌ផងដែរ។ ទោះយ៉ាងណា ក្រុមអ្នកជំនាញនិយាយថា ទោះបីវ៉ាក់សាំងចិនទាំងនេះ មិនមានប្រសិទ្ធភាពខ្លាំង ដូចវ៉ាក់សាំងដទៃ ក៏មិនមែនមានន័យថា វ៉ាក់សាំងចិន មិនមានប្រសិទ្ធភាពដែរ។ មិនមានវ៉ាក់សាំងណាមួយផ្តល់ការការពារ ១០០ ភាគរយ ប្រឆាំងនឹងកូវីដ១៩ ទេ។ វ៉ាក់សាំងចិន មានសារៈសំខាន់ក្នុងការការពារ កុំឱ្យមានករណីស្លាប់ និងការសម្រាកនៅមន្ទីរពេទ្យច្រើន មិនមែនធ្វើឱ្យករណីឆ្លងធ្លាក់ដល់សូន្យនោះទេ។ សាស្រ្តាចារ្យ Jin Dong-yan សាកលវិទ្យាល័យហុងកុងបាននិយាយថា៖ «ប្រសិនបើយើងចង់កាត់បន្ថយករណីធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់វ៉ាក់សាំង Sinopharm និង Sinovac អាចជួយបាន»។ លោក Ben Cowling សាស្ត្រាចារ្យផ្នែករោគឆ្លងនៃសាកលវិទ្យាល័យតែមួយ បាននិយាយថា៖ «វ៉ាក់សាំងចិន ហាក់ដូចជាបន្ថយចំនួនអ្នកឆ្លងធ្ងន់ធ្ងរ និងអ្នកស្លាប់បាន ជួយជីវិតមនុស្សច្រើនណាស់»៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here