ចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្រុងសួង ខេត្តត្បូងឃ្មុំ

0
99

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៍បានដឹកនាំក្រុមការងារចុះពិនិត្យតាមគោលដៅនានា នៃការរៀបចំរបស់ក្រុមគ្រូពេទ្យក្នុងយុទ្ធនាការនេះ ។
ក្នុងដំណើរចុះត្រួតពិនិត្យនាពេលនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេសនៅតំបន់មានហានិភ័យ ។
ដោយឡែកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រុងសួង នៃខេត្តត្បូងឃ្មុំ ។

ដូច្នេះប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលបានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរឃុំ-សង្កាត់, កម្មករកម្មការិនី តាមរោងចក្រ សហគ្រាស និងបងប្អូនដែលរស់នៅតាម បណ្តាក្រុង-ស្រុកខាងលើ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ នៅតាមទីតាំងចាក់វ៉ាក់សាំង ដែលរដ្ឋបាលខេត្តបានរៀបចំ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដោយពេលព្រឹកចាប់ម៉ោង ០៨:០០នាទី ដល់ម៉ោង ១១.០០នាទី និងពេលរសៀល ចាប់ពីម៉ោង ១៣:០០នាទី ដល់ម៉ោង ១៦:០០នាទី ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ក្រុងសួង មាន០៥ទីតាំង ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួមមាន
ទី១.មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ
ទី២.មណ្ឌលសុខភាពសួង
៣.មណ្ឌលសុខភាពវិហារលួង
៤.ទីធ្លារវត្តពណ្ណរាយ
៥.ទីធ្លារវត្តវិហារខ្ពស់ ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here