ប្រទេសឡាវរកឃើញអ្នកឆ្លងកូវីដ-១៩ ជិត១០០នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃពុធនេះ

0
28

(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៩៣ករណីបន្ថែមទៀត ដែលនាំឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៦០៤ករណី ក្នុងនោះ ៥០នាក់បានជាសះស្បើយឡើងវិញ និងគ្មានករណីស្លាប់សូម្បីតែម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។

លោក ផុនផាឌិត សាងសាយ៉ារ៉ាត (Phonepadith Xangsayarath) អគ្គនាយកនៃមជ្ឈមណ្ឌលជាតិសម្រាប់ពិសោធន៍ និងការសិក្សាពីវីរុសរបស់ក្រសួងសុខាភិបាលឡាវ បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងចំណោមអ្នកឆ្លង COVID-19 ខាងលើនេះមាន ៧៥នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋធានី វៀងច័ន្ទ (Vientiane), ១១នាក់នៅក្នុងខេត្ត ចម្ប៉ាសាក់ (Champasak), ០៤នាក់នៅក្នុងខេត្ត ហ្លួងព្រះបាង (Luang Prabang) និង ០៣នាក់ទៀតនៅក្នុងខេត្ត សុវណ្ណាខេត្ត (Savannakhet)។

គួរបញ្ជាក់ថា ជុំវិញការកើនឡើងនូវចំនួនអ្នកឆ្លងនេះ លោក Phonepadith ក៏បានអំពាវនាវផងដែរ ចំពោះរាល់ប្រជាពលរដ្ឋឡាវទាំងអស់ និងជនបរទេសស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងប្រទេសអាស៊ានមួយនេះ គួរតែអនុវត្តតាមវិធានការបង្ការ និងគ្រប់គ្រង COVID-19 ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here