តារាចម្រៀង ណុប បាយ៉ារិទ្ធ អំពាវនាវដល់មហាជនកុំឲ្យរើសអើងអ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយហើយ!

0
132

(ភ្នំពេញ)៖ ក្នុងនាមជាតារាចម្រៀងមានប្រជាប្រិយភាពមួយរូប និងជាអ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ផងនោះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គម ជាពិសេសមហាជនទូទៅ ដោយស្នើកុំឲ្យមានការរើសអើងដល់អ្នកជំងឺកូវីដ-១៩ ដែលបានជាសះស្បើយហើយ។ បន្ថែមពីនេះ លោកបានអំពាវនាវដល់មហាជនឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តន៍តាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ត្បិតថារហូតមកទល់នឹងពេលនេះករណីវិជ្ជមានជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជានៅតែមានកម្រិងខ្ពស់នៅឡើយ។

តាមរយៈបណ្តាញសង្គមផ្លូវការ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសេរសារយ៉ាងដូច្នេះថា «សូមកុំរើសអើងអ្នកជម្ងឺកូវីដ-១៩ ដែលជាសះស្បើយហើយ ព្រោះជម្ងឺនេះបង្ករឡើងដោយមេរោគ ពេលសម្លាប់មេរោគអស់ពីក្នុងខ្លួនអ្នកជម្ងឺនិងជាសះស្បើយសុខភាព និងឈានទៅរកភាពល្អប្រសើរធម្មតាវិញ ដូច្នេះប្រសិនបើខ្លាចអ្នកជម្ងឺដែលឈឺហើយជា ក៏គួរតែខ្លាចនិងប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំងជាងមុន ព្រោះអ្នកជម្ងឺដែលជារួចអ្នកបានដឹងថាគាត់ឆ្លងនិងជាហើយ ហើយនាំគ្នាខ្លាចគាត់ តែសម្រាប់មនុស្សផ្សេងៗទៀត យើងមិនអាចមើលដឹងថាគេឈឺមិនឈឺផង រឹតតែមើលនិងភ្នែកមិនដឹងថា នណាមានផ្ទុកមេរោគនេះឬអត់ទេ សុទ្ធតែស្ថិតក្នុងការសង្ស័យគ្រប់ៗគ្នា»។

តារាចម្រៀងសំនៀងមានទឹកដមរូបនេះ បានបន្តថា «ដូច្នេះបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន ៣កុំ៣ការពារ កុំរើសអើងអ្នកជម្ងឺ ដែលជារួចហើយភ្លេចការការពារខ្លួនឯងនោះអ្នកនៅតែប្រឈមមុខក្នុងការក្លាយខ្លួនជាអ្នកជម្ងឺកូវីដ-១៩ដូចគេមិនខាន។ រួមគ្នាប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ-១៩ ដោយការទៅចាក់វ៉ាក់សាំងការពារអោយបាន២ដងគ្រប់ៗគ្នា»។

គួរជម្រាបថា តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានមហាជនទូទៅដឹងថា ក៏ធ្លាប់ឆ្លងកាត់ជំងឺកូវីដ-១៩ផងដែរ ព្រោះលោកត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ខណៈនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ គឺលោកបានប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺក៏កាចសាហាវនេះហើយ ដែលរហូតមកទល់នឹងបច្ចុប្បន្ននេះ លោកកំពុងបន្តការងារសិល្បៈជាធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here