គម្រោងដេញថ្លៃសាងសង់ផ្លូវចំនួន០២ខ្សែ ក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ សម្រេចជោគជ័យ ប្រកបដោយតម្លាភាព នឹងចាបផ្តើមស្ថាបនា ជាប្រយោជន៍ដល់ពលរដ្ឋក្នុងការធ្វើដំណើរ

0
109

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីដេញថ្លៃ គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ ឆ្នាំ២០២១ ក្រោមវត្តមាន លោក សឺង គីរីវណ្ឌី មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុគម្រោង រដ្ឋបាលសាលាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី មេឃុំ លោក លោកស្រី ក្រុមប្រឹក្សាឃុំ សមាជិកឃុំ និងជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន ចូលរួមការដេញថ្លៃគម្រោង មូលនីធិអភិវឌ្ឍន៍ ឃុំ/សង្កាត់ និងបងប្អូនតំណាងប្រជាពលរដ្ឋ និងមានតំណាងក្រុមហ៊ុន ចូលរួមដេញថ្លៃគម្រោងចំនួន០៣ ក្រុមហ៊ុន ។
ការដេញថ្លៃកិច្ចសន្យាសំណង់គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ ប្រព្រឹត្តទៅ នៅសាលាឃុំបឹងព្រួលផ្ទាល់ ជាលទ្ធផល ការដេញថ្លៃគម្រោងខាងលើ បានទទួលជោគជ័យ ១០០% ដោយមានការគាំទ្រ និងបានចូលរួមដេញថ្លៃ ចំនួន ០២ គម្រោង ពីសំណាក់ក្រុមហ៊ុនចូលរួម ដេញថ្លៃចំនួន ០៣ ដែលបានបើកលទ្ធកម្មដាក់ឱ្យដេញថ្លៃគម្រោងមូលនិធីអភិវឌ្ឍន៍ឃុំបឹងព្រួល សម្រាប់ឆ្នាំ២០២១ ។

លោក សឺង គិរីវណ្ឌី បានឱ្យដឹងថា ឆ្នាំនេះ ក្រុមប្រឹក្សាឃុំ/សង្កាត់ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានី-ខេត្ត មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ។
លោកបានបន្តថា ក្នុងឆ្នាំនេះ យើងបានដំណើរការដេញថ្លៃគម្រោងរបស់ឃុំបឹងព្រួល នេះ គឺដើម្បីកែលម្អសោភ័ណភាព កសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត ដូចជា ការជួសជុលផ្លូវ ការសាងសង់ផ្លូវក្រាលក្រួសក្រហម និង ការសាងសង់ផ្លូវបេតុងអាមេ ជាដើម។

គម្រោងអភិវឌ្ឍន៍ឃុំបឹងព្រួល នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នោះរួមមាន៖
.គម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហម ប្រវែង ១.៣៤ គ.ម មានការថែទាំរយៈពេល ០៦ ខែ
.គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣ គ.ម មានការថែទាំរយៈពេល ០៦ ខែ
ជាមួយគ្នានេះដែរ លោក សឺង គិរីវណ្ឌី បានស្នើឱ្យគណៈកម្មការលទ្ធកម្ម ឃុំ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃតាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យាគម្រោង កុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង។

សូមជម្រាបថា ការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំនេះ គឺដើម្បីជ្រើសរើសអ្នកទទួលការជាសាធារណៈ តាមរយៈការប្រកួតប្រជែងមានលក្ខណៈត្រឹមត្រូវនិងយុត្តិធម៌ / ជ្រើសរើសរកអ្នកទទួលការដែលដាក់តម្លៃដេញទាបជាងគេធានាបាននូវគុណភាពនិងនិរន្តរភាពគម្រោង /ផ្តល់ឱកាសស្មើៗគ្នា ដល់អ្នកទទួលការ ដើម្បីចូលរួមនៅក្នុងដំណើរការដេញថ្លៃក្រោមក្របខណ្ឌត្រឹមត្រូវនិងស្មើភាព / បង្ហាញដល់ប្រជាពលរដ្ឋគ្រប់រូប បានឃើញ នឹងដឹងពិតប្រាកដថា នីតិវិធីទាំងឡាយត្រូវបានគោរព នឹងធ្វើតាមយ៉ាងត្រឹមត្រូវប្រកបដោយតម្លាភាព និងសន្សំសំចៃ / ប្រកាសជាសាធារណៈឲ្យប្រជាពលរដ្ឋនៅមូលដ្ឋាន (អ្នកទទួលការ) បានដឹងថា : គម្រោងអភិវឌ្ឍន៍របស់ខ្លួនកំពុងដំណើរការហើយ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here