ក្រុមហ៊ុនរុករករ៉ែអវកាសទើបបង្កើតថ្មីមួយរបស់ចិនបានបាញ់បង្ហោះទៅគន្លងផែនដីទាបកាលពីថ្ងៃអង្គារទី២៧មេសានូវរ៉ូបូតគំរូមួយ ដែលអាចប្រមូលកម្ទេចកម្ទីបន្សល់ដោយយានអវកាសផ្សេងទៀតជាមួយនឹងសំណាញ់ដ៏ធំ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា រ៉ូបូត NEO-01 ដែលនឹងចូលជ្រៅក្នុងទីអវកាសដើម្បីសង្កេតមើលភពតូចៗផងដែរនោះត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Long March 6 របស់រដ្ឋាភិបាលរួមជាមួយផ្កាយរណបមួយចំនួន។
យោងតាមក្រុមហ៊ុន Origin Space បានឱ្យដឹងថា រ៉ូបូតទម្ងន់ ៣០ គីឡូក្រាម ដែលអភិវឌ្ឍដោយក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងសិនចិននេះ នឹងត្រួសត្រាយផ្លូវសម្រាប់បច្ចេកវិជ្ជានាពេលអនាគត ដែលមានសមត្ថភាពរុករករ៉ែនៅលើអាចម៍ផ្កាយ។
ចាប់តាំងពីការបង្កើតក្រុមហ៊ុនរុករករ៉ែអាចម៍ផ្កាយដំបូងបង្អស់នៅលើពិភពលោកក្នុងឆ្នាំ ២០០៩ ឥឡូវមានក្រុមហ៊ុនរាប់សិបនៅទូទាំងពិភពលោកបានចូលប្រឡូកក្នុងវិស័យថ្មីនេះ រួមទាំងក្រុមហ៊ុន 3D Systems របស់សហរដ្ឋអាម៉េរិក និង ក្រុមហ៊ុន Astroscale របស់ជប៉ុន។
ខុសពីបច្ចេកវិជ្ជារបស់ក្រុមហ៊ុន Astroscale ដែលប្រើមេដែកដើម្បីប្រមូលសំរាមអវកាស រ៉ូបូត NEO-01 នឹងប្រើសំណាញ់ដើម្បីចាប់យកកម្ទេចកម្ទីហើយបន្ទាប់មកដុតវាដោយប្រព័ន្ធបញ្ឆេះអគ្គិសនីរបស់ខ្លួន នេះយោងតាមរបាយការណ៍នៅលើវេបសាយរបស់ក្រុមហ៊ុន។
ផ្កាយរណបរាប់ពាន់ត្រូវបានបាញ់បង្ហោះនៅទូទាំងពិភពលោក។ នៅពេលណាដែលពួកវាហួសសម័យ វានឹងក្លាយជាសំរាមអវកាស បង្កគ្រោះថ្នាក់ដល់ផ្កាយរណបដទៃទៀត៕