
វេជ្ជបណ្ឌិតលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ក្រើនរំឭកថា ប្រទេសអ្នកមានកំពុងចែកចាយវ៉ាក់សាំងឱ្យបណ្តាប្រទេសមានប្រាក់ចំណូលទាប មានលក្ខណៈយឺតយ៉ាវ សម្រាប់ការពារការរាតត្បាតនៃវ៉ារ្យ៉ង់កូវីដ១៩ Delta ហើយវាកំពុងក្លាយជាហានិភ័យខ្ពស់ដល់អាយុ ជីវិតប្រជាជនរាប់លាន ខណៈដែលវ៉ារ្យ៉ង់ប្រភេទនេះ បានរាតត្បាតជាង ៩៨ ប្រទេសរួចមកហើយ។ លោក Ghebreyesus បាននិយាយថា មេដឹកនាំពិភពលោកនានា ត្រូវតែធានាថា យ៉ាងហោចណាស់ ១០ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេសទាំងអស់ បានទទួលវ៉ាក់សាំង នៅចុងខែកញ្ញា ដូច្នេះក្រុមពលរដ្ឋងាយរងគ្រោះ និងបុគ្គលិកសុខាភិបាលនឹងត្រូវបានការពារ។ វ៉ារ្យ៉ង់ Delta បង្កគ្រោះថ្នាក់ និងកំពុងបន្តវិវត្ត ហើយបំប្លែងខ្លួន ដែលទាមទារឱ្យមានការតាមដាន វាយតម្លៃឥតឈប់ឈរ រួមទាំងការកែតម្រូវយ៉ាងប្រុងប្រយ័ត្ននៃការឆ្លើយតបសុខភាពសាធារណៈ ព្រោះថា វ៉ារ្យ៉ង់ប្រភេទនេះ កំពុងតែរីករាលដាលយ៉ាងលឿន ទាំងក្នុងប្រទេសមានអត្រាចាក់វ៉ាក់សាំងទាប និងខ្ពស់។ លោកបន្ថែមថា៖ «ពិភពលោកត្រូវតែចែករំលែកឧបករណ៍ការពារ អុកស៊ីហ្ស៊ែន ការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំងដោយស្មើភាពគ្នា ហើយនៅខែកក្កដា ឆ្នាំក្រោយ ប្រជាជនចំនួន ៧០ភាគរយ នៅគ្រប់ប្រទេស គួរតែទទួលបានវ៉ាក់សាំង»។ ការធ្វើបែបនេះ ជាវិធីល្អបំផុត ដើម្បីបន្ថយការរាតត្បាត ជួយសង្គ្រោះអាយុជីវិត និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក យ៉ាងពិតប្រាកដ។ កាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងអង្គការពាណិជ្ជកម្មពិភពលោក បានចូលរួមជាមួយអង្គការសុខភាពពិភពលោក ក្នុងការអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ ដើម្បីបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង។ ក្រុមអង្គការទាំងនេះ ក៏បានស្នើដល់ក្រុមប្រទេស G-២០ ឱ្យបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់គោលដៅចាក់វ៉ាក់សាំង។ ក្រុមអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ លើភាពបន្ទាន់នៃការចាក់វ៉ាក់សាំង ពីព្រោះវ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពតិចជាងវ៉ារ្យ៉ង់ Delta ដែលមានលទ្ធភាពឆ្លងខ្ពស់ និងលឿនជាងវ៉ារ្យ៉ង់ផ្សេងៗទៀត៕ AFP