ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបដិសេធ និងច្រានចោល ចំពោះការផ្សព្វផ្សាយ របស់គេហទំព័រ KHMER MEKONG NEW ថាៈ ទាហានកម្ពុជា បានបាញ់ទម្លាក់យន្តហោះវៀតណាម ដែលបានរំលោភ ដែនអាកាសកម្ពុជា នៅខេត្តមណ្ឌលគីរី កាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ គឺជាការប្រឌិតព័ត៌មាន ដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំ ពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ តែប៉ុណ្ណោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ បញ្ជាក់ប្រាប់រស្មីកម្ពុជាថាៈ “ ព័ត៌មានដែលបានផ្សព្វផ្សាយនេះ គឺជាការប្រឌិត ចេះតែនិយាយផ្តេសផ្តាស គ្មានការពិត មិនមែនតែរឿងនឹងមួយទេ គឺមានរឿងផ្សេងៗទៀត វាចេះតែប្រឌិត គ្មានរឿងអីចេះ តែនិយាយទៅ គ្មានបានការ ” ។
ចំណែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគីរី បានមាន ប្រសាសន៍ បញ្ជាក់ប្រាប់រស្មីកម្ពុជា នៅរសៀល ថ្ងៃទី២២ ខែមិថុនានេះថាៈ មិនមានករណី បាញ់ទម្លាក់ យន្តហោះវៀតណាម នៅខេត្តមណ្ឌលគីរី ដូចជា ការផ្សព្វផ្សាយរបស់ គេហទំព័រ KHMER MEKONG NEW នោះទេ។ ហើយការផ្សាយនេះ គឺបំពុលសង្គម។
លោកស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថាៈ “ អត់មានទេ ដូចជាមិនមានអីដល់ថ្នាក់នឹងទេ បាញ់យន្តហោះវៀតណាម ឯណា ពួកនេះ ពួកបំពុលសង្គមទេ ” ។
រីឯប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគីរី បានអះអាងប្រាប់រស្មីកម្ពុជាថាៈ ប៉ុន្មានថ្ងៃមកនេះ គឺមិនមានហេតុការណ៍ អ្វីកើតឡើង គួរឲ្យភ្ញាក់ផ្អើលនោះទេ គឺមានភាពស្ងប់ស្ងាត់។ ហើយចំពោះ ព័ត៌មានដែលថា មានការបាញ់ យន្តហោះវៀតណាមនោះ គឺមិនមាននោះទេ។
ទាក់ទងការបង្ហោះព័ត៌មាននេះ អ្នកលេងបណ្តាញសង្គម ជាច្រើន បានចូលខមមិន នៅក្នុងគេហទំព័រ KHMER MEKONG NEW ថាៈ ព័ត៌មានដែលបានផ្សាយនេះ គឺជាព័ត៌មានមិនពិត និងបានហៅការផ្សាយព័ត៌មាននេះថា ជាការញុះញង់ និងបានសូមឲ្យសមត្ថកិច្ច ចាត់វិធានការ តាមផ្លូវច្បាប់។
គណនីហ្វេសប៊ុក ឈ្មោះ Leangchhong Oeung បានខមមិនថាៈ “ ប្រយ័ត្នគុកណា កុំផ្សាយព័ត៌មាន មិនពិតច្រើនពេក ដើម្បីចង់បានលុយ តែប្រយ័ត្នដេកគុក ស៊ីបាយស្រាប់ ” ។
គណនីហ្វេសប៊ុក ឈ្មោះ Ney sing office បានខមមិនថាៈ “ ចង់ឲ្យអាជ្ញាធរ តាមចាប់អ្នក ដែលផ្សព្វផ្សាយ ព័ត៌មានបំផុសបំផុល ” ។
គណនីហ្វេសប៊ុក ឈ្មោះ Kim Kim បានខមមិនថាៈ “ អាឡប់នេះ និយាយភូតភរខ្មែរគ្នាឯង ចង់អោយខ្មែរ វង្វេងឬ..??? សូមបងប្អូន កំណត់អ្វីខ្លះពិត ហើយអ្វីខ្លះថោកទាប បោកប្រាស់ ការពិត..!!! ” ។
គណនីហ្វេសប៊ុក ឈ្មោះ Boy Kdol បានខមមិនថាៈ “ ព័ត៌មានក្លែងក្លាយ ” ។ គណនីហ្វេសប៊ុក ឈ្មោះ Sann E2 បានខមមិនថាៈ “ សូមបងប្អូនទាំងអស់ កុំជឿ ព្រោះថា Channel មួយនេះ គឺបោកច្រើនដងហើយ ប្រសិនបើខ្មែរ បានបាញ់មែន មិនមែនតែ Channel មួយនេះ បានផ្សព្វផ្សាយទេ គឺមាន Channel ផ្សេងទៀត ផ្សព្វផ្សាយដែរហើយ ជាពិសេស គឺ RFI និង CC Voice” ៕
ប្រភព : រស្មីកម្ពុជា