ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានបន្តកិច្ច ប្រជុំរបស់ខ្លួន លើផែនការត្រួតពិនិត្យ ការផ្តល់ការព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដើម្បីអោយដំណើរការ នៃការព្យាបាល នៅតាមផ្ទះនេះ មានគុណភាព និងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជំងឺ ជាច្រើន លើសលុប ចង់អោយមានការព្យាបាល តាមផ្ទះនេះ ។
កិច្ចប្រជុំនេះ បានធ្វើឡើង នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ កក្កដា តាមរយៈ វីដេអូ ខនហ្វើរែន (Video Conference) ក្រោមវត្តមានលោក កើត ឆែ អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
លោក ង៉ូវ កាង បានមានប្រសាសន៍ថាៈ យើងបានឃើញថា ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជំងឺ ។ ដូច្នេះហើយ ទើបយើងបង្កើតឱ្យមាន ជាការ ព្យាបាលជំងឺ នៅតាមផ្ទះនេះ ។ ការព្យាបាល នៅតាមផ្ទះនេះ ជារឿងល្អមួយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការគ្រប់គ្រង និងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរ មូលដ្ឋាន ជាអ្នកទទួល ខុសត្រូវ។ អាជ្ញាធរខណ្ឌ ទាំង ១៤ ជាអ្នកផ្តល់កិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្មគ្រ័ចិត្ត TYDA ដោយបង្កើតឲ្យមានទី បញ្ជាការស្រាល ១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជា អន្តរាគមន៍ ជួយប្រជាពលរដ្ឋ ដែលត្រូវការឲ្យជួយ ដោយជំងឺកូវីដ-១៩ ពោលគឺ នៅពេលមានបញ្ហាអ្វីមួយ យើងជួយពួកគាត់ ទាន់ពេលវេលាតែម្តង។
លោក កើត ឆែ បានមានប្រសាសន៍ថាៈ ការបន្តកិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិភាក្សា អោយស៊ីសង្វាក់គ្នា រវាងអាជ្ញាធរ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ថាតើការបង្កើត ឱ្យមាន ការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្ត ការជូនពួកគាត់ បែបណា ដែលអាចឱ្យពួកគាត់ ទទួលយកបាន។
ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនឹងយកទៅផ្សព្វផ្សាយបន្ត ដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែល អាជ្ញាធរខណ្ឌ សង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យសាធារណជន បានយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹង ដល់ប្រជាពលរដ្ឋ អោយចូលរួម ជាមួយអាជ្ញាធរផងដែរ។
គួរបញ្ជាក់ថា ការរៀបចំអោយមាន ការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះ រាជធានីភ្នំពេញ បានឈានមួយជំហាន ទៅមុខរួចហើយ ដែលមកដល់ពេលនេះ មានអ្នកជំងឺប្រមាណជាង ៣០០ នាក់ហើយ ដែលកំពុងសំរាកព្យាបាល នៅតាមផ្ទះ ពិសេសបងប្អូនអាជីវករ ផ្សារអូឡាំពិក៕
ប្រភព : រស្មីកម្ពុជា