ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមសម្រេចរក្សាទុកសេនារីយោត្រឹម២ គឺរក្សានៅឆ្នាំ២០២១ ឬពន្យារពេលទៅ ឆ្នាំ២០២២

0
150

CAMSOC-ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គឺម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម ឆ្នាំ២០២១ បានរក្សាទុកនូវសេនារីយោត្រឹម២ប៉ុណ្ណោះ ដោយរក្សាកាលបរិច្ឆេត នៅចុងឆ្នាំ២០២១ដដែល ឬអាចពន្យារពេលទៅឆ្នាំ២០២២វិញ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានចូលរួមប្រជុំជាមួយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលជាក្រុមប្រឹក្សារៀបចំការប្រកួតកីឡាស៊ីហ្គេម តាមប្រព័ន្ធអនឡាញ។

ឯកឧត្តមសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីស្ដាប់របាយការណ៍ចុងក្រោយ ក៏ដូចជាស្ដាប់ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាកីឡាអាគ្នេយ៍ ក្នុងការពិនិត្យមើលលទ្ធភាពរបស់វៀតណាម ដែលត្រូវធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២១ ថាតើត្រូវរក្សានៅកម្មវិធី និងពេលវេលា នៃការប្រកួតដដែល ឬមួយក៏ត្រូវលើកពេល? ដូច្នេះកិច្ចប្រជុំមានរបៀបវារៈ ៣សំខាន់ៗ ទី១-របាយការណ៍វឌ្ឍនភាព និងការសម្រេចចិត្តរបស់ភាគីវៀតណាម ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ទី២-ការធ្វើសេចក្ដីរាយការណ៍ខ្លី អំពីវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ និងទី២-ការទទួលយក ឬអត់ នៃប្រទេសបន្ដវេណធ្វើម្ចាស់ផ្ទះ បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០២៣ គឺមានឆ្នាំ២០២៥ នៅថៃ ឆ្នាំ២០២៧ នៅព្រុយណេ និងឆ្នាំ២០២៩ នៅឡាវ។ ប្រទេសនីមួយៗបានជជែក និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ហើយប្រទេសនីមួយៗបានបញ្ចេញនូវអំណះអំណាងរៀងៗខ្លួនក្នុងការទទួល ឬមិនទទួលយក ក្នុងការសម្រេចចិត្តរបស់វៀតណាម ដែលចង់ពន្យារពេលស៊ីហ្គេម រយៈពេលវែង។

កាលពីប្រជុំលើកមុន វៀតណាម បានដាក់សេនារីយ៉ូ ៣ ដើម្បីធ្វើការពិគ្រោះយោបល់ និងការសម្រេចពីរដ្ឋាភិបាលវៀតណាម។ ឥឡូវនេះ ដោយសារគណៈកម្មាធិការអូឡាំពិកវៀតណាមបានអះអាងថា មិនទាន់បានទទួលការសម្រេចចិត្តពីរដ្ឋាភិបាលនៅឡើយទេ ប៉ុន្ដែរដ្ឋាភិបាលវៀតណាមសុំកិច្ចប្រជុំនេះ ដោយកំណត់យកលក្ខខណ្ឌតែ ២ប៉ុណ្ណោះ ដើម្បីយកទៅធ្វើការសម្រេចចិត្ត។ មានន័យថា កាលមុនសេនារីយោ ៣ ប៉ុន្តែឥឡូវបន្ថយមកនូវសេនារីយោតែ២ គឺទី១-ប្រទេសទាំងអស់សុំឲ្យរក្សានៅកម្មវិធី ឬកាលបរិច្ឆេទនៅដដែល គឺរៀបចំពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ និងទី២-ពិភាក្សា និងអនុម័តទៅលើវៀតណាមអាចនឹងលើកទៅឆ្នាំ២០២២ ក្នុងខែមេសា ឬខែឧសភាមិនឲ្យលើសពីខែនេះទេ តែដោយឡែកកម្ពុជាយើងបានសំណូមពរបើសិនជាវៀតណាមចង់លើកពេលទៅឆ្នាំក្រោយ កុំយកខែឧសភា ព្រោះវាជាន់នឹងកីឡាជាតិរបស់យើង ក្នុងការរៀបចំការប្រកួតកីឡាជាតិ។

ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ថា អង្គប្រជុំបានដាក់សេនារីយោ ២នេះ ហើយភាគីវៀតណាម បានឆ្លើយតបដោយពេញចិត្តថា សេនារីយោទាំង២នេះ នឹងដាក់ជូនរដ្ឋាភិបាលរបស់ខ្លួន ក្នុងការសម្រេចចិត្ដចុងក្រោយក្នុង ២សប្ដាហ៍ខាងមុខ។ មានន័យថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ការកោះប្រជុំរបស់គណៈអចិន្ដ្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នឹងអនុម័តចុងក្រោយ ហើយបានដាក់លក្ខខណ្ឌឲ្យវៀតណាមថា ត្រូវតែអនុម័តចុងក្រោយ នៅថ្ងៃទី៨ ខែកក្កដាខាងមុខនេះ។ ការអនុម័តចុងក្រោយនេះហើយ មិនមានន័យថា វៀតណាមទទួលបានការសម្រេចក្នុងអង្គប្រជុំនេះទេអង្គប្រជុំទទួលបានហើយ អង្គប្រជុំពិភាក្សាគ្នាហើយបានលើកការប្រជុំនេះទៅឲ្យគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទៀតហើយ ទើបអាចចេញជាស្ថាពរបាន។ ប៉ុន្ដែជាទស្សនៈទានរួមរបស់អង្គប្រជុំ គឺបានអបអរសាទរចំពោះសេនារីយ៉ូទាំង ២ នេះ ថា បើវៀតណាមយកសេនារីយោមួយណា គឺប្រទេសទាំងអស់នឹងគោរពតាម ហើយនឹងខិតខំរៀបចំខ្លួន ដើម្បីចូលរួម បើទោះបីជាប្រទេសភាគច្រើនមានបញ្ហានៅឆ្នាំ២០២២ ដោយឆ្នាំក្រោយវាប៉ះដល់ការប្រកួតកីឡាជាច្រើនទៀតរបស់ប្រទេសនីមួយៗ ដោយសារប្រភេទកីឡាមួយចំនួនត្រូវលើកទៅឆ្នាំ២០២២ ។

«ទោះបីវៀតណាម លើកពេលទៅឆ្នាំ២០២២ ក៏ដោយ ក៏កម្ពុជា ចាប់ពីឆ្នាំ២០២២ គឺអាចធ្វើការងាររបស់ខ្លួនក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បណ្ដោះអាសន្ន យើងមិនទាន់ទទួលការផ្ដល់សិទ្ធអំណាចជាផ្លូវការមែន តែក្នុងអង្គប្រជុំប្រទេសទាំងអស់ថា កម្ពុជាអាចរក្សានូវផែនការយុទ្ធសាស្ដ្រ និងការងាររបស់ខ្លួន នៅដើមឆ្នាំ២០២២ តទៅ។ យើងនឹងចាប់ផ្ដើមយុទ្ធនាការទូទាំងប្រទេស និងយុទ្ធនាការលើឆាកអន្ដរជាតិអំពីស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់យើង គឺគេបានគាំទ្រ ហើយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍មុនស៊ីហ្គេមនៅវៀតណាមក៏បាន គេថាអត់មានបញ្ហាអ្វីទេ គេឲ្យយើងធ្វើ។ បានន័យថា យើងទទួលបានការគាំទ្រពេញទំហំពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឲ្យយើងធ្វើជាម្ចាស់ផ្ទះ ដោយមិនមានការប៉ះទង្គិចផ្លូវច្បាប់ ឬបញ្ហាអ្វីឡើយ»។ នេះជាការអះអាងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here