អង់គ្លេស​ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​ឈរ​នៅ​លេខ​១​ក្នុង​ពូ​ល​

0
30

ការប្រកួត​យូរ៉ូ​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ចំនួន ២ គូ និង​ឈាន​ចូល​ជុំ​ទី​៣​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​។​

– អង់គ្លេស vs សាធារណរដ្ឋ​ឆែក (​ពូ​ល D) ៖ កីឡដ្ឋាន Wembley Stadium ក្នុង​ទីក្រុង​ឡុង​ដ៍ អង់គ្លេស

​អង់គ្លេស​នឹង​ត្រូវ​ប៉ះ​សាធារណរដ្ឋ​ឆែក​នៅក្នុង​ពូ​ល D ដោយមាន​៤​ពិន្ទុ​ស្មើគ្នា ហើយ​ក្រុម​ទាំងពីរ​អាច​ឈរ​នៅ​លេខ​១ បើ​មាន​មួយ​ឈ្នះ​នៅថ្ងៃនេះ​។​

​ទោះបី​មាន​ឈ្មោះ​ជា​ប្រទេស​រំពឹង​ឈ្នះ​ពាន​យូរ៉ូ​ខ្ពស់​ក៏​ដោយ ក៏ប៉ុន្តែ​អង់គ្លេស​ត្រូវបាន​បន្សាប​ឥទ្ធិពល​ដោយ​ស្កុត​ឡែន​នៅក្នុង​ការប្រ​កួតជុំ​ទី​ពីរ​។​

​កង្វះ​ការច្នៃប្រឌិត​ពី​តំបន់​ខ្សែបម្រើ​ជាថ្មី​ម្តង​ទៀត​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​លទ្ធផល​ស្មើ​ជាមួយ​ស្កុត​ឡែន ហើយ​ប៊ិះ​នឹង​ចាញ់​ទៀត បើ​ពុំ​មាន​ការសង្គ្រោះ​ដ៏​អស្ចារ្យ​ពី​អ្នកចាំទី ចូ​ដាន ភី​ក​ហ្វ​ត​។ អង់គ្លេស​មិន​ត្រឹមតែ​មិន​អាច​សម្លុត​ស្កុត​ឡែន​បាន​នោះ​ទេ​តែ​ថែម​ទាំង​ឱ្យ​ស្កុត​ឡែន​គំរាម​លើ​ទីលាន​សឹង​៩០​នាទី​ពេញ​វិញ​ទៀត​ផង​។​

​លទ្ធផល​ស្មើ​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​អង់គ្លេស​ឆ្លង​ទៅ​វគ្គ​បន្ទាប់ ព្រោះ​ទាំង​ក្រូ​អាស៊ី​និង​ស្កុត​ឡែន​ទើប​មាន​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ​។ សាធារណរដ្ឋ​ឆែក​ឥឡូវ​កំពុង​ឈរ​នៅ​លេខ​១​ស្មើ​ពិន្ទុ​អង់គ្លេស ប៉ុន្តែ​លើស​គ្រាប់​បាល់​ស៊ុត​១​គ្រាប់​។​

​ឆែក​ពិតជា​លេង​បានល្អ​អស្ចារ្យ​មែនទែន ទោះបី​ពួកគេ​បាន​ត្រឹម​ស្មើ ១-១ ទល់​នឹងក្រូ​អាស៊ី​ក៏ដោយ​។​

​បាល់​ប៉េ​ណាល់​ទី​របស់​កីឡាករ ផា​ទ្រី​ក ស៊ី​ក បានធ្វើឱ្យ​ឆែក​លេង​កាន់តែ​ល្អ ហើយ​ខ្សែប្រយុទ្ធ​របស់ Bayer Leverkusen រូប​នេះ​ឥឡូវ​រកបាន ៣ គ្រាប់​ពី ២ ប្រកួត​។ ក្នុងពេល​ជាមួយគ្នា​នេះ​ដែរ ខ្សែបម្រើ​ដូចជា ចា​កូប ចាន់តូ និង វ្ល៉ា​ឌី​មៀរ ដា​រី​ដា កំពុង​ចាប់​ដៃគូ​គ្នា​លេង​បាន​យ៉ាង​ល្អ​នៅ​តំបន់​កណ្តាល​។​

​ក្នុងនាម​ជា​ក្រុម​ដែល​គេ​មិន​ឱ្យ​ភាគរយ​ខ្ពស់​ក្នុងការ​ឆ្លង​ផុត​ពូ​ល ឆែក​ពិតជា​រីករាយ​នឹង​លទ្ធផល​៤​ពិន្ទុ​ក្នុង​ដៃ ហើយ​ពួកគេ​នឹង​រឹតតែ​រីករាយ​ប្រសិនបើ​អាច​យកឈ្នះ​លើ​អង់គ្លេស​។​

​ដំណឹង​ជើង ៖

​គ្រូបង្វឹក​អង់គ្លេស លោក ហ្គា​រ៉េត សៅ​ហ្គេត នឹង​ពុំ​មាន​ម៉ា​សុន ម៉ោន និង បិ​ន ឈី​វែល ដោយសារ​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក ក្រោយ​ប៉ះពាល់​ខ្សែ​បម្រើ ប៊ីល​លី ហ្គីល​ម័​រ របស់​ស្កុត​ឡែន ដែល​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។ ដូច្នេះ ជម្រើស​១១​នាក់​ដំបូង​លើក​នេះ​អាច​នឹង​មាន​ជែក គ្រីលី​ស រ៉ា​ស្វត និង​សាន់​ឆូ ហើយ​ហ្វីល ហ្វូ​ដិន អាច​នឹង​ដាក់​នៅ​កៅអី​បម្រុង​។

​ខ្សែការពារ ហា​រី ម៉ាកខ្វាយ​អឺ និង ខ្សែ​បម្រើ ចូ​ដាន ហិន​ឌឺ​សុន ក៏​អាច​ចូល​លេង​វិញ​ដែរ ក្រោយ​ចូល​ហ្វឹកហាត់​ពេញ​ម៉ោង​ឡើងវិញ​។

​សម្រាប់​ឆែក​គឺ​មាន​បញ្ហា​របួស​តែ​កីឡាករ ចារ៉ូ​ស្លាវ ស៊ី​ហា​វី ម្នាក់​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ពេញ​ជើង​ទាំងអស់​។

​ព្យាករណ៍ ៖

​ក្រុម​ទាំង​ពីរ​កម្រ​ជួប​គ្នា​ខ្លាំងណាស់ ដោយ​គិត​ក្នុង​ប្រកួត​ផ្លូវ​ការជួប​គ្នា​ទើប​តែ​បាន ៣ ដង​ប៉ុណ្ណោះ ដោយ​ឈ្នះ​ម្នាក់​ម្តង និង​ស្មើ​ម្តង​។ ជួប​គ្នា​ចុងក្រោយ​ក្នុង​ឆ្នាំ ២០០៨ ស្មើគ្នា ២-២​។​

​អង់គ្លេស​ប្រសិនបើ​ចង់​ប្រកាស​ខ្លួនឯង​ជា​ក្រុម​ធំ​មួយ​នៅ​អឺរ៉ុប ត្រូវតែ​ផ្តួល​ឆែក​ឱ្យបាន​នៅថ្ងៃនេះ គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ដូច​អាល្លឺម៉ង់​ផ្តួល​ព័រ​ទុយ​ហ្គាល់​យ៉ាង​អ៊ីចឹង​។​

​ជម្រើស​១១​នាក់​របស់​អង់គ្លេស​នៅ​ពីរ​ប្រកួត​ដំបូង​លេង​មិន​ស៊ីចង្វាក់​គ្នា​ទេ ប៉ុន្តែ​ឈុត​ថ្មី​នេះ​អាច​នឹង​ស៊ីចង្វាក់​គ្នា​ល្អ​ជាង​មុន ហើយ​អាច​នឹង​បង្ក​ព្យុះភ្លៀង និង​ធ្វើឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​។

​ឆែក​ជា​ក្រុម​ចូល​ចិត្ត​លេង​ប្រយុទ្ធ ដូច្នេះ​ប៉ះ​អង់គ្លេស​លេង​បែប​ប្រយុទ្ធ​ដូចគ្នា យើង​រំពឹង​អង់គ្លេស​ជា​អ្នកឈ្នះ​។

​លទ្ធផល​ព្យាករណ៍ ៖ អង់គ្លេស​ឈ្នះ ៤-១​។​

– ស្កុត​ឡែន vs ក្រូ​អាស៊ី (​ពូ​ល D) ៖ កីឡដ្ឋាន Hampden Park ក្នុង​ទីក្រុង​ក្លាស​ហ្គោ ស្កុត​ឡែន​

​ក្រូ​អាស៊ី​និង​ស្កុត​ឡែន​ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​ពូ​ល D ព្រោះ​អង់គ្លេស​និង​ឆែក​ប្រាកដ​ណាស់​នឹង​រក្សា​ចំណាត់​ថ្នាក់​កំពូល​ពីរ​ក្នុង​ពូ​ល​។​

​ក្រូ​អាស៊ី​រំពឹង​លេង​ប្រសើរ​ជាង​មុន បន្ទាប់​ពី​រង​បរាជ័យ​យ៉ាង​ប្រផុតប្រផើយ ១-០ ក្រោម​ថ្វី​ជើង​របស់​អង់គ្លេស​។ ប៉ុន្តែ​ប្រកួត​ទី​ពីរ​ប៉ះ​ឆែក​លេង​អន់​មែនទែន ទោះបី​លទ្ធផល​១-១​ក៏ដោយ​។​

​ដោយមាន ១ ពិន្ទុ​ពី ២ ប្រកួត ក្រុម​ដែល​គ្រប់គ្រង​ដោយ​ស្លាត់​កូ ដា​លី​ក ឈរ​នៅ​លេខ​រៀង​ទី ៣ ក្នុង​ពូ​ល​។​

​ជ័យជម្នះ​ថ្ងៃនេះ​អាច​ផ្លាស់ប្តូរ​ស្ថានភាព​ក្នុង​ពូ​ល​ទាំងស្រុង ហើយ​ពួកគេ​អាច​នឹង​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ ២ ក៏​ថា​បាន​។ ប៉ុន្តែ​និយាយ​ងាយស្រួល​ជាង​ធ្វើ ខណៈ​ស្កុត​ឡែន​ទើបតែ​មានកម្លាំង​ចិត្តខ្លាំង​ក្រោយ​ស្មើ​នៅ​ទឹកដី​អង់គ្លេស​។​

​កីឡាករ​ស្កុត​ឡែន​លេង​បាន​ល្អ​ខ្លាំង​មែនទែនទល់​នឹង​អង់គ្លេស ហើយ​សឹងតែ​ធ្វើឱ្យ​អង់គ្លេស​មិន​អាច​បង្កើត​ឱកាស​ស៊ុត​បាន​ទៀត​ផង​។ បើ​និយាយ​ពី​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី គឺ ស្កុត​ឡែន​ធ្វើ​បាន​ល្អ​ជាង ហើយ​បើ​កុំ​តែ​បាន​ភី​ក​ហ្វ​ត​ជួយសង្គ្រោះ​បាល់​ល្អៗ កុំ​អី​ពួកគេ​ឈ្នះ​អង់គ្លេស​បាត់ទៅហើយ​។​

​ទោះយ៉ាងណា លោក​ស្ទីវ ក្លា​ក សប្បាយចិត្ត​នឹង​១​ពិន្ទុ​នេះ ហើយ​ពួកគេ​អាច​មាន​ឱកាស​ទទួលបាន ៤ ពិន្ទុ​និង​បញ្ចប់​នៅ​លេខ ៣ ប្រសិនបើ​ឈ្នះ​ក្រូ​អាស៊ី​ថ្ងៃនេះ​។​

​ដំណឹង​ជើង​៖

​ស្កុត​ឡែ​ននឹង​មិន​មាន​ខ្សែបម្រើ​ប៊ីល​លី ហ្គីល​ម័​រ ទេ ដោយសារ​កើតកូ​វីដ ប៉ុន្តែ​២៥​នាក់​ទៀត​នឹង​ពុំមាន​បញ្ហា​ទេ​។

​ចំណែក​ក្រូ​អាស៊ី​អាច​នឹង​មាន​វត្តមាន​កីឡាករ ប័រ​ណា បារី​ស៊ិកក្នុង​ក្រុម​វិញ ក្រោយ​ជា​ពី​របួស​។

​ព្យាករណ៍ ៖

​ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ៥ ដង ដោយ​ស្កុត​ឡែន​ឈ្នះ​២ និង​ស្មើ ៣​។ ជួប​គ្នា​ចុងក្រោយ​បំផុត​គឺ​ការ​ជម្រុះ​វើល​ខាប់​កាលពី​ឆ្នាំ​២០១៣ ដោយ​ស្កុត​ឡែន​ឈ្នះ ២-០ និង ១-០ ទាំង​ក្នុង​និង​ក្រៅ​ទឹកដី​។

​ទាំងស្កុត​ឡែន​និង​ក្រូ​អាស៊ី​មាន​បញ្ហា​ប្រយុទ្ធ​យ៉ាប់​ដូចគ្នា ហើយ​លទ្ធផល​រវាង​ក្រុម​ទាំងពីរ​អាច​នឹង​ពឹង​លើ​សំណាង​ជាជាង​ពឹង​លើ​ក្បួន​លេង​។

​យើង​រំពឹង​ក្រូ​អាស៊ី​ជា​អ្នក​មាន​សំណាង ហើយ​នឹង​បំបែក​ប្រវត្តិ​មិនដែល​ឈ្នះ​ស្កុត​ឡែ​ននៅថ្ងៃនេះ​។

​លទ្ធផល​ព្យាករណ៍ ក្រូ​អាស៊ី​ឈ្នះ ២-០៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here