ដំណឹង​រីករាយ​! រកឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស ជា​លើកដំបូង នៅក្នុង​តំបន់ការពារធម្មជាតិ ខេត្តរតនគិរី​

0
210

ភ្នំពេញៈ ក្រសួងបរិស្ថាន បានប្រកាស​រកឃើញ ពី​វត្តមាន​សត្វ​ឈ្លូស​យក្ស ជា​លើកដំបូង នៅក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ភូមិសាស្ត្រ ខេត្តរតនគិរី​។​

​គួរបញ្ជាក់​ថាៈ សត្វ «​ឈ្លូស​យក្ស​» ជា​ភាសា​បច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជា​ប្រភេទ​សត្វ​រងគ្រោះ ជិត​ផុត​ពូជ​ខ្លាំង លើ​ពិភពលោក នៅក្នុង​បញ្ជី​ក្រហម របស់ IUCN ត្រូវបាន​រកឃើញ ជា​លើកដំបូង នៅក្នុង​តំបន់ការពារធម្មជាតិ នៃ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត ៣០ ឆ្នាំ ចាប់តាំងពី​ពេល ដែល​អ្នកជំនាញ បាន​រកឃើញ លើកដំបូង នៅ​ឆ្នាំ​១៩៩៤ ក្នុងប្រទេស​វៀតណាម និង​ឡាវ នៅតាម​ជួរ​ភ្នំ​អាណា​ម ដែល​លាតសន្ធឹង ដល់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ភាគ​ឦសាន ប្រទេស​កម្ពុជា​។​

​បើតាម​ការ​ឱ្យដឹងពី សំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​ថាៈ ការរកឃើញ​នេះ គឺ​ឈរលើ​ទិន្នន័យ​រូបភាព ប្រមូលបាន​ពី​ម៉ាស៊ីន​ថត ស្វ័យប្រវត្តិ ដាក់​ដោយ​មន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​សិក្សា​ស្រាវជ្រាវ សត្វព្រៃ​កម្រៗ នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ភូមិសាស្ត្រ​ខេត្តរតនគិរី ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​២០២១​នេះ​។​

​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានចាត់ទុក​ថាៈ នេះ​គឺជា​ដំណឹង​ដ៏​រីករាយ​បំផុត សម្រាប់​កម្ពុជា និង​សម្រាប់​ពិភពលោក​ទាំងមូល ដែល​ប្រភេទ​សត្វ​កម្រ រងគ្រោះ​ជិត​ផុត​ពូជ ខ្លាំង​បំផុត​នេះ មាន​វត្ត​មាននៅ ក្នុងប្រទេស​កម្ពុជា និង​បាន​ថ្លែង​កោតសរសើរ ចំពោះ​ក្រុមមន្ត្រី​ក្រសួងបរិស្ថាន ប្រជា​សហគមន៍ ដែល​បាន​រួមគ្នា ចុះ​សិក្សា​ស្រាវជ្រាវ ប្រភេទ​សត្វព្រៃ នៅក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​បាន​បាន​លះបង់ កម្លាំងកាយ​ចិត្ត ក្នុង ការធ្វើដំណើរ​ដ៏​លំបាក ក្នុងព្រៃ ដើម្បី​បំពេញការងារ​របស់ខ្លួន​។​

​លោក រដ្ឋលេខាធិការ បានបញ្ជាក់​ថាៈ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ ពិតជា​មានតម្លៃ​បំផុត សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​អ្នក​បរិស្ថាន ហើយ​ចាំបាច់ យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ការពារ និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ ឱ្យបាន​គង់វង្ស ក្នុងព្រៃ​កម្ពុជា​។​

​ដោយ​ការការពារ និង​អភិរក្ស​ធន​ធន​ធម្មជាតិ បានល្អ​ប្រសើរ ដែលជា​ទីជម្រក កន្លែង​រក​ចំណី និង​ប្រភព ទឹក ដែលជា​តម្រូវ​ការចាំបាច់ សម្រាប់​ការរស់នៅ របស់​សត្វព្រៃ យើង​ឃើញ​មាន​វត្តមាន ប្រភេទ​សត្វ​កម្រៗ ជាច្រើន​ប្រភេទ ចាប់ផ្តើម​មាន​វត្តមាន នៅក្នុង​ព្រៃ​កម្ពុជា​។ នេះ​គឺជា​លទ្ធផល​ដ៏​វិជ្ជមាន​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង អភិរក្ស​ធនធានធម្មជាតិ របស់​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​លោក ពិន ច័ន្ទ​រតនា ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ នៃ​នាយកដ្ឋាន​អភិរក្ស តំបន់ការពារធម្មជាតិ ដីគោក ខាងកើត​ទន្លេមេគង្គ នៃ​ក្រសួងបរិស្ថាន ដែល​ដឹកនាំ​ការស្រាវជ្រាវ ឧបត្ថម្ភ​គាំទ្រ ដោយ​ក្រសួងបរិស្ថាន និង​ការិយាល័យ​ស្រាវជ្រាវ អភិរក្ស​សត្វព្រៃ (WildCRU) នៃ​សាកលវិទ្យាល័យ Oxford ចក្រភព​អង់គ្លេស បាន​ថ្លែងថាៈ សត្វ​ឈ្លូស​យក្ស ចូលចិត្ត​រស់នៅក្នុង​ព្រៃ​ស្រោង និង​ព្រៃ​ពាក់កណ្តាល​ស្រោង មាន​រយៈកម្ពស់​ខ្ពស់ (​រហូតដល់​ជាង ១.០០០ ម៉ែត្រ ពី​នីវ៉ូ​សមុទ្រ​)​។ នៅ​កំឡុង​ទសវត្ស ឆ្នាំ​៩០ ស្នែង​ឈ្លូស​យក្ស ត្រូវ​បានឃើញ​ដាក់លក់ នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ នៃ​ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា ប៉ុន្តែ​មិនដែល​មានការ​រាយការណ៍ ពី​ការ​ឃើញ​ខ្លួន​វា ដោយផ្ទាល់​នោះទេ​។​

​លោក​បាន​ថ្លែងថាៈ ឈ្លូស​យក្ស ជា​ប្រភេទ​ឈ្លូស ដែលមាន​មាឌធំ​ជាងគេ អាចមាន​ទម្ងន់ លើសពី ៣០ គីឡូក្រាម ក្នុង​មួយ​ក្បាល និង​ស្ថិត​ក្នុងចំណោម ឈ្លូស​ទាំង ១២ ប្រភេទ ហើយ​លក្ខណៈ​ខុសគ្នា រវាង​សត្វ​ឈ្លូស​យក្ស និង​សត្វ​ឈ្លូស​ធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមាន​វត្តមាន ស្ទើរតែ​នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ត្រង់ចំណុច បី​សំខាន់​៖

​ទី​១)​ស្នែង​៖ ស្នែង​សត្វ​ឈ្លូស​យក្ស មាន​ទំហំ​ធំ ជាង​ស្នែង​សត្វ​ឈ្លូស​ធម្មតា ខ្នែង​ស្នែង​តូច ដុះ​ស្រប ឬក៏​ដុះ​បែក​ងាក​ចេញ​ក្រៅ ពី​ខ្នែង​មេ ហើយ​គល់​ស្នែង​របស់​ឈ្លូស​យក្ស ខ្លី​ជាង​គល់​ស្នែង របស់​ឈ្លូស​ធម្មតា​។ ទី​២) កន្ទុយ​៖ កន្ទុយ​របស់​សត្វ​ឈ្លូស​យក្ស មាន​ប្រវែង​ខ្លី​ជាង (​ប្រហែល​១/៣) កន្ទុយ​របស់​សត្វ​ឈ្លូស​ធម្មតា ហើយ​កន្ទុយ​នោះ មាន​រាង​ត្រីកោណ និង​មាន​ពណ៌​ស នៅ​ផ្នែក​ខាងក្រោម​។​
​ទី​៣) ថ្ងាស​របស់​សត្វ​ឈ្លូស​យក្ស​ញី មាន​ពណ៌​ក្រ​ម៉ៅ (​ស្ទើរតែ​ខ្មៅ​តែម្តង​) ជាង​ថ្ងាស​ឈ្លូស​ធម្មតា​។​

​តាមរយៈ​ការសិក្សា រកឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស​នេះ លោក នេត្រ ភក្ត្រា បាន​ថ្លែងថាៈ ក្រសួងបរិស្ថាន នឹង​បញ្ចូល​ប្រភេទ​សត្វ​នេះ ទៅក្នុង​បញ្ជី​ជីវៈចម្រុះ ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​។
​កម្ពុជា​ដែល​តាម​ការបញ្ជាក់ របស់​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ត្រូវបាន​អ្នកជំនាញ​ស្រាវជ្រាវ ឃើញថា ជា​ប្រទេស​សម្បូរ ទៅដោយ​ជីវៈចម្រុះ ដែល​បានបង្ហាញ​វត្តមាន ប្រភេទ​ថនិកសត្វ ១២៣ ប្រភេទ សត្វ​ស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិ​តូចៗ (vascular plants) ២.៣០៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្ម​រឹង ២៤ ប្រភេទ ផ្កាថ្ម​ទន់ ១៤ ប្រភេទ ស្មៅ​សមុទ្រ ១០ ប្រភេទ និង​ថលជលិក ៦៣ ប្រភេទ​។ នៅមាន​វត្តមាន ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយចំនួនទៀត ដែល​មិនទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់ អត្តសញ្ញាណ​នៅ​ទ្បើ​យ​។ មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ ដែល​បានកំណត់ ក្នុង​បញ្ជី​ក្រហម របស់​អង្គការ សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ក្នុង​តារាង​១ ដូចជា​៖ ថនិកសត្វ ៣៩ ប្រភេទ​, សត្វ​ស្លាប ៣៦​ប្រភេទ​, ឧរង្គសត្វ ១៣​ប្រភេទ​, រុក្ខជាតិ​តូចៗ (vascular plants) ៣៨​ប្រភេទ និង ថលជលិក​១២​ប្រភេទ​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ប្រជាពលរដ្ឋ ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ ដែល​កម្ពុជា មាន​ជាពិសេស​ប្រភេទ​សត្វ​ពូជ​កម្រៗ ជិត​ផុត​ពូជ នៅលើ​ពិភពលោក ឱ្យបាន​គង់វង្ស​។
​តាម​ការបញ្ជាក់​ឱ្យដឹង របស់​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ប្រភេទ​សត្វ​ឈ្លូស​យក្ស​នេះ ត្រូវបាន​ចាត់ជា ប្រភេទ​រងគ្រោះ ជិត​ផុត​ពូជ​ខ្លាំង (Critically Endangered) នៅក្នុង​បញ្ជី​ក្រហម​របស់ IUCN ហើយ​កត្តា​គំរាម កំហែង​ដល់​សត្វ​ឈ្លូស​យក្ស គឺ​ការ​បរបាញ់​យក​ស្នែង និង​សាច់​។ ដូច្នេះ​យើង​ត្រូវ និយាយថា​ទេ ចំពោះ​សាច់​សត្វព្រៃ និង​សូមកុំ​បរិភោគ​សាច់សត្វ​ព្រៃ ដើម្បី​បញ្ឈប់​ការ​បរបាញ់ និង​ការដាក់​អន្ទាក់ សម្លាប់សត្វ ដោយ​ខុសច្បាប់​។

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here