WHO៖ «ប្រទេសឥណ្ឌារ៉ាប់រងជិត៤០% នៃចំនួនករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កាលពីសប្តាហ៍មុន»

0
62

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានបន្តកើនឡើង ០៩សប្តាហ៍ជាប់ៗគ្នាមកហើយ ខណៈកាលពីរយៈពេលពេញមួយសប្តាហ៍មុន ៣៨ភាគរយនៃករណីឆ្លងដែលត្រូវបានរាយការណ៍ ឬស្មើនឹង ២,១៧២,០៦៣ករណី គឺស្ថិតនៅក្នុងប្រទេសឥណ្ឌាតែមួយប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។

ក្នុងសប្តាហ៍កន្លងទៅ មនុស្សសរុបដល់ទៅ ១៥,១៦១នាក់ ក៏បានបាត់បង់ជីវិតដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌាផងដែរ។ អង្គការ WHO បានលើកឡើងថា ស្ថានការណ៍ឆ្លងរាលដាលដ៏អាក្រក់បំផុត នៅក្នុងប្រទេសឥណ្ឌា គឺត្រូវបានជំរុញដោយវីរុសបំប្លែងថ្មី B1617 ដែលត្រូវគេជឿជាក់ថា ឥឡូវកំពុងមានវត្តមាននៅក្នុងប្រទេសចំនួន ១៧ រួមទាំងសិង្ហបុរី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ចុងក្រោយពី WHO ករណីឆ្លងនៅទូទាំងពិភពលោកកាលពីសប្តាហ៍មុន គឺប្រហាក់ប្រហែលនឹងករណីឆ្លង នៅទូទាំងពិភពលោកកំលុង ០៥ខែដំបូងនៃការផ្ទុះឡើងនូវ COVID-19។ ជាមួយគ្នានេះ WHO ក៏បានកត់សម្គាល់ឃើញ ការបន្តកើនឡើង ០៦សប្តាហ៍ជាប់ៗគ្នា នៃចំនួនករណីស្លាប់ដោយសារ COVID-19 នៅតំបន់អាស៉ីអាគ្នេយ៍ និងភាគខាងកើតតំបន់មេឌីទែរ៉ាណេផងដែរ ខណៈតួលេខមនុស្សស្លាប់នៅកន្លែងដទៃទៀត បានថយចុះបន្តិចបន្តួច ដូចជានៅអាមេរិកខាងជើង និងអឺរ៉ុបជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here