ត្រីប៉ាវ៉ាមុខពីរ ដែលប្រជាពលរដ្ឋនៅបណ្តាខេត្តតាមទន្លេមេគង្គលើស្គាល់យ៉ាងច្បាស់នោះ មានតម្លៃនៅលើទីផ្សារមិនធម្មតានោះទេ ហើយប្រជាពលរដ្ឋដែលមានជីវភាពល្មមៗ ក៏មិនហ៊ានទិញពិសារដែរ ព្រោះវាមានតម្លៃថ្លៃ ដោយក្នុង១គីឡូ ចាប់ពី ១២០ ០០០រៀល ទៅ ១៥០ ០០០រៀល ហើយពពួកត្រីប្រភេទនេះ កាន់តែធំកាន់តែថ្លៃ។
នៅក្នុងសៀវភៅត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីលក្ខណៈជីវសាស្ត្ររបស់ត្រីប៉ាវ៉ាមុខពីរនេះ ដោយមានឈ្មោះវិទ្យាសាស្ត្រ Bangana behri ជាប្រភេទត្រីទឹកសាប ដែលមានវត្តមានតែនៅតំបន់មេគង្គលើតែប៉ុណ្ណោះ គឺមាននៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ពួកវាជាប្រភេទត្រីដែលធ្វើចរាចរណ៍ជាហ្វូងចូលទៅក្នុងអូរនៅរដូវវស្សា ហើយពងកូនចាប់ពី ខែមិថុនា ដល់ ខែសីហា នៅតំបន់ទឹកជួរ និងព្រៃលិចទឹក។ ចំណីអាហាររបស់ពួកវា មានដូចជាប្លង់តុង និងសត្វល្អិតក្នុងទឹក ហើយគេចាប់វាបានដោយឧបករណ៍នេសាទមានដូចជា លប សំណាញ់ និងមង។
បងស្រីម្នាក់ដែលជាអ្នកលក់ត្រីនៅខេត្តស្ទឹងត្រែង ដែលសុំមិនបញ្ចេញឈ្មោះ ដោយបញ្ជាក់ត្រឹមជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះត្រីទន្លេស្ទឹងត្រែង បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា តាមទូរស័ព្ទថា ៖ “ត្រីប៉ាវ៉ាមុខពីរនេះ មានតម្លៃថ្លៃគួរសម ដោយត្រីដែលមានទំងន់ចាប់ពីមួយគីឡូឡើង អាចលក់ចេញបានក្នុងតម្លៃប្រហែល១២ម៉ឺនរៀល ក្នុងមួយគីឡូ ហើយបើត្រីនោះកាន់តែធំ គឺតម្លៃអាចដល់១៥ម៉ឺលរៀលក្នុងមួយគីឡូ ហើយជាទូទៅត្រីដែលខ្ញុំលក់ គឺបានទិញបន្តពីអ្នកនេសាទផ្ទាល់ ដែលអាចមានទម្ងន់ពី ៤គីឡូ ទៅ ៥គីឡូ ហើយជាទូទៅអ្នកដែលទិញគឺយកទៅស្ងោរជ្រក់ ឬចំហុយ ដែលជាមុខម្ហូបត្រូវជាងគេរបស់ត្រីប៉ាវ៉ាមុខពីរនេះ”។
បងស្រីបានបន្ថែមថា ដោយសារតែក្នុងខែនេះគឺជារដូវបិទនេសាទ ដូច្នេះហាងរបស់បងស្រីពុំសូវមានត្រីលក់ដូចរាល់ដងនោះទេ ហើយចាប់ពីខែវិច្ឆិកាទៅ ទើបសម្បូរត្រីលក់ឡើងវិញ ព្រោះជារដូវបើកការនេសាទ។
ពាក់ព័ន្ធនឹងត្រីប៉ាវ៉ាមុខពីរនេះដែរ លោក គង់ ចាន់ធី ប្រជានេសាទនៅស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ បានឱ្យ AKP ដឹងផងដែរថា ត្រីប៉ាវ៉ាមុខពីរនេះ ក្នុងមួយឆ្នាំត្រូវចំនួន២ដង គឺក្នុងចន្លោះខែមេសា-ឧសភា និងវិច្ឆិកា ជាពិសេសគឺនៅក្នុងខែវិច្ឆិកា ដែលពួកវាបានឡើងមកជាមួយនឹងត្រីប៉ាវ៉ាមុខមួយ និងត្រីប៉ាសេអ៊ី ហើយជាប្រភេទត្រីធំៗ ហើយដែលមានតម្លៃក្នុងទីផ្សារខ្ពស់។ លោក គង់ ចាន់ធី បានបញ្ជាក់ថា ៖ “ពពួកត្រីនេះ ក្នុងមួយឆ្នាំយើងនេសាទត្រូវ២ដង ព្រោះពួកវាតែងតែឡើងមកពងកូននៅតំបន់មេគង្គលើ ហើយមានម្តងនោះ ខ្ញុំនេសាទបានត្រីប៉ាវ៉ាមុខពីរនេះ ដែលមានទម្ងន់ប្រមាណ ៨គីឡូក្រាមឯណោះ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រភេទត្រីធំៗ និងគីឡូធ្ងន់ៗ ហើយទិន្នផលត្រីដែលនេសាទបាន គឺពុំសូវសម្បូរដូចមុនទេ នេះក៏ដោយសារតែរបបទឹកទន្លេមេគង្គមិនទៀងទាត់ ដែលបណ្តាលមកពីការកសាងទំនប់វារីអគ្គិសនីមួយចំនួន នៅប៉ែកមេគង្គលើ”។
ជាទូទៅបិទរដូវនេសាទ គឺត្រូវបែងចែកនៅតាមទីតាំង និងតាមពេលវេលាដែលកំណត់មានដូចជា ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា បិទនេសាទចំពោះដែននេសាទដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ដែលមានខេត្ដទាំងអស់ជុំវិញបឹងទន្លេសាប និងតាមបណ្ដាតំបន់មួយចំនួន ដូចជាកំពង់ចាម ក្រចេះ ត្បូងឃុំ មណ្ឌលគិរី រតនគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្ដាល ផ្នែកខាងជើងចតុមុខ។ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា បិទនេសាទចំពោះដែននេសាទ ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ មានរាជធានីភ្នំពេញ ផ្នែកខាងត្បូងចតុមុខ ខេត្តកណ្ដាល ព្រៃវែង កំពង់ស្ពឺ ស្វាយរៀង និងខេត្តតាកែវ។ ប៉ុន្តែការនេសាទ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍សម្រាប់តែការនេសាទលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធនធានជលផលឱ្យបានគង់វង្ស។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ បានបញ្ជាក់ពីលក្ខណៈសម្គាល់របស់ត្រីប៉ាវ៉ាមុខពីរថា ពួកវាជាប្រភេទត្រីដែលគ្មានព្រុយទ្រនុងរឹង តែមានទ្រនុងទន់ពី ១២ ទៅ ១៣។ មានបបូរមាត់លើ និងបបូរមាត់ក្រោម ហើយមានគន្លាក់ខ្លាំងនៅចន្លោះភ្នែក និងច្រមុះ ដែលធ្វើឱ្យត្រីនេះ មើលមួយភ្លែតដូចជាមានមុខពីរ ហើយតាមតំបន់ខ្លះត្រីនេះ ត្រូវបានហៅថា ត្រីមុខបាក់។ ពួកវាជាប្រភេទត្រីមានស្រកា ហើយមានប្រវែងវែងបំផុត ៦០សង់ទីម៉ែត្រ។ ដោយឡែកត្រីមេពូជតែងតែចរាចរទៅទន្លេស្រែពក ទន្លេសេសាន និងទន្លេសេកុងដែលនៅប៉ែកខាងលើ (ទន្លេស៣) ដើម្បីពងកូន ហើយនៅពេលដែលកូនញាស់ហើយ កូនត្រីទាំងនោះនឹងចរាចរមកប៉ែកខាងស្ទឹងត្រែង និងក្រចេះវិញ។
ត្រីប៉ាវ៉ាមុខពីរនេះ ក៏មានលក្ខណៈពិសេសផងដែរ ដោយវាជាប្រភេទត្រីដែលផ្លាស់ប្តូររូបរាង និងពណ៌សម្បុរជាបន្តបន្ទាប់គឺតាំងពីនៅតូច រហូតដល់ចាស់។ លោក ថាច់ ផាណារ៉ា បានបញ្ជាក់ថា ៖ “ត្រីនេះកាលនៅតូចវាមានរូបពណ៌ក្រម៉ៅ ហើយមុខមិនសូវប៉ាក់នោះទេ ដល់រៀងជំទង់បន្តិច គឺចាប់ពី ៣គីឡូ ទៅ ៤គីឡូ វាចាប់ផ្តើមមានពណ៌ត្នោត ហើយមុខក៏បាក់មធ្យម ហើយនៅពេលដែលវាចាស់ខ្លាំងតែម្តង គឺមានពណ៌លឿងត្នោត ហើយមុខក៏ចាប់ផ្តើមបាក់កាន់តែខ្លាំងផងដែរ”។
ពាក់ព័ន្ធនឹងការងារអភិរក្ស ក៏ដូចជាការធានានូវនិរន្តរភាពផលស្តុកត្រីទៅថ្ងៃអនាគត លោក ថាច់ ផាណារ៉ា បានសំណូមពរដល់ប្រជានេសាទ ក៏ដូចជាសហគមន៍នេសាទ ទី១ សូមដាច់ខាត កុំនេសាទក្នុងរដូវហាមឃាត់នេសាទ ទី២ កុំដាក់លូស្បៃមុងនៅរដូវត្រីពងកូន ចាប់ពីខែមិថុនា ដល់ខែតុលា ទី៣ សូមកុំចាប់ត្រីមេពូជ នៅតំបន់អភិរក្ស ឬអាងទន្លេមេគង្គ ដែលមានអន្លង់ជ្រៅៗ ទី៤ សូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ គ្រាប់បែក ស្បៃមុង។ល។
ត្រីប៉ាវ៉ាមុខពីរ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែង (VU) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES)៕
ប្រភព : ក្រសួងព័ត៌មាន