បក្សកុម្មុយនិស្តចិនបានបង្កើតអព្ភូតហេតុដ៏អច្ឆរិយធំៗចំនួនពីរ ក្នុងរយ:ពេល១០០ឆ្នាំនេះ

0
329

នាព្រឹកថ្ងៃទី១ កក្កដា ២០២១នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា គិតដល់ថ្ងៃទី១ កក្កដា គឺជាខួប១០០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្តចិន ហើយក៏ជារយៈពេលជាង៧០ឆ្នាំ នៃការដឹកនាំរបស់សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងរយៈពេលកន្លងមកនេះ គណបក្សកុម្មុយនិស្តចិនបង្កើតបាននូវអព្ភូតហេតុដ៏អច្ឆរិយធំៗសំខាន់ចំនួនពីរ គឺសេដ្ឋកិច្ចចិនរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំង ការរក្សាបាននូវស្ថិរភាពសង្គមយូរអង្វែង។

លោកបណ្ឌិតបានបន្ថែមទៀតថា ថ្ងៃនេះក៏ជាសក្ខីភាពបញ្ជាក់ឲ្យពិភពលោកបានឃើញថា ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន ប្រទេសចិនបានចូលរួមយ៉ាងសកម្មភាព ក្នុងការលើកកម្ពស់ពហុភាគីនៅក្នុងសេដ្ឋកិច្ចពិភពលោក និងជាកម្លាំងចលករថ្មីនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព។

លោកបណ្ឌិតបានបន្តទៀតថា ថ្ងៃទី១ កក្កដា ២០២១ ក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន ដែលជាស្នូលនៃសង្គមនិយមតាមបែបផែនប្រទេសចិន បានផ្តល់ជូនដល់ជីវភាពរស់នៅយ៉ាងសមរម្យ និងថ្លៃថ្នូរជូនដល់ប្រជាជនចិន ដែលជាប្រជាជនមានចំនួនច្រើនជាងគេបង្អស់នៅក្នុងពិភពលោក គឺជាអម្រែកយ៉ាងធ្ងន់ដែលគណបក្សកុម្មុយនិស្តចិនបានរែកនិងជួយរំលែកពីស្មារបស់ពិភពលោក ដោយលោកបណ្ឌិតបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រជាជនចិនបានរួចចាកផុតពីភាពក្រីក្រ និងបានរស់នៅក្នុងជីវភាពសមរម្យជាទីបំផុត។

បើតាមលោកបណ្ឌិត សម្រាប់ឆ្នាំ២០២១ ដែលជាខួបមួយសតវត្សរ៍នៃការបង្កើតបក្សកុម្មុយនិស្តចិន លោកបណ្ឌិតបានវាយតម្លៃខ្ពស់ថា បក្សកុម្មុយនិស្តចិនគឺជាគណបក្សយោបាយដ៏អស្ចារ្យមួយសម្រាប់ប្រទេសចិន និយាយដោយឡែក សម្រាប់ពិភពលោក និយាយជារួម។ នេះមិនត្រឹមតែជាភ័ព្ទសំណាងសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ប្រជាជនពិភពលោកផងដែរ។ ចាប់តាំងមានការធ្វើកំណែទម្រង់និងការបើកចំហររបស់ចិនមក ផែនការនានាដែលត្រូវបានបង្កើតអស់ជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ ជាជំហានៗ។ មនុស្សជាតិទាំងអស់កំពុង​សាទរដល់បក្សកុម្មុយនិស្តចិន ក្នុងការបញ្ចប់យ៉ាងរលូន នៅក្នុងពេលឆាប់ៗនេះ នូវការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

គួរបញ្ជាក់ថា មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានបើកធ្វើយ៉ាងឱឡារិក នៅទីលានធានអានមិនក្រុងប៉េកាំង នៅព្រឹកថ្ងៃទី ១ ខែកក្កដា ២០២១ តាមម៉ោងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញជាអធិបតី និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here