អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ ក្រោយទ្រុឌទ្រោមរាប់រយឆ្នាំមកហើយ

0
91

(សៀមរាប)៖ ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន ៣ នៅពីលើកំពូលកណ្តាលមានកម្ពស់រហូតដល់ ២៣ ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារមានរូបព្រះឥន្ទគង់លើដំរីឰរាវ័ណ (ដំរីក្បាលបី) ហើយនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតា និងយក្សទាញនាគវាសុកី។

ដោយសារកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើ និងក្បែរ បានបណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាដួលរលំស្ទើរអស់គ្មានសល់ ហើយបានធ្វើឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំង ដោយរូបចម្លាក់ព្រះឥន្ទគង់លើដំរីឰរាវ័ណបានរលុះធ្លាក់ដី ដំបូលរលុះ និងផ្នែកនៅសល់បានហែកញែករកកលនឹងរលុះធ្លាក់មកដី។

កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួសជុលបង្កាន់ដៃរូបទេវតា និងអសុរ បានឱ្យដឹងថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ រួមមាន៖ ការងាររៀបរន្ទារទល់ទ្រពង្រឹងរចនាសម្ពន្ធប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើការ និងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួម ក្នុងការជួសជុល, ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយព្យហើយ និងដំរីអាទិទេព, និងការងារជួសជុលស្ពានប្រវែង ១០ ម៉ែត្រ។ ចំពោះការងារជួសជុលខាងលើនឹងត្រូវអនុវត្តទន្ទឹមគ្នា គ្រោងនឹងដំណើរការដំណាលគ្នា។

ចំពោះបញ្ហាដែលក្រុមការងារជួបប្រទះ មានដូចជាស្ថានភាពរូបចម្លាក់អមសងខាងស្ពានមានភាពទ្រុឌទ្រោមស្ទើរតែរាបដល់ដី ថ្មចម្លាក់មាននៅលាយឡំគ្នា និងខ្លះទៀតបានបាត់បង់ ធ្វើឱ្យក្រុមការងារពិបាកក្នុងការស្វែងរកថ្មមករៀបចំផ្គុំឡើងវិញ និងការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាល ចម្លាក់ លើរចនាសម្ពន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំបានងាកចេញពីទីតាំងដើម។

សូមជម្រាបថា ខ្លោងទ្វារតាកាវ ត្រូវបានប្រារព្ធពិធីក្រុងពលី ដើម្បីដំណើរការជួសជុលកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមគំនិតផ្តួចផ្តើម និងអនុវត្តផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here