លោកឃួង ស្រេង អភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឲ្យអាជ្ញាធរខណ្ឌនៅកណ្ដាលរាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់ឡាន រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មទៀតនោះទេ ។
អាជ្ញាធរភ្នំពេញនិងទុករយៈពេលឲ្យ២ខែដើម្បីឲ្យពួកគាត់រុះរើឬផ្លាស់ប្តូរទីតាំងថ្មីទៅនៅជាយក្រុងនៃរាជធានីភ្នំពេញវិញ។
លោកឃួង ស្រេង បញ្ជាក់ថា វាល្មមដល់ពេលដែលយើងត្រូវរៀបចំសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅក្នុងខណ្ឌចំនួន ៥នៅកណ្ដាលរាជធានីភ្នំពេញ ឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយ ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅកណ្ដាលក្រុងត្រូវតែធ្វើសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ម៉ូតូ និងលក់រថយន្ត ដោយប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មបែបអនាធិបតេយ្យនោះ ប្រញាប់
រុះរើទីតាំងរបស់ខ្លួនទៅនៅជាយរាជធានីភ្នំពេញវិញដោយអាជ្ញាធររាជធានីភ្នំពេញនិងទុករយៈពេលឱ្យ២ខែ ដើម្បីឲ្យពួកគាត់រកទីតាំងថ្មី ។
លោកឃួង ស្រេងបានបញ្ជាក់ទៀតថា បងប្អូនអាចលក់ម៉ូតូ លក់រថយន្តនៅក្នុងផ្ទះឬ ទីតាំងរបស់ខ្លួន ដោយមិនអោយរំលោភលើចិញ្ចើមផ្លូវសាធារណៈជាដាច់ខាតសូម្បីតែ២ភាគ៣ក៏ដោយ បើមិនដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនិងអនុវត្តវិធានការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងនោះទេ៕