រោងចក្រ៤កន្លែងក្នុងខេត្តកំពតត្រូវបានរកឃើញករណីវិជ្ជមានកូវីដតែមិនទាន់មានការបិទខ្ទប់ណាមួយទេ

0
240

កំពតៈ មន្ត្រីជំនាញបានអះអាងថារោងចក្រចំនួន៤ត្រូវបានរកឃើញករណីវិជ្ជមានកូវីដ១៩លើកម្មករ កម្មការិនី តែរដ្ឋបាលខេត្តកំពតមិនទាន់មានការបិទខ្ទប់រោងចក្រណាមួយនៅឡើយទេ។

លោកអ៊ឹងប៉ូហេងប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពតបានរៀបរាប់ថាកូវីដ១៩ជាវិបត្តិសកលដែលបាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារជាទូទៅ។ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត នាដំណាក់នេះទូទាំងខេត្តកំពតមានរោងចក្រ សហគ្រាសចំនួន៤២២កន្លែងបាន និងកំពុងបន្តដំណើរការជាធម្មតា។ រោងចក្រទាំងជាង៤២០កន្លែងនោះមានកម្មករចំនួន២០.២៦៣នាក់។ អំឡុងពេលមួយខែចុងក្រោយ ខណៈដែលខេត្តកំពតបាន និងកំពុងមានករណីឆ្លងរាលដាលជំងឺកូវីដ១៩កើនឡើងក្តី ក៏រហូតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មិនទាន់មានរោងចក្រណាមួយត្រូវបានបិទខ្ទប់ ឬផ្អាកដំណើរការឡើយ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានកូវីដ១៩លើកម្មកររោងចក្រចំនួនបួនកន្លែង។ រោងចក្រដែលបានរកឃើញវិជ្ជមានទាំងនោះរួមមានទី១. រោងចក្រពូចិនខេមបូឌាខូអិលធីឌី ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចមានកម្មករសរុប៥.៣៥៩នាក់ និងបានធ្វើតេស្តចំនួន១៩.៣៧នាក់រកឃើញលទ្ធផលវិជ្ជមានប្រមាណ២០០នាក់។ ទី២. រោងចក្រស៊ីម៉ងត៍កម្ពុជាចក្រីទីងស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូមានកម្មករចំនួន៥៧៧នាក់ និងបានធ្វើតេស្តចំនួន៥៣៦នាក់ លទ្ធផលវិជ្ជមានចំនួន៩នាក់។ ទី៣. រោងចក្រជាដេយីសេហ្វធីប្រូដាក់ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី មានកម្មករសរុប ៤០០នាក់ រកឃើញលទ្ធផលវិជ្ជមាន១៥នាក់ក្នុងចំណោមអ្នកបានធ្វើតេស្ត៣០០នាក់។ ទី៤. រោងចក្រឃីមីហ្គាមេនខូអិលធីឌីស្ថិតនៅភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូមានកម្មករសរុបចំនួន១.៦៣៦នាក់ បានធ្វើតេស្តចំនួន៣០៨នាក់ និងរកឃើញវិជ្ជមានជាង២០នាក់។ លោក អ៊ឹង ប៉ូហេង បានបញ្ជាក់ថា ទោះបីមិនទាន់មានការបិទខ្ទប់រោងចក្រទាំងស្រុង ប៉ុន្តែក្នុងចំណោមរោងចក្រទាំងបួនខាងលើមានការបិទតាមផ្នែក ឬអគារណាដែលរកឃើញអ្នកវិជ្ជមានកូវីដ១៩បម្រើការនៅទីនោះ។ អ្នកវិជ្ជមានត្រូវបានបញ្ជូនទៅសម្រាកព្យាបាល ចំណែកអ្នកអវិជ្ជមានតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃមុននឹងអនុញ្ញាតឱ្យចូលធ្វើការងារជាធម្មតាវិញ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here