មាគ៌ា១០០ឆ្នាំរបស់បក្សកុម្មុយនីស្តចិន

0
154

រយៈពេលជាង ៧០ឆ្នាំ របស់ប្រទេសចិនក្រោមរបបកុម្មុយនីស្ដ គណបក្សកុម្មុយនីស្ដចិនគឺជាគណបក្សនយោបាយតែមួយគត់ ដែលកាន់ កាប់តំណែងដឹកនាំប្រទេសចិនដោយមេដឹកនាំ ៥ជំនាន់ ដែលដឹកនាំកងទ័ពឆ្លងកាត់ឧបសគ្គ ព្យុះភ្លៀងផ្សេងៗ រហូតដល់មានលទ្ធភាពផ្លាស់ប្តូរប្រទេសចិន ពីប្រទេសក្រីក្រក្រ និងអន់ថយរហូតដល់អាចឡើងក្លាយជាប្រទេសមហាអំណាចសំខាន់របស់ពិភពលោក ។

ប៉ុន្តែកាក់តែងតែមានមុខ ២ខាង ហើយរហូតមកដល់សព្វថ្ងៃនេះទោះបីសេដ្ឋកិច្ចចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដចិនអាចរីកចម្រើនលូតលាស់យ៉ាងខ្លាំងក៏ដោយ ក៏នៅតែមានបញ្ហាខ្លះជាប់គាំងមិនទាន់បានដោះស្រាយដូចជា គម្លាតប្រាក់ ចំណូល បញ្ហាបំណុលគ្រួសារ បញ្ហា​បរិស្ថាន រហូតដល់បញ្ហាជន ជាតិដើមភាគតិច ។

នៅឆ្នាំ ២០២១ នេះ បក្សកុម្មុយនីស្ដរបស់សាធារណរដ្ឋប្រជាមានិតចិន ( The Communist Party of China: CCP ) នឹងមានអាយុគ្រប់ ១០០ឆ្នាំ ។ មានមនុស្សជាច្រើននាក់អាចនឹងចាប់ អារម្មណ៍ចង់ដឹងថា ក្នុងរយៈពេលមួយសតវត្សរ៍កន្លងទៅនេះ បក្សកុម្មុយនីស្ដចិនដែលមានប្រវត្តិ ១០០ឆ្នាំ ឆ្លងកាត់ទាំងក្ដៅ និងត្រជាក់បានមកដល់ចំណុចនេះដោយរបៀបណា ? ជាពិសេសក្នុងនាមជាគណបក្សនយោបាយតែមួយគត់ដែលកាន់កាប់តំណែង ដឹកនាំប្រទេសចិនឆ្លងកាត់វិបត្តិផ្សេងៗមក អស់រយៈពេលជាយូរ មកហើយរហូតធ្វើឲ្យចិនងើបឡើងក្លាយជាប្រទេសមហាអំណាចដ៏ធំនៅលើពិភពលោកបានម្តងទៀត ។

ជាដំបូង ខ្ញុំសូមរំលឹកម្តងទៀត! គោលបំណងក្នុងការសរសេរសៀវ ភៅនេះ មិនមែនវែកញែកទៅលើពាក្យថា “ចិន ជាកុម្មុយនីស្តពិត ឬក្លែងក្លាយនោះទេ” ។ ផ្ទុយទៅវិញ ក្នុងសំណេរនេះនឹងផ្តោតទៅលើមេរៀនស្តីពី មាគ៌ា ១០០ឆ្នាំ របស់របប «កុម្មុយនីស្ត» ក្នុងបែបបទរបស់ចិន ។ ហើយអត្ថបទនេះ ខ្ញុំសូមសង្ខេបនូវលក្ខណៈពិសេសទាំង ១២ របស់ប្រព័ន្ធដឹកនាំតាមរបៀបចិន ហើយជាការពិតណាស់ នេះមិនមែនជារបបគ្រប់គ្រងមួយល្អបំផុតនៅលើពិភពលោកនោះទេ ។ នៅមានចំណុចខ្សោយសំខាន់ៗជាច្រើនផ្នែក ដូចជាបញ្ហាដែលមិនទាន់ដោះស្រាយបាននៅក្នុងប្រទេសចិន ដែលបញ្ហាទាំងនេះនឹងត្រូវលើកយកមកពិភាក្សានៅភាគបញ្ចប់នៃជំពូកនេះ ។

នៅលើមាគ៌ា ១០០ឆ្នាំ របស់បក្សកុម្មុយនីស្តចិន យើងត្រលប់ទៅនិយាយពីការចាប់ផ្ដើម នៅពេលដែលបក្សកុម្មុយនីស្តចិនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២១ ក្នុងឋានៈជាគណបក្សនយោបាយតូចៗ ។ ក្នុងអំឡុង ពេលនោះ ប្រទេសចិនបានគ្រប់គ្រងដោយរបបសាធារណរដ្ឋមួយក្រោមឈ្មោះថា ​“សាធារណរដ្ឋចិន Republic of China ” ដឹកនាំដោយបណ្ឌិត ស៊ុន យ៉ាតសេន (Sun Yat-sen) ជាប្រធានបក្ស គួ មីនតាង (Kuomintang) ប៉ុន្តែ ក្រោយមក គណបក្ស គួមីនតាង ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ ឈៀង កៃសៀក (Chiang-Kai-shek) បានប៉ះទង្គិចជាមួយបក្សកុម្មុយនីស្តចិនក្រោមការដឹកនាំរបស់ លោកម៉ៅ សេទុង រហូតដល់មានសង្គ្រាមនយោបាយផ្ទុះឡើង ។ មកដល់ឆ្នាំ ១៩៤៩ មានកត្តាផ្សេងៗ​​ជាច្រើនដែលបណ្តាលឲ្យ ឈៀង កៃសៀក ព្រមចុះចាញ់ និងដកថយទៅបង្កើតរដ្ឋាភិបាលនិរទេស (Goverment-in-exile) របស់ខ្លួននៅលើកោះតៃវ៉ាន់ ដែលអនុញ្ញាតឲ្យបក្សកុម្មុយនីស្ដចិនមានលទ្ធភាពប្រកាសពីការបង្កើតប្រទេសចិនសារជាថ្មីនៅ ក្នុងរបបកុម្មុយនីស្ដដោយហៅថា “សាធារណរដ្ឋប្រជាមានិតចិន – People Republic of China” នៅថ្ងៃទី ១ ខែតុលា ឆ្នាំ១៩៤៩ ។

ចាប់ពីថ្ងៃនោះរហូតមកដល់បច្ចុប្បន្នមានរយៈជាង ៧០ឆ្នាំហើយ ដែលប្រទេសចិនស្ថិតក្នុងរបបកុម្មុយនីស្ដ ។ គណបក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយតែមួយគត់ដែលកាន់កាប់តំណែងដឹកនាំប្រទេសចិន មានមេដឹកនាំចំនួន ៥ជំនាន់ ដែលដឹកនាំទ័ពឆ្លងកាត់ឧបសគ្គផ្សេងៗ រហូត ដល់អាចផ្លាស់ប្តូរប្រទេសចិនពីប្រទេសក្រីក្រ និងអន់ថយ​ អាចឡើងក្លាយជាប្រទេសមហាអំណាចពិភពលោក ។

ចាប់ផ្តើមពីមេដឹកនាំជំនាន់ទី ១ ក្នុងសម័យលោក ម៉ៅ សេទុង អំឡុងឆ្នាំ ១៩៤៩-១៩៧៦ ទោះបីជាគាត់ជាអ្នកដឹកនាំដែលមានយុទ្ធសាស្ត្រដ៏អស្ចារ្យ និងមានគុណូបការៈក្រៃលែងចំពោះប្រទេសចិនក៏ដោយ តែការផ្តោតលើវិស័យសេដ្ឋកិច្ចបែបផ្ដាច់ការ និងការរៀបផែនការបែបសង្គមនិយមនៅក្នុងសម័យកាល ម៉ៅ រាប់បញ្ចូលទាំងភាពឯកា (Isolation) មិនមានទំនាក់ទំនងជាមួយបរទេសទៀតផង រាប់ជាកំហុសមួយក្នុងការដើរលើផ្លូវសេដ្ឋកិច្ចដែលបណ្តាលឲ្យប្រជាជនក្រីក្រ និងប្រទេសមានភាពយឺតយ៉ាវ ។ លើសពីនេះទៅទៀត ក្នុងអំឡុងពេលបដិវត្តវប្បធម៌ (១៩៦៦-១៩៧៦) ក៏បានកើតមានភាពវឹកវរ បែកបាក់គ្នាជាច្រើនទសវត្សដែលវាបានក្លាយជាចំណុចដ៏ខ្មៅងងឹតនៃប្រវត្តិសាស្ត្ររបស់ចិនសម័យថ្មី ។

រហូតមកដល់ចំណុចរបត់សំខាន់ (Critical Point) នៃរបបកុម្មុយ- នីស្តចិនក្នុងសម័យកាលកំណែទម្រង់ និងការបើកទ្វារចំហ ក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ទី ២ គឺ លោកតេង ស៊ាវពីង ជាមនុស្ស ជាក់ស្ដែងនិយម (Pramaticim) ម្នាក់ ធ្លាប់និយាយពីសម្តីដកស្រង់មួយថា “មិនថាឆ្មាស ឬឆ្មាខ្មៅ ឲ្យតែចាប់កណ្តុរបាន គឺជាឆ្មាល្អ” ឆ្លុះបញ្ចាំងឲ្យឃើញពីការមិនឈ្លក់វង្វេងនឹងមនោគមវិជ្ជា ប៉ុន្តែត្រូវផ្តោតទៅលើការកែសម្រួលយន្តការទីផ្សារដើម្បីពន្លឿនការកែទម្រង់សេដ្ឋកិច្ចចិន និងបើកទូលាយក្នុងការដោះស្រាយជាមួយបរទេសដើម្បីនាំយក “ទំនើបកម្ម៤” មកកាន់ប្រទេសចិនក្រោមរបបសេដ្ឋកិច្ចនៃបែបបទរបស់ចិនផ្ទាល់ដែលហៅថា Socialist Market Economy with Chinese Characteristics ដែលត្រូវបានប្រកាសជាលើកដំបូងនៅឆ្នាំ ១៩៩២

ដោយមេដឹកនាំជំនាន់ទី ៣ គឺលោកជាំង ហ្សេមីន (Jiang Zemin) ។

ហើយក្រោយមករហូតដល់មេដឹកនាំជំនាន់ទី ៤ ក្នុងសម័យលោកហ៊ូ ជីនតាវ (Hu Jintao) ក៏ចាប់ផ្តើមផ្តោតសំខាន់លើប្រទេសចិនឲ្យដើរតួនាទីនាំមុខគេនៅលើឆាកអន្តរជាតិ ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មេដឹកនាំជំនាន់ទី ៥ នៅក្នុងសម័យកាល លោក ស៊ីជីន ពីង ដែលលោកមានការគិតធំ និងមានចក្ខុវិស័យវែងឆ្ងាយតាមរយៈការជំរុញឲ្យមានយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវាត់មួយ” (Belt and Road Initiatives: BRI) រហូតក្លាយជាប្រធានបទដែលគេនិយាយទូទាំងពិភពលោក (Talk of the World) និងផ្តោតសំខាន់លើការជំរុញសេដ្ឋកិច្ចដោយប្រើប្រាស់ប្រយោជន៍ពីទិន្នន័យ (Data-Driven Economy) របស់ខ្លួន ។ កត្តានេះហើយ ដែលធ្វើឲ្យប្រទេសចិនអាចនាំមុខលើមហាអំណាចចាស់គឺ សហរដ្ឋអាម៉េរិក បានជា ច្រើនផ្នែក ជាពិសេសនៅក្នុងបច្ចេកវិទ្យាឌីជីថល សង្គមដែលមិនប្រើក្រដាស ប្រាក់ (Cashless Society) ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Digital Currency) ព្រមទាំងក្លាយជាប្រទេសដំបូងគេដែលមានទីផ្សារអនឡាញធំបំផុតនៅលើពិភពលោក ដោយសារកំណើនលូតលាស់នៃវេទិកាសេដ្ឋកិច្ចរបស់ប្រទេសចិន (Platform Economy) ។

ជាការពិតណាស់ កាក់មួយ តែងតែមានមុខ ២ខាង ហើយរហូតមក ដល់សព្វថ្ងៃនេះទោះបីសេដ្ឋកិច្ចចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដចិនអាចរីកចម្រើនលូតលាស់បានយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែនៅតែមានបញ្ហាខ្លះជាប់គាំងមិនទាន់អាចដោះស្រាយបានដូចជា គម្លាតប្រាក់ចំណូល បញ្ហាសហគ្រាសសង្គម (Social-Enterprise) បញ្ហាបំណុលសាធារណៈរបស់រដ្ឋាភិបាលមូលដ្ឋានចិន បញ្ហាបំណុលគ្រួសារ បញ្ហា​បរិស្ថាន រហូតដល់បញ្ហាជនជាតិដើមភាគតិច ជាពិសេសជនជាតិមូស្លីមអ៊ុយហ្គរ ។ល។

សៀវភៅនេះនឹងបោះពុម្ពផ្សាយក្នុងពេលឆាប់ៗនេះ!​

ពីក្រុមការងារ ៖ Ebook Cambodia

 

LEAVE A REPLY

Please enter your comment!
Please enter your name here