ហុកគីកម្ពុជាត្រៀមជើងឯកអាស៊ី នាខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជាទុនបង្កើនបច្ចេកទេសឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣

0
30

CAMSOC-ភ្នំពេញ៖ ប្រភេទកីឡាហុកគីកម្ពុជាបានត្រៀមចូលរួមការប្រកួតជើងឯកអាស៊ី នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសថៃ ខណៈប្រភេទកីឡារបស់កម្ពុជាមួយនេះ មិនមាននៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១នេះទេ ដោយសហព័ន្ធបានចាត់ទុកថា ការចូលរួមប្រកួតជើងឯកអាស៊ីនេះ គឺជាទុនមួយបន្ថែមទៀត ក្នុងការបង្កើនគុណភាព បច្ចេកទេស ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា គូសបញ្ជាក់ថា សម្រាប់ការត្រៀមចូលរួមប្រកួតកីឡាហុកគីជើងឯកអាស៊ី នៅប្រទេសថៃ ចុងឆ្នាំនេះ គឺសហព័ន្ធនឹងបញ្ជូនក្រុមជម្រើសជាតិនារី១ក្រុម ទៅចូលរួមប្រកួត ដែលមានជាង៣០ប្រទេស ជាសមាជិកអាស៊ីនឹងចូលរួមប្រកួត។ បច្ចុប្បន្ន ក្រុមជម្រើសជាតិហុកគីកម្ពុជានារី កំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន នៅក្នុងបរិបទកូវីដ-១៩នេះ ដោយត្រួតពិនិត្យការហ្វឹកហាត់ពីសំណាក់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១ គឺម្ចាស់ផ្ទះមិនបានដាក់បញ្ជូលប្រភេទកីឡាមួយនេះឡើយ។ ដូច្នេះនៅក្នុងឆ្នាំ២០២១នេះ គឺមានតែការប្រកួតជើងឯកអាស៊ី១នេះប៉ុណ្ណោះដែលយើងអាចចូលរួមបាន ដោយលោកបានដាក់ក្តីរំពឹងទុកថា បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមហុកគីនារីកម្ពុជានឹងបង្កើនបច្ចេកទេសកាន់តែប្រសើរ ដើម្បីត្រៀមខ្លួនបានកាន់តែល្អ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ប្រភេទកីឡាហុកគី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាក់បញ្ជូលឲ្យបណ្តាប្រទេសនានា ចូលរួមប្រកួតប្រជែងមេដាយ សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ដូចជា CAMSOC កំពុងផ្តល់ការគាំទ្រ ទំនុកបម្រុង ដើម្បីជួយជំរុញឲ្យប្រភេទកីឡាហុកគីកម្ពុជាអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរ ក្នុងគោលដៅឲ្យហុកគី មានភាពប្រហាក់ប្រហែលនឹងប្រភេទកីឡាសក្តានុពលនានារបស់កម្ពុជា ត្រៀមឆ្ពោះរួមគ្នាទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

សូមរំឭកថា ហុកគី គឺជាប្រភេទកីឡាអូឡាំពិក ដែលមានវត្តមាននៅកម្ពុជាប្រមាណ២០ឆ្នាំមកនេះ តាមរយៈអង្គការក្រៅរដ្ឋាភិបាលមួយជាអ្នកនាំចូល។ ហុកគី មានច្រើនប្រភេទវិញ្ញាសា ដែលគេតែងតែលេងនៅលើទីលានវាល គ្មានដំបូល ក្នុងសាល និងលេងលើទឹកកកជាដើម។ កន្លងមក ប្រភេទកីឡាហុកគីកម្ពុជា មិនធ្លាប់ប្រកួតជាលក្ខណៈជើងឯករបស់ខ្លួននៅឡើយទេ ប៉ុន្តែប្រភេទកីឡាមួយនេះ ធ្លាប់ត្រូវបានគាំទ្រឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិ ដែលធ្លាប់បានចូលរួមប្រកួតប្រែងនៅក្នុងការប្រកួតកីឡាស៊ីហ្គេមនានា ជាក់ស្តែង ស៊ីហ្គេម នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ ២០១៩កន្លងទៅ៕ រូបភាហ្វឹកហាត់ និងឯកសារប្រកួតស៊ីហ្គេម

LEAVE A REPLY

Please enter your comment!
Please enter your name here