ខេត្តត្បូងឃ្មុំៈ ការរកឃើញវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ហើយអាជ្ញាធរសម្រេចបិទខ្ទប់តូបពាក់ព័ន្ធចំនួន ៦០តូប និងឈានទៅបិទផ្សារសួងទាំងមូលក៏ដោយ ប៉ុន្តែយើងនៅតែមិនទាន់អាចកាត់ផ្តាច់ខ្សែចម្លងបាននៅឡើយ ។ នេះបើតាម លោក ជា ណារ៉ុន អភិបាល ក្រុងសួង ឲ្យដឹងនាព្រឹកថ្ងៃទី២៦.០៦.២០២១នេះ ។
ដូច្នេះមានតែបងប្អូន ដែលបានដឹងខ្លួនមានការពាក់ព័ន្ធ សូមកុំមានការភិតភ័យខ្មាស់អៀនលាក់បាំងគេចវេស ត្រូវរាយការណ៍ការពិត ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ក្នុងការឈានទៅកាត់ផ្តាច់ការចម្លងបន្ត ដែលរុញច្រានឲ្យសភាពការធូរស្រាល នឹងអាចដំណើរការផ្សារសួងឡើងវិញបាន ។
រីឯអ្នកដទៃទៀត សូមកុំមើលស្រាល ត្រូវអនុវត្តន៍ឲ្យបានម៉ើងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» ដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែអំពាវនាវ ទទូចហើយទទូចទៀតដល់ពលរដ្ឋនូវគ្រប់កម្មវិធីដែលមានវត្តមាន ខណៈជាទូទៅសង្កេតឃើញថា អាជីវករ ក៍ដូចជាប្រជាជន នៅតាមទីប្រជុំជន ពុំបានអនុវត្តន៍ការពាក់ម៉ាស លាងដៃ និងរក្សាគម្លាតបានត្រឹមត្រូវនោះឡើយ ជាហេតុធ្វើឲ្យការកើតមានជំងឺកូវីដ១៩ និងការចម្លងបន្ត មានការវិវត្តន៍ កាន់តែគួរឲ្យព្រួយបារម្ភ ៕
សាន វិឡែម