រដ្ឋបាលខេត្តកណ្ដាលបានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួតជាបណ្ដោះអាសន្នដែលមានទីតាំងស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញអាជីករផ្សារមានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។
លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅទីប្រជុំជនផ្សារកំពង់កន្ទួតបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣នាក់ ហើយរដ្ឋបាលស្រុកបានបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់មកយកសំណាកតេស្តរហ័សហើយបានរកឃើញមានវិជ្ជមានចំនួន២៤នាក់បន្ថែមទៀត។
លោកអភិបាលស្រុកបានបន្តថា ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ពិសេសតំបន់ទីប្រជុំជនផ្សារកំពង់កន្ទួតរដ្ឋបាលស្រុកបានកំណត់តំបន់លឿងទុំនៅក្នុងទីប្រជុំជនផ្សារកំពង់កន្ទួត ដែលមានទី១នៅចំណុចផ្លូវចូលពីកែងវិទ្យាល័យហ៊ុនសែនកំពង់កន្ទួតដល់ប្រឡាយលេខ៦៣ និងទី២ចំណុចផ្ទះទេពធីតា លក់គ្រឿងសំណង់ រហូតដល់ប្រឡាយលេខ៦៣ជាតំបន់លឿងទុំ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ការផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួតជាបណ្ដោះអាសន្ននេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយឱ្យបានប្រសើរនូវទីតាំងលក់ដូរក្នុងផ្សារកំពង់កន្ទួត។
លោកអភិបាលខេត្តបានណែនាំដល់សន្តិសុខ បុគ្គលិកកម្មករអាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធផ្ទាល់ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាលដើម្បីយកវត្ថុតំណាកធ្វើតេស្តជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកអភិបាលខេត្តបានបន្តថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្ដោះអាសន្នត្រូវបានហាមឃាត់រាល់ការចេញចូល និងរាល់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សលើកលែងតែករណីចាំបាច់ដូចជាការអនុវត្តវិធានការសុខាភិបាលរបស់បុគ្គលិកសុខាភិបាលការផ្ដល់សំណាកនៅទីតាំងដែលបានកំណត់និងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរៀបរយសាធារណៈរបស់គណៈកម្មការផ្សារអាជ្ញាធរមានសមត្ថកិច្ចនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់និងដោយត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នៅវិធានការ ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាលនិងវិធានការសុខាភិបាលជាចាំបាច់។
រដ្ឋបាលខេត្តកណ្ដាលបានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្ទួតជាបណ្ដោះអាសន្នដែលមានទីតាំងស្ថិតក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញអាជីករផ្សារមានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។
ប្រភព : កម្ពុជាថ្មី