អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ទីរនិងអាជ្ញាធរ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ (LASED III) តាមប្រព័ន្ធ ZOOM

0
52

ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ចូលរួមសិក្ខាសាលាផ្សព្វផ្សាយចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣ (LASED III) តាមប្រព័ន្ធ ZOOM ក្រោមអធិបតីភាព ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាការដឹកនាំគម្រោង និង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កិច្ចប្រជុំតាមប្រព័ន្ធ ZOOM នេះ ប្រព្រឹត្តទៅ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នចំណុះគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ លោកប្រធាន អនុប្រធានមន្ទីរជំនាញ លោកអភិបាល អភិបាលរងស្រុក និងឃុំ ពាក់ព័ន្ធ សហគមន៍ជនជាតិដើមភាគតិច ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀត ។
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារ ក្នុងនោះឥណទានធនាគារពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដី សង្គមកិច្ច និង ៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០ ០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច ១ ៥០០គ្រួសារ ។
សកម្មភាពរបស់គម្រោងផ្តោតលើការងារ សំខាន់ចំនួន ៥ គឺការងារសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ, ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល ៕
សាន វិឡែម ២៤.៦.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here