មន្ទីរបរិស្ថានខេត្តរតនគិរីមានផែនការអភិវឌ្ឍបឹងយក្សម៉ាយ ដើម្បីទាក់ ទាញភ្ញៀវទេសចរចូលទៅលេងកម្សាន្ត

0
103

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរីជាច្រើន ខាងមន្ទីរបរិស្ថានខេត្តបានអភិវឌ្ឍជាបន្តបន្ទាប់ ដែលក្នុងនោះតំបន់បឹងយក្សម៉ាយក៏បាននិងកំពុងអភិវឌ្ឍ ដើម្បីឱ្យមានសោភ័ណភាពកាន់តែស្អាត ដើម្បីទទួលភ្ញៀវទេសចរទៅលេងកម្សាន្ត។

លោកបញ្ជាក់ថា នៅពេលដែលតំបន់នេះបានអភិវឌ្ឍបានស្រស់ស្អាតហើយ នឹងមានភ្ញៀវទេសចរចាប់អារម្មណ៍ទៅទស្សនាលេងកម្សាន្តជាច្រើន ដែលអាចបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាសហគមន៍បន្ថែមទៀតដើម្បីផ្គត់ផ្គង់ជីវភាព ។

« បឹងយក្សម៉ាយនេះគឺស្ថិតក្នុងតំបន់ការពារធម្មជាតិដែនជំរកសត្វព្រៃលំផាត់របស់យើង ហើយបច្ចុប្បន្ននេះយើងកំពុងធ្វើអភិរក្ស ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរទៅទស្សនាលេងកម្សាន្តឱ្យបានច្រើន យើងទាមទារឱ្យមានការចូលរួមគ្រប់ភាគី ទាំងសហគមន៍ មូលដ្ឋាន ទាំងស្ថាប័នវិស័យពាក់ព័ន្ធដូចជាខាងទេសចរណ៍ ហើយរាល់ថ្ងៃនេះយើងកំពុងតែជំរុញធ្វើយ៉ាងណាឱ្យកាន់តែមានភាពកាន់តែប្រសើរឡើងហើយសម្បូរបែប នៅតំបន់សក្តានុពលទេសចរណ៍សម្រាប់ភ្ញៀវទេសចរគាត់ទៅលេង » ។

លោកបានបន្ថែមថា ការបង្កើតសហគមន៍ទេសចរណ៍នេះ ក៏ចង់ឱ្យក្រុមប្រជាសហគមន៍មានស្មារតីរួមគ្នាថែរក្សាការពារសត្វព្រៃនានានៅក្នុងតំបន់នេះ ដូចជាការដើរល្បាតព្រៃ ដើម្បីទប់ស្កាត់ការ បរបាញ់សត្វព្រៃខុសច្បាប់និងទប់ស្កាត់មិនឱ្យមានករណីកាប់បំផ្លាញព្រៃឈើខុសច្បាប់នាំឱ្យបាត់បង់ជំរកសត្វព្រៃ ។

សូមបញ្ជាក់ថា បឹងយក្សម៉ាយស្ថិតនៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here