លោកស្រី ឱ វណ្ណឌីន ៖ បើស្ថានភាពកូវីដ-១៩ នៅកម្ពុជា ហួសបន្ទាត់ក្រហមនោះ ការស្លាប់នឹងកាន់តែច្រើន

0
275

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ស្ថានភាពអាក្រក់បែបនេះ វាទាមទារឱ្យអ្នកពាក់ព័ន្ធ ជាពិសេសបុគ្គលផ្ទាល់តែម្ដង ត្រូវនាំគ្នាចូលរួមសកម្ម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នេះ។ បើមិនដូច្នេះទេ វានឹងនាំឱ្យកម្ពុជា កាន់តែជួបការលំបាកខ្លាំង បើសិនជាស្ថានភាពកូវីដ-១៩ ឆ្លងផុតបន្ទាត់ក្រហមនេះ។

តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍បាយ័ន រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បាននិយាយដូច្នេះថា៖« «ឥឡូវហ្នឹងសឹងតែឈានផុតបន្ទាត់ក្រហមហើយណា។ អ៊ីចឹងយើងអត់ចង់ឲ្យបងប្អូនទាំងអស់ (ជួប)ស្ថានភាពនៃការវាយលុករបស់ជំងឺកូវីដ១៩នេះ លើសពីបន្ទាត់ក្រហមរបស់យើងទេ។ ហើយកាលណាលើសពីបន្ទាត់ក្រហមហើយ បងប្អូនពិបាកណាស់។ ពិបាកណាស់ អាហ្នឹងចូលទៅដល់អី? ចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង»។

ត្រង់ចំណុចនេះ លោកស្រី ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា បើសិនមានការរាតត្បាតជំងឺកូវីដ-១៩ ឆ្លងផុតបន្ទាត់ក្រហម ក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយនោះ វានឹងបង្កឱ្យមានការបាត់បង់ជីវិតមនុស្សកាន់តែច្រើនថែមទៀត ដោយសារតែកម្លាំងនៃការរាលដាលជំងឺនេះ លើសសមត្ថភាពសុខាភិបាលសាធារណៈ។

«ហើយបើសិនរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង មូលដ្ឋានសុខាភិបាលសាធារណៈមន្ទីរពេទ្យ ត្រូវតែហួសពីសមត្ថភាពហើយ ពីព្រោះវាច្រើនមែនទែនដល់អញ្ចឹងអត់មានកន្លែងដាក់នោះទេ។ អញ្ចឹងការស្លាប់បាត់បង់ជីវិតក៏ត្រូវច្រើន ហើយបងប្អូនក៏ពិបាកនៅក្នុងការប្រកបរបររកស៊ីទទួលទាន។ ដោយសារកាលណា (កូវីដ១៩)វាយលុកខ្លាំងចាំបាច់ត្រូវធ្វើម៉េចដូចខ្ញុំនិយាយមិញ? ត្រូវបិទ(ប្រទេស)ទៀតហើយ»។ នេះបើតាមលោកស្រី ឱ វណ្ណឌីន ដែលបានព្រមានពីករណីឆ្លងនេះ។

បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ មូលហេតុដែលនាំឱ្យកម្ពុជា ឆ្លងកូវីដ-១៩ កាន់តែច្រើន ហើយប្រឈមមុខហានិភ័យនេះ ដោយសារតែមានករណីនាំចូលវីរុសបំប្លែងថ្មីប្រភេទ«ដែលតា» ឬ B.1.617.2 ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា។ រដ្ឋលេខាធិការរូបនេះ បានបន្ថែមថា មនុស្សដែលមានផ្ទុកជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«Delta»នេះ គឺសុទ្ធសឹងជាអ្នកមានប្រវត្តិធ្វើដំណើរមកពីប្រទេសថៃ។

មេរោគកូវីដ-១៩ប្រភេទ Delta មកពីឥណ្ឌានេះ មានភាពសាហាវខ្លាំងជាងមេរោគមុនៗរហូតដល់ទៅ១៥ដង ខណៈក្រសួងសុខាភិបាល មិនទាន់ដឹងថាមេរោគកូវីដ-១៩ នេះ មានអត្តចរិកបែបណានៅឡើយ។គិតមកដល់ពេលកម្ពុជា រកឃើញអ្នកជំងឺផ្ទុកជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ«Delta»នេះ ២២នាក់ហើយ។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន។

កាលពីថ្ងៃទី២៥ មិថុនា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញវិធានការពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន  ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ«ដែលតា»។ លោក ម៉ម ប៊ុនហេង បានណែនាំឲ្យអាជ្ញាធរទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពង្រឹងវិធានការចត្តាឡីស័ក នៅតាមព្រំដែនឲ្យបានម៉ឺងម៉ាត់។ ជាពិសេសពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងច្រករបៀងឲ្យបានល្អ។

មកទល់ពេលនេះ មានប្រភេទវីរុសបំប្លែងថ្មីកើតឡើងជាច្រើនប្រភេទ ដោយក្នុងនោះមាន៤ប្រភេទ ដែលត្រូវបានកំណត់ថា មានហានិភ័យខ្ពស់នៅជុំវិញពិភពលោក រួមមានប្រភេទអាល់ហ្វា (B.1.1.7) ប្រភេទបេតា (B.1.351) ប្រភេទ ហ្កាម៉ា (P.1) និងប្រភេទ ដែលតា (B.1.617.2)។ វីរុសប្រភេទទាំងនេះគឺមានការឆ្លងលឿនជាងវីរុសប្រភេទដើម នៃជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី២៩ មិថុនានេះ កម្ពុជា បានចាក់វ៉ាក់សាំងឱ្យពលរដ្ឋជាង៤,១ លាននាក់ហើយ ដែលស្មើនឹង៤១ភាគរយ នៃផែនការចាក់វ៉ាក់សាំងឱ្យមនុស្ស១០លាននាក់ ។ ក្នុងចំណោមពលរដ្ឋចាក់វ៉ាក់សាំងទាំងនោះ គឺមានមនុស្សជិត៣លាននាក់ ដែលបានចាក់ដូសទី២ ។ នេះបើតាមក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។

បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងសរុប១១,០២៤,០០០ដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានវ៉ាក់សាំងរបស់ក្រុមហ៊ុនSinovac ចំនួន៧,៥លានដូស, វ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm ចំនួន៣,២លានដូស និងវ៉ាក់សាំងCovishield ចំនួន៣២៤,០០០ដូស  ដែលជាជំនួយពីយន្តការCOVAX។

តាមការគ្រោងទុកនៅខែកក្កដា កម្ពុជា នឹងទទួលបាន៥លានដូស ហើយខែសីហា  នឹងទទួលបានវ៉ាក់សាំងចំនួន៤លានដូសទៀត ពីរដ្ឋាភិបាលប្រទេសចិន តាមរយៈការបញ្ជាទិញ។ នេះជាការបញ្ជាក់របស់លោក រង្សី វិស្ស៊ិត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ដែលបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី២៦មិថុនា។

លោក វិស្សុត សង្កត់ធ្ងន់ថា កម្ពុជា នឹងមានវ៉ាក់សាំងចំនួន ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១ សម្រាប់ចាក់វ៉ាក់សាំងឱ្យពលរដ្ឋ១០លាននាក់ តាមផែនការកំណត់។ បើតាមលោក វិស្សុត យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងឱ្យពលរដ្ឋ១០លាននាក់នេះ នឹងត្រូវបញ្ចប់។
កម្ពុជា បានត្រៀមថវិកា១៧០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងមកចាក់ជូនពលរដ្ឋនេះ។ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានបន្ថែមបែបនេះ។

នៅថ្ងៃទី៣០ មិថុនា កម្ពុជា មានឆ្លងកូវីដ-១៩ ចំនួន១,១៣០នាក់ ជាសះស្បើយ៦៧០នាក់ និងស្លាប់ថ្មីទៀត ២៧នាក់ ។ មកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប  ៥០,៣៨៥ នាក់ ក្នុងនោះ ២,៥៤៩ នាក់ករណីនាំចូល។ អ្នកជាសះស្បើយមានចំនួន ៤៤,១៤៣ នាក់ និងស្លាប់សរុប ៦០២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here