ហេតុការណ៍ធ្លាក់យន្តហោះយោធាដ៏អាក្រក់បំផុតនៅប្រទេសហ្វីលីពីន បានធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៥០នាក់ហើយ ក្នុងចំណោមមនុស្សលើយន្តហោះសរុប ៩៦នាក់។
យន្តហោះ C-130 នេះ បានធ្លាក់កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងអំឡុងពេលដឹកជញ្ជូនយោធា ពីតំបន់ Cagayan de Oro នៃកោះ Mindanao ទៅកាន់ខេត្ត Sulu ដោយបានរត់ខុសផ្លូវ នៅព្រលានយន្តហោះលើកោះ Jolo។
សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពប្រចាំខេត្ត Sulu ឱ្យដឹងថា ប៉ុន្មាននាទីបន្ទាប់ពីយន្តហោះធ្លាក់ កងទ័ព និងជនស៊ីវិល បានប្រញាប់ទៅកន្លែងកើតហេតុ ដើម្បីសង្គ្រោះមនុស្ស។ សាក្សីដែលឃើញផ្ទាល់ភ្នែក អះអាងថា ទាហានមួយចំនួនបានលោតចេញពីយន្តហោះមុនធ្លាក់បុកដី ដែលបានជួយឱ្យពួកគេរួចផុតពីគ្រោះថ្នាក់។
ជារួម ទាហាន ៤៧នាក់បានស្លាប់ និងរបួស ៤៩នាក់។ ក្នុងនោះក៏មានជនស៊ីវិលនៅលើដី ៣នាក់ស្លាប់ និង៤នាក់របួសផងដែរ៕
ប្រភព៖ ខ្លីខ្លី