ខ្លាឃ្មុំធំ ត្រូវចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN មានវត្តមាននៅដែនជម្រកសត្វព្រៃកម្ពុជា

0
307

(ភ្នំពេញ)៖ ខ្លាឃ្មុំធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុងប្រភេទសត្វកម្រ និងជិតផុតពូជ (តាមច្បាប់ស្តីពីព្រៃឈើ របស់កម្ពុជា) និងត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ (VU) នៅក្នុងបញ្ជីក្រហម IUCN ហើយត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។ មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។

ខ្លាឃ្មុំធំ រស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមាន៖ ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។

ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំនីចម្រុះរួមមានរុក្ខជាតិ និងសត្វ។ ខ្លាឃ្មុំធំ អាចចាប់ផ្តើមបង្កកំណើតនៅអាយុពី៤ទៅ៥ឆ្នាំ ជាទូទៅធ្វើការបង្កាត់ពូជនៅកំឡុងពីខែមិថុនា-កក្កដា ហើយបង្កើតកូននៅកំឡុងខែវិច្ឆិកា-មីនា និងជាទូទៅបង្កើតកូនម្តងបានពី១ទៅ២ក្បាល។

សត្វខ្លាឃ្មុំ អាចរស់បានរហូតដល់អាយុជាង៣០ឆ្នាំ។ សត្វខ្លាឃ្មុំទទួលរងការគម្រាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រក ការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យនៃក្រសួងបរិស្ថាន បានថ្លែងថាការរកឃើញវត្តមាននៃសត្វខ្លាឃ្មុំធំនេះគឺពិតជាមានសារៈប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ និងសម្រាប់ជីវៈចម្រុះ។ តាមរយៈទិន្នន័យនេះនឹងជាមូលដ្ឋានសម្រាប់មន្ត្រីជំនាញនៃក្រសួងបរិស្ថានសិក្សារៀបចំក្នុងការបែងចែកតំបន់ និងការរៀបចំផែនការសម្រាប់ការពារ និងអភិរក្សសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

លោកបានបន្តថា តាមរយៈទិន្នន័យរូបភាពដែលប្រមូលបាន វត្តមានសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃដែលថតបានជាព័ត៌មានដ៏គួរឱ្យរីករាយព្រោះប្រភេទសត្វកម្រៗ មួយចំនួនដែលពិភពលោកជិតបាត់បង់ពូជតែមានវត្តមាននៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា សត្វខ្លាឃ្មុំធំ មានវត្តមាននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់អាស៊ីខាងកើត។ ខ្លាឃ្មុំធំរស់នៅក្នុងប្រភេទព្រៃជាច្រើនប្រភេទដែលរួមមានព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះ។ នៅក្នុងប្រទេសកម្ពុជា សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិមួយចំនួននៅភូមិភាគឦសាន ភូមិភាគខាងកើត ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំធំ ជាប្រភេទសព្វាសី សត្វស៊ីចំណីចម្រុះរួមមានរុក្ខជាតិ និងសត្វ។

លោក នេត្រ ភក្ត្រា បានអះអាងថា សត្វខ្លាឃ្មុំទទួលរងការគំរាមកំហែងពីកត្តាជាច្រើនដែលរួមមាន ការបាត់បង់ទីជម្រកការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីយកស្បែក ក្រចកជើង ប្រម៉ាត់ និងការចាប់មកចិញ្ចឹម។ យោងតាមការសិក្សា ខ្លាឃ្មុំធំមានមាឌធំជាងគេក្នុងចំណោមប្រភេទខ្លាំឃ្មុំទាំងអស់។ ដងខ្លួនគ្រប ដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរវេ នៅខាងក្រោមក។ ស្លឹកត្រចៀកមានទំហំធំជាងខ្លាឃ្មុំតូច និងមានប្រវែងក្បាល ដងខ្លួនពី ១២០០ ទៅ១៥០០០មម ជាមធ្យមឈ្មោលមានទម្ងន់ពី ១១០ទៅ១៥០គីឡូក្រាម។ រីឯញីមានទម្ងន់ពី ៦៥ទៅ៩០គីឡូក្រាម។ ប្រអប់ជើង មានទម្រង់ស្រដៀងនឹងប្រអប់ជើងមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here