កាសែត Financial Times បានដកស្រង់សម្តីប្រភពដឹងរឿងនេះដោយនិយាយថាចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការរាយការណ៍អំពីការធ្លាក់ចុះចំនួនប្រជាជនលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៥ ទសវត្សរ៍ បន្ទាប់ពីការធ្វើជំរឿនម្តងក្នុងមួយទសវត្សរ៍។
ការធ្លាក់ចុះចំនួនប្រជាជននេះនឹងបន្ថែមសម្ពាធលើទីក្រុងប៉េកាំងដើម្បីដាក់ចេញនូវវិធានការនានាដើម្បីលើកទឹកចិត្តដល់គូស្វាមីភរិយាឱ្យមានកូនច្រើននិងបញ្ចៀសការធ្លាក់ចុះចំនួនប្រជាជន ដែលមិនអាចកែត្រឡប់ក្រោយវិញបាន។
ការិយាល័យស្ថិតិជាតិ (NBS)ដែលគ្រោងនឹងចេញផ្សាយរបាយការណ៍នៅដើមខែមេសានូវលទ្ធផលនៃការធ្វើជំរឿនដែលបានធ្វើឡើងកាលពីចុងឆ្នាំមុនមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការបំភ្លឺពី Financial Times ទេ។
Financial Times ដែលដកស្រង់ប្រភពកាលពីថ្ងៃអង្គារទី២៧មេសា បាននិយាយថា តួលេខចំនួនប្រជាជនមានលក្ខណៈរសើបខ្លាំងហើយនឹងមិនចេញផ្សព្វផ្សាយទេដរាបណានាយកដ្ឋាននានារបស់រដ្ឋាភិបាលឯកភាពលើទិន្នន័យនិងផលប៉ះពាល់របស់វា។
លោក ចាង ជីវៃ ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Pinpoint Asset Management មានមូលដ្ឋាននៅទីក្រុងសិនចិន និយាយថា “ប្រសិនបើចិនបញ្ជាក់ពីការធ្លាក់ចុះបែបនេះ វានឹងក្លាយជារឿងធំ”។
“ការមូលមតិគ្នារំពឹងថាប្រជាជនចិននឹងកើនដល់កម្រិតខ្ពស់បំផុតនៅត្រឹមឆ្នាំ ២០២៧ ដោយផ្អែកលើការព្យាករណ៍របស់អង្គការសហប្រជាជាតិ។វានឹងលឿនឆាប់ពេកជាងអ្វីដែលទីផ្សារនិងអ្នកធ្វើគោលនយោបាយរំពឹងទុក”។
មិនមានការពន្យល់បកស្រាយណាមួយសម្រាប់ការពន្យារពេលក្នុងការប្រកាសលទ្ធផលទេទោះបីជាការិយាល័យស្ថិតិបាននិយាយនៅដើមខែនេះថាការងារជាច្រើនចាំបាច់ត្រូវត្រៀមរួចរាល់សិនក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនហាក់សម្តែងការព្រួយបារម្ភខ្លាំង ដោយនិយាយថាចំនួនប្រជាជនអាចនឹងចាប់ផ្តើមធ្លាក់ចុះនៅប៉ុន្មានឆ្នាំខាងមុខ។
ក្នុងឆ្នាំ ២០១៦ ចិនបានលុបចោលគោលនយោបាយកូនមួយដែលមានចំណាស់រាប់ទសវត្សរ៍ក្នុងក្តីសង្ឃឹមជំរុញចំនួនទារកដោយជំនួសមកវិញនូវវិធានការគោលនយោបាយកូនពីរវិញ។
នៅគ្រានោះ ចិនក៏បានកំណត់ទិសដៅជំរុញចំនួនប្រជាជនរបស់ខ្លួនឱ្យដល់ ១,៤២ ពាន់លាននាក់នៅត្រឹមឆ្នាំ ២០២០ ពីចំនួន ១,៣៤ ពាន់លាននាក់ក្នុងឆ្នាំ ២០១០ ផងដែរ។
ប៉ុន្តែអត្រាកំណើតនៅតែបន្តធ្លាក់ចុះរហូត។
នោះគឺមកពីគូស្វាមីភរិយានៅតាមទីក្រុង ជាពិសេសអ្នកដែលកើតក្រោយឆ្នាំ ១៩៩០បានផ្តល់តម្លៃដល់ឯករាជ្យភាពនិងអាជីពការងាររបស់ពួកគេច្រើនជាងការកសាងគ្រួសារ ទោះបីជាមានសម្ពាធពីឪពុកម្តាយដើម្បីឱ្យមានកូនក៏ដោយ។
ការឡើងថ្លៃនៃការរស់នៅតាមទីក្រុងធំៗ ក៏បានរារាំងគូស្វាមីភរិយាពីការយកកូនផងដែរ។
លោកចាងនិយាយថា “ចិនទំនងជាត្រូវបន្ធូរបន្ថយគោលនយោបាយពន្យារកំណើតទាំងស្រុងហើយពន្យារអាយុចូលនិវត្តន៍ឱ្យបានលឿន”៕