ភ្នំពេញ: បងប្អូនអាជីវករ ក្រុមសន្តិសុខផ្សារអូឡាំពិកនិងសន្តិសុខឯកជនចំនួនជាង៣០០នាក់ហើយ ដែលក្រុមគ្រូពេទ្យបានរកឃើញមានវិជ្ជមានកូវីដ-១៩ គិតចាប់ពីថ្ងៃទី១ កក្កដា មក .ពោលគឺក្រោយពីផ្សារអូឡាំពិក បានផ្ទុះកូវីដ១៩.ក្នុងចំនួននេះមានបងប្អូនអាជីវករប្រមាណ៥០ភាគរយដែលបានសម្រេចចិត្តសុំការព្យាបាលនៅតាមផ្ទះ។
លោកឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូឡាំពិក បានឱ្យដឹងនៅល្ងាចថ្ងៃទី៥កក្កដានេះថា នៅផ្សារអូឡាំពិក បានផ្ទុះការរីករាលដាលនៃជំងឺ-១៩ កាលពីថ្ងៃទី១ខែកក្កដា ហើយបើគិតមកដល់ថ្ងៃទី៥កក្កដានេះក្នុងចំណោមអ្នក យកសំណាកចំនួនជាង២.០០០នាក់ បានរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ ចំនួនជាង៣០០នាក់ ។ ក្នុងចំនួននេះ មានបងប្អូនអាជីវករប្រមាណ១៥០នាក់ បានសម្រេចចចិត្តសុំការព្យាបាលនៅតាមផ្ទះ។
គួររំលឹកថា រដ្ឋបាលរាជធានិភ្នំពេញ កាលពីល្ងាចថ្ងៃទី២ កក្កដាកន្លងទៅនេះបានប្រកាសពីការផ្អាកដំណើរការជា បណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិករយៈពេល១៤ថ្ងៃដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដារហូតដល់ថ្ងៃទី១៦ ខែកក្កដា ។
គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ កាលពីរសៀលថ្ងៃសៅរ៍ទី៣ខែកក្កដានិងនៅព្រឹកថ្ងៃទី៥ខែ កក្កដានេះ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ លើគម្រោងផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីឱ្យដំណើរការនៃការព្យាបាលនៅតាមផ្ទះនេះ មានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ។ ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះធ្វើឡើងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះរយៈពេល៤ថ្ងៃពីថ្ងៃទី២ដល់ថ្ងៃទី៥កក្កដាអ្នកទៅយកសំណាសរុបចំនួន២៥០៣មានអ្នកវិជ្ជមានជំងឺកូវីដចំនួន៣៣៤ នាក់ហើយដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ៕
ប្រភព : រស្មីកម្ពុជា