ប៉ែន សុគង់ ប្តេជ្ញាបំបែកកំណត់ត្រាខ្លួនឯង ក្នុងអូឡាំពិកហ្គេម នៅជប៉ុន

0
161

CAMSOC-ភ្នំពេញ៖ កីឡាករជម្រើសជាតិអត្តពលកម្ម ប៉ែន សុគង់ បានប្តេជ្ញាចិត្តខ្ពស់ថានឹងប្រឹងប្រែងឲ្យកម្លាំងកាយចិត្ត ដែលខ្លួនមាន ដើម្បីបំបែកកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង នៅក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែលគ្រោងដំណើរការជាផ្លូវការពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។

កីឡាករ ប៉ែន សុគង់ លើកឡើងថា «នេះជាលើកដំបូងរបស់ខ្ញុំ ដែលនឹងត្រូវចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលមានរៀងរាល់៤ឆ្នាំម្តងនេះ ហើយក៏ជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុត ក្នុងពិភពលោក ប៉ុន្តែអ្វីដែលសំខាន់ គឺខ្ញុំមានការតាំងចិត្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាព បច្ចេកទេសទាំងអស់ ដែលធ្លាប់ហ្វឹកហាត់ ដើម្បីឲ្យស័ក្តិសមនឹងការផ្តល់ឱកាស ការលើកទឹកចិត្ត ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា»។

កីឡាករដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រូបនេះ កំពុងបង្កើនការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដោយហ្វឹកហាត់ក្នុង១ថ្ងៃរយៈពេលពី៤ ទៅ៥ម៉ោង និងហាត់៥ថ្ងៃកន្លះ ក្នុង១សប្តាហ៍ ដោយផ្តោតលើការហ្វឹកហាត់មូលដ្ឋានបច្ចេកទេសកម្លាំងកាយសម្បទា រត់ល្បឿនជាដើម។ ប៉ែន សុគង់ បន្ថែមទៀតថា «បើទោះបីជាលទ្ធផលនៅក្នុងការប្រកួតកម្រិតពិភពលោកនេះ ទទួលបានក្នុងកម្រិតណាក៏ដោយ ក៏ខ្ញុំនៅតែសម្រួចគោលគោលដៅដោយខិតខំបំបែកកំណត់ត្រា សិទ្ធផលខ្លួនឯងដែរ ហើយការខិតខំនេះ ក៏ដូចជាការត្រៀមលក្ខណៈត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងស៊ីហ្គេម នៅប្រទេសវៀណាម នាចុងឆ្នាំ២០២១ ជាពិសេសគឺគោលដៅត្រៀមឆ្ពោះទៅប្រកួតប្រជែងការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ផងដែរ»។

កីឡាករអត្តពលកម្ម ប៉ែន សុគង់ ដែលត្រៀមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ មានសិទ្ធផល ក្នុងពេលហ្វឹកហាត់សម្រេចបានក្នុងថិរវេលា ១០.៨៧វិនាទី។ កីឡាករអត្តពលកម្មរបស់កម្ពុជារូបនេះក៏ធ្វើសម្រេចក្នុងថិរវេលា ១០.៨៧វិនាទី ដែរ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដែលលើកនេះលោកធ្វើបានល្អជាង ស៊ីហ្គេម ឆ្នាំ២០១៧ ដែលខ្លួនបានចូលរួមជាលើកដំបូង។

ជាកីឡាករ ដែលបច្ចុប្បន្នមានវ័យ២៨ឆ្នាំរូបនេះបានចូលរួមហ្វឹកហាត់កីឡាអត្តពលកម្មដំបូងកាលពីឆ្នាំ២០១៤ ហើយបានជាប់ជាកីឡាករជម្រើសជាតិអត្តពលកម្មរបស់កម្ពុជា កាលពីឆ្នាំ២០១៥ រហូតដល់ពេលបច្ចុប្បន្ន។ កីឡាករ ដែលមានការតស៊ូ ក្រាញននៀលនឹងការហ្វឹកហាត់ និងការប្រកួតប្រកបដោយស្មារតីទទួលខុសត្រូវរូបនេះ បានលើកឡើងថា អ្វីដែលខ្លួនកំពុងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាបែបនេះ គឺអាស្រ័យដោយការ លើកទឹកចិត្ត ការផ្តល់កម្លាំងចិត្តគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរអត្តពលកម្ម ក្នុងគោលដៅប្រកួតប្រជែងដើម្បីជាតិមាតុភូមិ ព្រមទាំងគោលដៅជីវិតរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here