ដឹង​ការពិតហើយ ពី​ការស្លាប់​របស់​កុមារី អាយុ​ជាង ២​ឆ្នាំ នៅ​ខណ្ឌមានជ័យ គឺ​ដោយសារ​ឪពុកចុង វាយ​ធ្វើបាប​ព្រៃផ្សៃ​

0
662

ភ្នំពេញ​៖ ករណី​ក្មេងស្រី អាយុ​ជាង ២​ឆ្នាំ​ម្នាក់ ដែល​ឪពុកចុង អះអាងថា ខ្លួន​បាន​រអិល​ជើង ដួល​សង្កត់​លើ​កូន បណ្ដាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង ១ និង​១៥​នាទី​រសៀល ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ នៅផ្ទះ​ជួល​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពេលនេះ​ដឹង មូលហេតុ ការពិតហើយ គឺជា​ករណី​ឃាតកម្ម (​វាយ និង​យក​ជង្គង់ អុក​លើ​ដើមទ្រូង​)​។​

​យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ មានឈ្មោះ នន ស្រី​និ​ច អាយុ ២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ​ភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ រីឯ​ជនសង្ស័យ ជា​ឪពុកចុង មានឈ្មោះ សុខ រដ្ឋា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​របាយការណ៍​ដដែល បានបញ្ជាក់​ទៀតថា មុនពេល​កើតហេតុ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ជនរងគ្រោះ និង​ជនសង្ស័យ បាន​នៅក្នុង​បន្ទប់​ផ្ទះជួល កន្លែង​កើត ហេតុ តែ​ពីរ​នាក់ ។ ពេលនោះ ជនរងគ្រោះ បាន​វាយ​ក្បាល និង​យក​ជើងធូប ចាក់​ភ្នែក ហើយ​ជនសង្ស័យ ខឹង ក៏បាន​ចាប់​ជនរងគ្រោះ វាយ​ខ្លួនប្រាណ និង​យក​ជង្គុង អុក​លើ​ដើមទ្រូង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​។ ក្រោយមក ជនសង្ស័យ ក៏បាន​នាំ ជនរងគ្រោះ ទៅ​ឲ្យ​ជីតា របស់​ជនរងគ្រោះ ឈ្មោះ ម៉ី ថុល ដោយ​ភូត​ថា រូបគេ​បាន រអិល​ជើង​ដួល ក្នុង​បន្ទប់ទឹក​សង្កត់ លើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។ បន្ទាប់មក ជីតា​របស់​ជនរងគ្រោះ ក៏បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​។​

​ភ្លាមៗ​នោះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ស្ទឹងមានជ័យ​២ បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​ការិយាល័យ នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ចុះមក​ត្រួតពិនិត្យ សព​ជនរងគ្រោះ ឃើញ​មាន​ស្នាម​ជាំ ខ្លួនប្រាណ​ជាច្រើន​កន្លែង មិនអាច​រអិល​ជើង ដួល​សង្កត់​លើ ដូច​ការអះអាង របស់​ជនសង្ស័យ​នោះទេ ។​

​បន្ទាប់មក សមត្ថកិច្ច ក៏បាន​នាំខ្លួន ជនសង្ស័យ ទៅ​សាកសួរ នៅ​ស្នាក់ការ​នគរបាល ប៉ុស្តិ៍​ស្ទឹងមានជ័យ​២ អស់​រយៈពេល​យ៉ាងយូរ ទើប​ជនសង្ស័យ ព្រមឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​វាយ និង​យក​ជង្គង់ អុក​លើ​ដើមទ្រូង ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់ ពិតប្រាកដ​មែន​។​

​សូមបញ្ជាក់ថា ជុំវិញ​ករណីនេះ អង្គការ​ការពារ​កុមារ (CPU) មន្ត្រី​ជំនាញ​កោសល្យ វិច័យ និង​ស៊ើបអង្កេត នៃ​ប្រទេស​អូស្ត្រាលី ក៏បាន​ចុះមក​ពិនិត្យ សព​ជនរងគ្រោះ ហើយ​បាន​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម វាយ និង​យក​ជង្គង់​អុក លើ​ដើមទ្រូង បណ្ដាល​ឲ្យ​ស្លាប់ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន បុរស​ជា​ជនសង្ស័យ ខាងលើ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​ចាត់ការ តាមផ្លូវ​ច្បាប់​។ រីឯ​សព​ជនរងគ្រោះ ប្រគល់​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here