អ្នកទៅដល់ភ្នំខ្នងផ្សារ តើបានឃើញសំណង់របស់បុព្វបុរសសម័យបុរេប្រវត្តិដែរឬទេ?

0
102

(កំពង់ស្ពឺ)៖ តំបន់ភ្នំខ្នងផ្សារ គឺជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅក្នុង «សហគមន៍អេកូទេសចរណ៍តាំងបំពង់» នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយទីកន្លែងនោះពោរពេញទៅទេសភាពព្រៃព្រឹក្សាលតាវល្លិ ទេសភាពវាលស្មៅបៃតងស្រស់ខ្ចីក្រាលក្រាបសណ្ដូកលើខ្នងភ្នំចំនួនបីជាប់ៗគ្នា ប៉ុន្តែមានអ្វីម្យ៉ាង ដែលភ្ញៀវទេសចរភាគច្រើនតែងមើលរំលង។

វត្ថុនោះគឺនៅមិនឆ្ងាយពីភ្នែករបស់ភ្ញៀវទេសចរប៉ុន្មានឡើយ ប៉ុន្តែគ្រាន់តែពួកគេមិនសូវចាប់អារម្មណ៍អំពីវា នោះគឺសំណង់ស្ថាបត្យកម្មដំបូងរបស់មនុស្សសម័យបុរេប្រវត្តិ ឬអាចនិយាយបានថាជា «សំណង់បេតិកភណ្ឌដំបូងរបស់បុព្វបុរសនាសម័យបុរេប្រវត្តិ»។ សំណង់សម័យបុរេប្រវត្តិនេះ បើតាមភាសាបច្ចេកទេសគេហៅថា «Dolmen»។

Dolmen គឺជាសំណង់ផ្ទាំងសិលាធំៗ មានទម្ងន់រាប់តោន ដែលមនុស្សសម័យបុរេប្រវត្តិលើកបន្តុបដាក់កល់ពីលើគ្នា។ វាតែងមានជើងទម្រចំនួន ២ ឬ ៣ ឬ ៤ ដូចជើងចង្ក្រាន ជ្រែងទ្រពីក្រោមផ្ទាំងថ្មមួយដុំផ្សេងទៀត មានលក្ខណៈដូចជាដំបូល។ នៅខាងក្រោមដំបូលថ្មទាំងនោះច្រើនតែជាកន្លែងកប់សាកសព ខណៈមនុស្សសម័យបុរេប្រវត្តិតែងតែកប់របស់របរប្រើប្រាស់ និងគ្រឿងប្រដាប់របស់អ្នកស្លាប់ទៅជាមួយដែរ។

Dolmen ឈ្មោះនេះហាក់ដូចជាប្លែកបន្តិចសម្រាប់ប្រជាជនកម្ពុជា ពីព្រោះសំណង់ថ្មបែបនេះមិនសូវទទួលបានការចាប់អារម្មណ៍ច្រើននោះឡើយ ប៉ុន្តែវាត្រូវបានគេស្គាល់ស្ទើរតែទូទាំងពិភពលោក ថែមទាំងមានការអភិរក្សទុកដូចជាសម្បត្តិមនុស្សជាតិ ឬសម្បត្តិបេតិកភណ្ឌទៀតផងដែរ។ បច្ចុប្បន្ន គេឃើញមានសំណង់ថ្ម Dolmen ស្ទើរតែពាសពេញពិភពលោក ដូចជានៅប្រទេសអេស្ប៉ាញ អង់គ្លេស អៀរឡង់ បារាំង តំបន់អាហ្វ្រិក តំបន់មជ្ឈិមបូព៌ា ឥណ្ឌា ចិន កូរ៉េជាដើម។

Dolmen ត្រូវបានគេពន្យល់ថាជានិម្មិតសញ្ញាសំខាន់នៃសម័យបុរេប្រវត្តិ និងជានិម្មិតសញ្ញានៃការរួបរួមគ្នារបស់ក្រុមកុលសម្ព័ន្ធបង្កើតបានជាពូជពង្សមនុស្ស ឬអាចនិយាយបានថាវាជាតឹងតាងដែលបន្សល់ទុកដោយបុព្វបុរសសម័យបុរេប្រវត្តិ ពេលដែលពួកគាត់រស់នៅជាកុលសម្ព័ន្ធនៅឡើយ។ តាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រ សំណង់របស់បុព្វបុរសដើមទាំងនេះចាប់ផ្ដើមមានវត្តមានក្នុងយុគថ្មរំលីងដំបូងចន្លោះឆ្នាំ ៤០០០-៣០០០ មុនគ្រិស្ដសករាជ ឬអាចនិយាយបានថា មនុស្សចាប់ផ្ដើមសាងសង់សំណង់បែបនេះតាំងពី ៥០០០ ទៅ ៦០០០ ឆ្នាំមុនមកម្ល៉េះ។

ជារឿងគួរឱ្យចាប់អារម្មណ៍មួយ ដែលសំណង់ថ្ម Dolmen មានវត្តមាននៅតំបន់ភ្នំខ្នងផ្សារនៃដែនដីកម្វុជរដ្ឋយើង។ នៅទីនោះមានសំណង់ថ្ម Dolmen ដល់ទៅពីរកន្លែងឯណោះ គឺនៅត្រង់ជម្រាលខាងត្បូងនៃភ្នំខ្នងផ្សារ «ខាងស្ដាំផ្លូវដើរទៅកាន់កន្លែងទស្សនាព្រះអាទិត្យរះ» មួយកន្លែង និងនៅត្រង់ចំណុច «ថ្មកាំភ្លើង» មួយកន្លែងទៀត ដែលថ្មកាំភ្លើងនោះឯងគឺជាសំណង់ថ្ម Dolmen។

សូមជម្រាបថា មកទល់សព្វថ្ងៃ សំណង់ថ្ម Dolmen នៅតែជាប្រស្នាដ៏អាថ៌កំបាំងសម្រាប់អ្នកបុរាណវិទ្យា ពីព្រោះគេនៅមិនទាន់ដឹងថាមនុស្សសម័យនោះប្រើវិធីអ្វី ដើម្បីជញ្ជូនថ្មដែលមានទម្ងន់រាប់តោន និងមានវិធីរៀបចំដូចម្ដេចខ្លះ ទើបអាចតម្កល់ថ្មទាំងនោះដោយមិនធ្លាក់ចុះមកដីវិញ ទោះបីជាកន្លងទៅរាប់ពាន់ឆ្នាំហើយក៏ដោយ៕

ប្រភព : ហ្រ្វេសញូស

 

LEAVE A REPLY

Please enter your comment!
Please enter your name here