បាល់ទាត់ ៖ ថ្ងៃសៅរ៍នេះមានការប្រកួតពីរគូក្នុងយូរ៉ូ ២០២០ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ហើយយើងនឹងធ្វើការវិភាគជូនទាំងពីរគូតែម្តង។
– សាធារណរដ្ឋឆែក vs ដាណឺម៉ាក (កីឡដ្ឋាន Baku Olympic Stadium ទីក្រុងបាគូ អាហ្សែបៃហ្សង់)
ក្រុមទាំងពីរនេះមិនមែនជាក្រុមទាក់ទាញអ្នកទស្សនាឬជាក្រុមរំពឹងឈ្នះយូរ៉ូទេកាលពីមួយខែមុន ហើយមនុស្សភាគច្រើនលើសលប់ក៏មិនរំពឹងអ្វីច្រើនពីពួកគេនោះដែរ។ ប៉ុន្តែឥឡូវនេះមួយក្នុងចំណោមក្រុមទាំងពីរនេះនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ។
សាធារណរដ្ឋឆែកទទួលបានកញ្ចប់សំណាងនៅថ្ងៃប្រកួតចុងក្រោយខណៈដែលកីឡាករ ម៉ាធីស ដេលីត ត្រូវបានបណ្តេញចេញសម្រាប់ក្រុមហូឡង់ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។
ទន្ទឹមនឹងនេះ ដាណឺម៉ាកបានប្តេជ្ញាចិត្តហើយថានឹងធ្វើឱ្យយុទ្ធនាការប្រកួតនេះក្លាយជារឿងមិនអាចបំភ្លេចបានសម្រាប់កំពូលកីឡាកររបស់ខ្លួន គឺ គ្រីស្ទាន អេរិកសុន។ ទោះបីដំបូងគេបារម្ភថាទម្រង់ប្រយុទ្ធរបស់ក្រុមដាណឺម៉ានឹងលែងមុតស្រួចតទៅទៀតបន្ទាប់ពីបាត់បង់កីឡាករនាំលេងដ៏សំខាន់រូបនេះក៏ដោយ ក៏ប៉ុន្តែរឿងបែបនេះមិនបានកើតឡើងនោះទេ។
ការពិតជាក់ស្តែងមានតែដាណឺម៉ាកតែមួយគត់ដែលស៊ុតចំគោលដៅលើសពី ៦ ដងឡើងទៅនៅរាល់ការប្រកួតទាំងអស់នៅយូរ៉ូមកទល់ឥឡូវនេះ។
ដំណឹងជើងសាធារណរដ្ឋឆែក ៖
ខ្សែប្រយុទ្ធ ផាទ្រីក ស៊ីក អាយុ២៥ឆ្នាំបានស៊ុតចូល៤គ្រាប់ចាញ់តែរ៉ូណាល់ដូ ១ គ្រាប់ប៉ុណ្ណោះ ប៉ុន្តែដោយហេតុថាព័រទុយហ្គាល់ធ្លាក់បាត់ទៅហើយ ដូច្នេះនេះជាឱកាសល្អបំផុត ដែលកីឡាកររូបនេះអាចស៊ុតបង្កើនគ្រាប់បាល់ដើម្បីឈ្នះស្បែកជើងមាស។
គ្រូបង្វឹកលោក ចារ៉ូស្លាវ ស៊ីលហាវី នឹងដាក់ការទុកចិត្តទាំងស្រុងលើខ្សែប្រយុទ្ធមុតស្រួចរូបនេះនៅថ្ងៃនេះ ហើយរំពឹងថាខ្សែបម្រើដ៏ល្អទាំងទ្វេ ថូម៉ាស ស៊ូសេក និង ថូម៉ា ហូឡេស នឹងជួយបញ្ជូនបាល់ឱ្យខ្សែប្រយុទ្ធខ្លួនស៊ុតបំប៉ោងសំណាញ់ដាណឺម៉ាក។
ដំណឹងជើងដាណឺម៉ាក ៖
ប្រធានក្រុម ស៊ីម៉ុន ខាអឺ ត្រូវបានប្តូរចេញនៅប្រកួតវគ្គ១៦ក្រុមចុងក្រោយដោយសាររបួស ហើយនេះជាក្តីបារម្ភធំបំផុតរបស់គ្រូបង្វឹកលោក កាស្ពើ ហូលមែន។
ខ្សែប្រយុទ្ធឡើងជើងទាំងពីរ កាស្ពើ ដូលបឺក និង ម៉ាទីន ប្រេតវេត នឹងចាប់ផ្តើមជម្រើសដំបូងដដែលនៅថ្ងៃនេះ។
ព្យាករណ៍ ៖
ក្រុមទាំងពីរជួបគ្នាលើកចុងក្រោយក្នុងយូរ៉ូ គឺឆែកឈ្នះ ៣-០។
ឆែកតែងស៊ុតចូល២ឬ៣គ្រាប់នៅ៥ប្រកួតចុងក្រោយ ហើយបរាជ័យចុងក្រោយបំផុតរបស់ឆែកគឺចាញ់អង់គ្លេស។ ឆែកថ្ងៃនេះពឹងផ្អែកខ្លាំងទៅលើផាទ្រីក ស៊ីក ដែលមើលទៅមុតស្រួចជាងគេនៅយូរ៉ូឆ្នាំនេះ។
ដាណឺម៉ាកស៊ុតចូល៤គ្រាប់ឬច្រើនជាងនេះនៅពីរប្រកួតចុងក្រោយ ប៉ុន្តែអវត្តមានប្រធានក្រុមនៅថ្ងៃនេះជាការវាយសំពងយ៉ាងខ្លាំងលើស្មារតីក្រុម បន្ទាប់ពីបាត់បង់ខ្សែបម្រើអេរិកសុន ដោយសារគាំងបេះដូង។
ដោយក្រុមទាំងពីរលេងបុកដូចគ្នា យើងរំពឹងមានគ្រាប់បាល់ស៊ុតចូលគ្នាទៅវិញទៅមក ប៉ុន្តែលទ្ធភាពឈ្នះនឹងបានទៅលើឆែកច្រើនជាង។
លទ្ធផលព្យាករណ៍ ឆែកឈ្នះ ២-១។
– អ៊ុយក្រែន vs អង់គ្លេស (កីឡដ្ឋាន Stadio Olimpico ទីក្រុងរ៉ូម អ៊ីតាលី)
ក្រុមទាំងពីរនឹងព្យាយាមបង្កើតប្រវត្តិសាស្ត្រនៅទឹកដីអ៊ីតាលីនៅថ្ងៃនេះ។ អង់គ្លេសនឹងព្យាយាមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តយូរ៉ូជាលើកទីពីរ ចំណែកអ៊ុយក្រែនសង្ឃឹមបង្ហាញខ្លួនលើកដំបូងនៅវគ្គ៤ក្រុមចុងក្រោយនៃយូរ៉ូ។
អង់គ្លេសបានឡើងមកវគ្គ ១/៤ ផ្តាច់ព្រ័ត្រក្រោយផ្តួលអាល្លឺម៉ង់។ ជ័យជម្នះ ២-០ នេះពិតជាអស្ចារ្យនិងស័ក្តិសមទទួលបានណាស់ ព្រោះកូនក្រុមរបស់លោកសៅហ្គេតបានគ្រប់គ្រងលើការប្រកួត បន្ទាប់ពីលេងភ័យៗ ១០ នាទីដំបូង។
អង់គ្លេសមានឱកាសស៊ុតតិចជាងអាល្លឺម៉ង់ ប៉ុន្តែអង់គ្លេសចេះឆក់ឱកាសទាំងនោះស៊ុតចូលទីបានសម្រេច ចំណែកឯអាល្លឺម៉ង់បានចាក់ចោលឱកាសទាំងអស់ ជាពិសេសពេលដែលមូលល័រ ហាវើត និងវើនន័រ ស៊ុតខុសគោលដៅរាប់ភ្លេច។
រ៉ាហ៊ីម ស្ទើលីង ដែលរកបានគ្រាប់បាល់បើកឆាកឱ្យអង់គ្លេសនោះ ឥឡូវស៊ុតបាន ៣ គ្រាប់ពី ៤ ប្រកួត ខណៈទីបំផុត ហារី ខេន បានស៊ុតចូល១គ្រាប់ឱ្យអង់គ្លេស ហើយគេរំពឹងថានឹងមានគ្រាប់បាល់ជាបន្តបន្ទាប់ទៀតពីប្រធានក្រុមអង់គ្លេសរូបនេះ។
គិតមកទល់ពេលនេះ អង់គ្លេសនៅតែជាក្រុមតែមួយគត់ដែលរបូតគ្រាប់បាល់តែ១គត់នៅយូរ៉ូ។ អ្វីដែលរឹតតែអស្ចារ្យ គឺ កូនក្រុមរបស់លោក ហ្គារ៉េត សៅហ្គេត ឈរនៅលេខ១ក្នុងនាមជាក្រុមដែលផ្តល់ឱកាសស៊ុតតិចបំផុតដល់គូប្រជែង។
អ៊ុយក្រែនឡើងមកដល់វគ្គនេះមិនងាយស្រួលទេ ដោយយកឈ្នះស៊ុយអែតទាំងវេទនាបំផុត ហើយគួបផ្សំនឹងសំណាងនិងបច្ចេកទេសផង ពួកគេបានយកឈ្នះស៊ុយអែតនៅចុងបញ្ចប់នៃនាទី១២០។
កីឡាករ ហ្ស៊ីនឆិនកូ របស់ក្រុម Manchester City គឺជាកីឡាករឆ្នើមប្រចាំការប្រកួតនោះ ព្រោះរូបគេស៊ុតគ្រាប់បាល់ដំបូងឱ្យក្រុម មុនពេលបង្កើតឱកាសស៊ុតគ្រាប់បាល់ជ័យជម្នះចុងម៉ោងដល់កីឡាករ អាតឹម ដូវប៊ីក នៅវគ្គបន្ថែមម៉ោង១៥នាទី២ដង។
អ៊ុយក្រែនឡើងមកដល់វគ្គ១/៤ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាចចាត់ទុកថាបានសំណាងជួយច្រើនជាង ក្រោយកីឡាករស៊ុយអែត ម៉ាកូស ដានីញែលសុន ទទួលបានកាតក្រហមនៅវគ្គទីមួយនៃការបន្ថែមម៉ោង៣០នាទី ជាហេតុផ្តល់ប្រៀបឈ្នះទាំងស្រុងដល់អ៊ុយក្រែន។
ដំណឹងជើងអ៊ុយក្រែន ៖
កីឡាករ អាតឹម បេសេឌីន បានរងរបួស ហើយរបួសនេះហើយជាបច្ច័យធ្វើឱ្យកីឡាករស៊ុយអែតដានីញែលសុនទទួលបានកាតក្រហម ហើយថ្ងៃនេះរូបគេនឹងអវត្តមាន។
កីឡាករសំខាន់ពីរនាក់ទៀត គឺ ដេនី ប៉ូប៉ូវ និង អូឡេកសាន់ឌឺ ហ្សូបកូវ នឹងអវត្តមានដោយសាររបួស។
កីឡាករ អេនឌ្រី យ៉ាម៉ូលេនកូ បានដើរប៉ាំងខ្ញើកពេលលេងទល់នឹងស៊ុយអែត ប៉ុន្តែរូបគេរំពឹងលេងបាននៅថ្ងៃនេះ។ ដូវប៊ីក ដែលស៊ុតចូលគ្រាប់ជ័យជម្នះ អាចនឹងជាប់ជម្រើសដំបូងចាប់ដៃគូជាមួយកីឡាករ យ៉ារ៉េមឆាក់។
ដំណឹងជើងអង់គ្លេស ៖
លោកហ្គារ៉េត សៅហ្គេត កំពុងបារម្ភអំពីរបួសរបស់កីឡាករ កេរ៉ាន់ ទ្រីបព្យែរ និង ដេក្លាន រ៉ាយ ពេលឈ្នះអាល្លឺម៉ង់។ ប៉ុន្តែអង់គ្លេសមិនខ្វះកីឡាករល្អចាំជំនួសពួកគេនោះឡើយ។
ថ្ងៃនេះម៉ាសុន ម៉ោននឹងវិលចូលជម្រើស១១នាក់វិញ ក្រោយធ្វើចត្តាឡីស័ករួចរាល់។
ព្យាករណ៍ ៖
និយាយពីជំនួបផ្លូវការ ៧ លើកចុងក្រោយ អង់គ្លេសឈ្នះ ៤ អ៊ុយក្រែនឈ្នះ១ និងស្មើ២ដង។ ជួបគ្នាចុងក្រោយក្នុងវគ្គជម្រុះវើលខាប់២០១២-១៣ ក្រុមទាំងពីរស្មើគ្នាទាំងពីរលើក។
អង់គ្លេសថ្ងៃនេះមានប្រៀបជាងអ៊ុយក្រែនទាំងប្រវត្តិនិងទម្រង់លេង។ ស្ទើលីងនិងហារីខេនរំពឹងរកគ្រាប់បានយ៉ាងតិចម្នាក់១គ្រាប់នៅថ្ងៃនេះ ហើយដោយមានកីឡាករម៉ោនចូលមកពង្រឹងក្រុម យើងរំពឹងអង់គ្លេសលេងរស់រវើកនៅតំបន់បម្រើ។
អ៊ុយក្រែនអវត្តមានកីឡាករសំខាន់ៗច្រើនណាស់ដោយសាររបួស ហើយពួកគេច្បាស់ជាលេងទប់អង់គ្លេសតាំងពីដើមតង់។ ក្នុងករណីអង់គ្លេសស៊ុតនាំមុខមុន១ឬ២ យើងរំពឹងមានគ្រាប់បាល់ធ្លាយជាបន្តបន្ទាប់នៅតំបន់ការពាររបស់អ៊ុយក្រែន ព្រោះពួកគេមិនអាចបន្តបិទយកចាញ់នោះទេ។
លទ្ធផលព្យាករណ៍ អង់គ្លេសឈ្នះច្រើនគ្រាប់៕
ប្រភព : រស្មីកម្ពុជា