រឿងលួចកាប់ឈើអូរហ៊ុចៈនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ផ្សំគំនិត​លួច​កាប់​ឈើ​​ចេញមកសារភាព

0
133

​ភ្នំពេញៈ នៅថ្ងៃនេះនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​អំពាវនាវ​ដល់ អ្នក​ដែល​ពាក់ព័ន្ធ​ផ្សំគំនិត​កាប់​ឈើ​នៅក្នុង​តំបន់​អូរ​ហ៊ុ​ច ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចេញមក​សារភាព​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​នេះបើយោងតាមប្រភពAMS បញ្ជាក់។

ជាមួយនឹង​ការអំពាវនាវ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក ដែល​នៅ​ពីក្រោយ​ខ្នង នៃ​ការប្រព្រឹត្ត​បទល្មើស និង​ស្រាវជ្រាវ​ជនជាតិ​វៀតណាម​ដែលជា​មេខ្លោង​ផ្តល់​ថវិកា និង​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ​ចូលមក​កាប់​ឈើ​នៅក្នុង​តំបន់​អូរ​ហ៊ុ​ច​ដឹកជញ្ជូន​យកទៅ​ប្រទេសវៀតណាម​។​

​ប្រភពដដែលបន្តថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា “​អ្នកណា​ដែលមាន​ខ្លួន​ហើយ​គឺ​ចេញមក​សារភាព ប្រគល់​ខ្លួន​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយ​កុំ​ចចេស​រឹងរូស រួមទាំង​អ្នក​ដែល​ផ្សំគំនិត អ្នកប្រព្រឹត្ត​ផ្ទាល់ គឺ​ត្រូវតែ​គោរព​ច្បាប់ គោរព​បទបញ្ជា​ការពា​រ​ធនធានធម្មជាតិ​ព្រោះ​ធនធាន​របស់​យើង​សម្បូរ​ប៉ុន្តែ​ប់​មកដល់ពេលនេះ​នៅតែមាន​អ្នក​បំផ្លិចបំផ្លាញ​ធនធាន​របស់​យើង​មិនអាច​គង់វង្ស​បានយូរ​អង្វែង​ទេ​។ ខ្ញុំ​សូម​អំពាវនាវ​ទី​១.​គឺ​អ្នកណា​ដែល​ដឹងថា​ខ្លួនឯង​ខុស​ហើយ​ប្រញាប់ ចេញមក​សារភាព​។​ទី​២.​វិធានការ​របស់​សម​ត្ថ​កិច្ច​របស់​គណៈកម្មកា​រ​ជាតិ​ឲ្យ​ស្វែងយល់​អំពី​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​ទាំងអស់ ព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​មិនមែន​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ធ្វើ​ចឹ​ង​ទេ គឺមាន​មនុស្ស​ជា​បុគ្គល សូម​ឲ្យ​បណ្តា​អង្គភាព​បង្កើន​ការយកចិត្តទុកដាក់​អប់រំ​បុគ្គលិក​នៅក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​ក្តាប់ជាប់​តួនាទី​ភារកិច្ច​របស់ខ្លួន ហើយ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​ការពារ​ផលប្រយោជន៍​ជាតិ​ជាធំ កុំ​ឲ្យ​នាំគ្នា​ទៅ​ការពារ​ផលប្រយោជន៍​ជាតិ​ហើយ បែរជា​គិត​ផលប្រយោជន៍​បុគ្គល ហើយ​ទៅ​ប្រព្រឹត្ត​បទល្មើស​…”​។​

​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បន្តថា​ចំពោះ​រាជរដ្ឋាភិបាល​កំពុងតែ យកចិត្តទុកដាក់​ក្នុងការ​ការពារ​បូរ​ភាព​ភាព អធិបតេយ្យ ការពារ​ផលប្រយោជន៍​ជាតិ​ហើយ​មាន​មន្ត្រី​របស់​យើង​ទៅ​ប្រព្រឹត្ត បទល្មើស​ខុសច្បាប់​បែបនេះ នោះ​គឺជា​ការ​ហុច​ដង​ទៅ​ឲ្យ​ពួក​ប្រឆាំង​មានឱកាស​ដើម្បី​វ៉ៃ​ប្រហារ​រាជរដ្ឋាភិបាល​ហើយ​អាច ចាត់ទុកថា​ជា​ខ្មាំង​បង្កប់​ក៏​ថា​បាន​បង្កើត​ទង្វើ​បំផ្លាញ​ជាតិ​ដើម្បី​ទុក​ឲ្យ​អ្នក​ដែល​កំពុងតែ​រក​លេស​បំផ្លិចបំផ្លាញ​សន្តិភាព​គេ​មាន​លេស​ដើម្បី​នឹង​គេ​និយាយ​។​

​ក្រុមការងារ​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រួមមាន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាន​ចាប់ខ្លួន​មេបញ្ជាការ មេបញ្ជាការរង​កងអនុសេនាធំ​ការពារ​ព្រំដែន​លេខ​២​មេបញ្ជាការ​កងអនុសេនាតូច​ការពារ ព្រំដែន​លេខ​២ មេបញ្ជាការរង កងអនុសេនាធំ​ទី​២ យោធា​ការពារ​ព្រំដែន រួមទាំង​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន អូរ​ហ៊ុ​ច និង​មន្ត្រី​មួយចំនួន ពាក់ព័ន្ធ​ករណី​សមគំនិត​ឃុបឃិត​គ្នា​ជាមួយ​ជនជាតិ​វៀតណាម​បើកផ្លូវ​ឲ្យ​ចូលមក​កាប់​ឈើ​ក្នុង​តំបន់ អូរ​ហ៊ុ​ច​ដើម្បី​ដឹកជញ្ជូន​យកទៅ​ប្រទេស​វៀតណាម និង​បទល្មើស​ព្រៃឈើ​នៅតាម​បន្ទាត់​ព្រំដែន​(​អូរ​ហ៊ុ​ច​)​ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជាក់ថា​ខាង​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ​ជា​បន្តទៀត​រក អ្នក​ដែល​នៅ​ពី​ក្រោយខ្នង នៃ​ការប្រព្រឹត្ត​បទល្មើស និង​ស្រាវជ្រាវ​ជនបរទេស​ដែលជា​មេក្លោង​ផ្តល់​ថវិកា​ឲ្យ​និង​ជនបរទេស ដែល​បាន​ឃុបឃិត​ជាមួយ​ឃ​ន​ជាតិខ្មែរ ហ៊ាន​យក​គ្រឿងចក្រ ហ៊ាន​មក​កាប់​ឈើ​នៅក្នុង​ស្រុក​ខ្មែរ​ហើយ​លោក​នឹងធ្វើ កិច្ចការងារ​នេះ​ជាមួយ​ភាគី​ប្រទេសជិតខាង​អំពី​បញ្ហា​ការការពារ​ព្រំដែន ការទប់ស្កាត់​ជាមួយ​បទល្មើស​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​មានដូចជាៈ​
១.​ឈ្មោះ អ៊ុក ណា​ខៃ មេបញ្ជាការ​កងអនុសេនាធំ​ការពារ​ព្រំដែន​លេខ​២,
២.​ឈ្មោះ ឡឹ​ក ញែក មេបញ្ជាការរង កងអនុសេនាធំ​ការពា​រ​ព្រំដែន​លេខ​២ ទទួល​ទិស​អូរ​ហ៊ុ​ច​,
៣.​ឈ្មោះ វ៉ាន់ ច​ន្ធា​រី មេបញ្ជាការ​កងអនុសេនាតូច​ការពារ​ព្រំដែន​លេខ​២ ឈរជើង​នៅ​អូ​ហ៊ុ​ច
៤. ឈ្មោះ លាង ភា​រ័ត្ន មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន អូរ​ហ៊ុ​ច​
៥.​ឈ្មោះ ព្រំ វណ្ណៈ នាយរង​ប៉ុស្តិ៍​អូរ​ហ៊ុ​ច នគរបាល​ការពារ​ព្រំដែន​
៦.​ឈ្មោះ ផាត សុខ​ឡេង នាយរង​ប៉ុស្តិ៍​អូរ​ហ៊ុ​ច នគរបាល​ការពារ​ព្រំដែន​
៧.​ឈ្មោះ អ៊ាង ចាន់​ឌី មេបញ្ជាការរង កងអនុសេនាធំ​ទី​២ យោធា​ការពារ​ព្រំដែន​។​
៨.​ឈ្មោះ ផន សុផល
៩.​ឈ្មោះ ដួង ចាន់​វីរៈ​

​ទាក់ទង​ករណីនេះនៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ នេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ​ដែល​ឃុបឃិត​គ្នា​បង្កើត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុ​ច​ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ដូចតទៅៈ
​ជនជាតិ​វៀតណាម​ចំនួន ២​នាក់ គឺ​ទី​១. ឈ្មោះ ប៉ិក (​គេចខ្លួន​) និង​ទី​២. ឈ្មោះ ជី (​គេចខ្លួន​) និង​បក្ខពួក​ចោទ​ពីបទ​កាប់ ប្រមូល​ដឹកជញ្ជូន​ធនធាន​ម្ម​ជាតិ នាំចេញ​ផល អនុផល​ព្រៃឈើ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលាក់ ។ ចំណែក​ក្នុងនោះ​អយ្យ​ការបន្ត​សម្រេច​ចោទប្រកាន់​ឈ្មោះ​១ . ឈ្មោះ អ៊ុក ណា​ខៃ , ២. ឈ្មោះ​ឡឹ​ក ញែក ,៣. ឈ្មោះ វ៉ាន់ ច​ន្ធា​រី ,៤. ឈ្មោះ លាង ភា​រ័ត្ន ,៥. ឈ្មោះ ព្រំ វ​ណ្ណះ ៦. ឈ្មោះ ផាត់ សុខ​ឡេង ,៧. ឈ្មោះ អ៊ាង ចាន់​ឌី , ៨. ឈ្មោះ ផន សុផល ,៩. ឈ្មោះ ដួង ចាន់​វីរ​: ពីបទ​រួមគំនិត​ក្នុង​អំពើ​នាំចេញ​ផល​អនុផល​ព្រៃឈើ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ធ្វើ​សកម្មភាព​ទាំងឡាយ ណា​ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្តល់​ការអនុញ្ញាត​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ព្រៃឈើ​ជួយ​សម្រួល​ក្នុងការ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​លបលាក់​។ ជនសង្ស័យ​ទាំង​៩​នាក់ ត្រូវបាន​តំណាង​អយ្យការ​ស្នើសុំ​ឃុំខ្លួន​។​
១០. ឈ្មោះ ម៉ែន ធឹ​ម អ្នកបើកបរ​រថយន្ត​របស់​បញ្ជាការ​វិស្វក​ម្ម មិន​ចូលខ្លួន​មក​បំភ្លឺ​ហើយក៏​ត្រូវ​ចោទប្រកាន់​ពីបទ​៖ ចាត់វិធានការ​សំដៅ​រារាំង​ការអនុវត្ត​ច្បាប់​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here