រាជធានីភ្នំពេញ ៖ ជំងឺកូវីដ-១៩ នៅក្នុងវត្តមហាមន្ត្រី ដោយបានរកឃើញព្រះសង្ឃ យាយជី និងកូនសិស្សស្នាក់នៅក្នុងវត្តរហូតទៅដល់ចំនួន៤៤ អង្គ/នាក់ វិជ្ជមានជំងឺកូវីដ១៩ ក្រោយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន សហការជាមួយ និងកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកងចុះធ្វើសំណាកកាលពីថ្ងៃទី០២ – ០៣ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា និងបានធ្វើការបិទខ្ទប់វត្តទាំងស្រុងមិនអោយមានអ្នកណាម្នាក់ចេញ ឬចូលផងដែរ ។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធក្នុងការឈានទៅដល់ការបិទខ្ទប់វត្តមហាមន្ត្រីនេះដែរ គឺបានធ្វើឡើងក្រោយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ហៅថា ធីតា សហការជាមួយនិង កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានចុះធ្វើសំណាកដល់ព្រះសង្ឃ យាយជី តាជី អាចារ្យវត្ត និងកូនសិស្ស ស្នាក់នៅក្នុងវត្តជាច្រើនអង្គ/នាក់ និងបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៤៤នាក់រួចមកនោះ ។
ការចុះធ្វើសំណាកតេស្តរកកូវីដ-១៩ របស់ក្រុមគ្រូពេទ្យនេះដែរបានធ្វើឡើង ចាប់ទីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២១ ទៅលើព្រះសង្ឃ យាយជី តាជី តាអាចារ្យ និងកូនសិស្ស បានរកឃើញជាលើកដំបូងចំនួន ១៣ អង្គ/នាក់ ។ លុះដល់ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២១ ស្អែកឡើងក្រុមគ្រូពេទ្យក៏បានមកយកសំណាកជាលើកទី២ម្តងទៀត ដោយបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣១ អង្គ/នាក់ បន្ថែមទៀត ក្នុងនោះមានព្រះសង្ឃ យាយជី និងកូនសិស្សដែលស្នាក់នៅក្នុងវត្តផងដែរ។
លោកអភិបាលខណ្ឌ ក៏បានប្រាប់បន្តទៀតថា ក្រោយក្រុមគ្រូពេទ្យរកឃើញអ្នកវិជ្ជមានអំងឺកូវីដ ១៩ ចំនួន១៣អង្គ/នាក់ កាលពីថ្ងៃទី ០២ ជាថ្ងៃដែលក្រុមគ្រូពេទ្យចុះយកសំណាក ក្នុងវត្តមហាមន្ត្រីជាលើកដំបូងនោះ អាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង ក៏បានចុះមកធ្វើការបិទខ្ទប់វត្តមិនអោយមានអ្នកណាម្នាក់ចេញ ឬចូលបានឡើយ ។
ចំពោះអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៤៤ អង្គ/នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងព្យាបាល ចំណែកឯព្រះសង្ឃ យាយជី តាជី និងកូនសិស្ស ដែលសេសសល់ត្រូវបានតម្រូវអោយអនុវត្តទៅតាមវិធានការរបស់ក្រុមគ្រូពេទ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាបន្តទៀតផងដែរ ។
គួរបញ្ជាក់ថា ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង នេះមានការបិទផ្សារធំៗចំនួន ២ជាបន្តបន្ទាប់គឺ ផ្សារបឹងកេងកង ដែលមានទី តាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ផ្សារអូឡាំពិក និង វត្តមហាមន្ត្រី ដែលមានទីតាំងស្ថិតនៅ ក្បែរគ្នាក្នុងសង្កាត់ អូឡាំពិក តែមួយ ក្រោយពីមានការផ្ទុះកើតមានឡើងជំងឺកូវីដ ១៩ សារជាថ្មីនោះ ៕