ស្ទឹងត្រែង: ស្ត្រីម្នាក់បានធ្វើអត្តឃាត ដោយចង ក ខ្លួនឯង ហើយត្រូវប្ដីប្រទះឃើញ នៅវេលាម៉ោងជាង ២ ទៀបភ្លឺ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថាៈ សពស្ត្រីដែលធ្វើអត្តឃាត ឈ្មោះ សៃ ម៉ាប់ អាយុ១៨ឆ្នាំ មានប្ដីឈ្មោះ ឌឹម ដេត អាយុ២៥ ឆ្នាំ មិនទាន់មានកូន រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ច បានប្រាប់ទៀតថាៈ ទីតាំងកន្លែងកើតហេតុ ផ្ទះតៀមផ្ទាល់ដី ទំហំ ៥,១០ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ក្នុងបន្ទប់មានគ្រែមួយ សពត្រូវបានប្ដី ស្រាយក្រមាទម្លាក់ចុះ នៅវេលាម៉ោង ២ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២១។
បើតាមសម្ដីប្ដី បានប្រាប់សមត្ថកិច្ចថា ប្រពន្ធខ្លួន បានយកក្រមា ពណ៌ស ទៅចងនឹងធ្នឹមផ្ទះ ក្បែរបន្ទប់គ្រែដេក។
ឆ្លងតាមការត្រួតពិនិត្យបន្ទប់កើតហេតុ និងលើសរីរាង្គនៃសព មន្ត្រីផ្នែកជំនាញ និងលោកវេជ្ជបណ្ឌិត ហុងហៃ បានសន្និដ្ឋានថា ស្ត្រីនេះ ស្លាប់ដោយថប់ផ្លូវដកដង្ហើមលើ (ចង ក) ។ មូលហេតុ បណ្ដាលមក ពីមានទំនាស់ ពាក្យសម្ដីគ្នា ពីពេលល្ងាច ដោយប្ដីខឹងប្រពន្ធ លេងហ្វេសប៊ុក។
ក្រោយពីពិនិត្យសពរួច លោក យូ ណារិទ្ធ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តស្ទឹងត្រែង បានអនុញ្ញាតឲ្យប្រគល់ សាកសពជូនទៅលោក បៃ សៃ និងលោកស្រី រុំ អ៊ិត ត្រូវជាឪពុកម្ដាយ យកទៅធ្វើបុណ្យ នៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ចំណែកប្តីរបស់អត្តឃាតជន សមត្ថកិច្ច បានឃាត់ខ្លួន សួរបំភ្លឺ បន្ទាប់ពីរកពុំឃើញភស្តុតាង ដើម្បីដាក់បន្ទុក សមត្ថកិច្ច ក៏បានឲ្យត្រឡប់ទៅផ្ទះវិញ៕
ប្រភព : រស្មីកម្ពុជា