កណ្ដាលៈ ខ្មែរអ៊ិស្លាម២នាក់ បានស្លាប់ ដោយសារត្រូវរន្ទះបាញ់ ខណៈពួកគេនាំគ្នា ទៅទាក់សត្វ នៅឯបឹងមួយកន្លែង កាលពីវេលាម៉ោងជិត ២ រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិ ពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ ១-ឈ្មោះ ម៉ាត់ នសា ភេទប្រុស អាយុ២៨ឆ្នាំ និងទី២-ឈ្មោះ ស៊េន ម៉ាអ៊ែល ភេទប្រុស អាយុ១៦ឆ្នាំ ។ ខ្មែរអ៊ិស្លាម ២នាក់នេះ មានមុខរបរ ជាអ្នកនេសាទ និងមានទីលំនៅ ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែល បានបន្តថាៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣និង ០០នាទី បុរសជាឪពុក ឈ្មោះម៉ាន ស៊េន អាយុ៥៣ឆ្នាំ ជនជាតិអ៊ិស្លាម បាននាំកូនប្រសា និងកូនបង្កើត ទៅវ៉ៃលប់ (ទាក់សត្វ)។ លុះដល់ម៉ោង ១៣និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ឪពុក និងជនរងគ្រោះ ទាំងពីរនាក់ បាននាំគ្នាទៅវ៉ៃលប់ (ទាក់សត្វ) ។
ពេលនោះ មានភ្លៀង និងខ្យល់យ៉ាងខ្លាំង ពួកគេបាននាំគ្នា ទៅជ្រកទឹកភ្លៀង នៅក្រោមដើមកាស្យា ភ្លាមនោះ ក៏មានរន្ទះបាញ់ ចំនួនមួយគ្រាប់ បានបាញ់ចំដើម កាស្យា និងមនុស្សបណ្តាលឱ្យ ជនរងគ្រោះ ទាំងពីរនាក់ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឈ្មោះ ម៉ាន ស៊េន ដែលជាឪពុក បាននៅឆ្ងាយពីដើមអាកាស្យា ប្រហែល ៥ ម៉ែត្រ មិនមានរងរបួសនោះទេ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារ ករណីគ្រោះធម្មជាតិ (រន្ទះបាញ់) ក្រោយពិនិត្យសពរួច បានប្រគល់ជូនក្រុមគ្រួសារ ៕/V-PC
ប្រភព : រស្មីកម្ពុជា