ការបាត់បង់សត្វខ្ទីងមួយក្បាលទៀត នៅកំពង់ស្ពឺ ជាការដាស់ស្មារតីអភិរក្ស

0
564

ភ្នំពេញ:សត្វខ្ទីងមួយក្បាល ត្រូវបានអ្នកទេសចរ ប្រទះឃើញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចតំបន់វាលខ្នង នៃដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ជាប់នឹងតំបន់ទេសចរណ៍ខ្នងផ្សារដ៏ពេញនិយម។

សត្វខ្ទីងញីមួយក្បាលនេះ ត្រូវគេឃើញ មានជាប់អន្ទាក់នៅនឹងជើង ដែលធ្វើឱ្យវាមិនអាចផ្លាស់ទីបាន។ ក្រុមអ្នកដើរព្រៃ Solo Landscape បានបង្ហោះសារផ្ញើជូនអង្គការសង្គ្រោះជីវិតសត្វព្រៃ Wildlife Alliance ឱ្យចុះមកជួយ។ ប៉ុន្តែជាអកុសលទំនងជាវាជាប់អន្ទាក់យូរថ្ងៃ ហើយរាងកាយរបស់វាស្គមស្គាំង ដោយសារអត់ចំណី វាក៏បានបាត់បង់ជីវិត បើទោះជាអង្គការ Wildlife Alliance បានធ្វើដំណើរដោយ Helicopter ប្រញាប់មកជួយសង្គ្រោះយ៉ាងណាក្ដី។

អ្នកទេសចរ ដែលបានឡើងភ្នំ ដើរព្រៃ ឃើញសត្វខ្ទីងនោះ បានសរសេរបង្ហោះតាមហ្វេសប៊ុកថា «សំរាប់ដំណើរផ្សងព្រេងចម្ងាយ ៦០គីឡូម៉ែត្រ នៅលើខ្នងវាល ខេត្តកំពង់ស្ពឺ! ដំបូងឡើយ ខ្ញុំពិតជារំភើបខ្លាំងណាស់ នៅពេលលឺថា បានឃើញសត្វខ្ទីងមួយក្បាល នៅខាងមុខ! ខ្ញុំខំដើរយ៉ាងលឿន ព្រោះតែចង់ឃើញវា! ពេលទៅដល់អារម្មណ៍រំភើប ប្រែជាខូចចិត្តយ៉ាងខ្លាំង ដោយសភាពនៃសត្វខ្ទីងនោះ បានជាប់អន្ទាក់ដាច់ជើងមួយកំណាត់ ជាហេតុធ្វើឳ្យវាមិនអាចដើរទៅណាបាន ខ្លួនប្រាណស្គម គួរឳ្យសង្វេគ។ ភ្លាមៗនោះ អ្វីដែលពួកយើង អាចជួយបាននោះ គឺ Solo Landscapes បានរាយការណ៍ ទៅកាន់អង្គការ Wildlife Alliance ដើម្បីមកសង្គ្រោះសត្វខ្ទីងញីដ៏កំសត់មួយនេះ។ ភ្នាក់ងារអង្គការ Wildlife Alliance បានជិះ Helicopter មកជួយផ្ទាល់ បើទោះជាវាហួសពេលទៅហើយក្តី!»។

នៅទឹកដីតំបន់ព្រៃភ្នំ ក្នុងខេត្តកំពង់ស្ពឺ កាលពីចុងខែសីហា ឆ្នាំ២០១៩ មានអ្នកថតបង្ហោះតាមហ្វេសប៊ុក ពីសត្វទន្សោងមួយហ៊្វូង បានបង្ហាញខ្លួនជិត ១០០ក្បាល នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្រោយមក នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមអភិរក្ស បានប្រទះឃើញសត្វទន្សោងឈ្មោលជំទង់ ១ក្បាល មានរបួសជើង ដោយសារជាប់អន្ទាក់។ កន្លែងដាក់អន្ទាក់សត្វទន្សោងនោះ ស្ថិតនៅក្នុងព្រៃសហគមន៍ប្រាំបីមុំ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានជួយសង្គ្រោះសត្វទន្សោង ដែលជាប់អន្ទាក់នោះ ដោយបានកាត់ខ្សែអន្ទាក់ ដែលជាប់ជើង និងបានចាក់ថ្នាំ រួចដោះលែង ឲ្យមានសេរីភាព នៅក្នុងព្រៃសហគមន៍នោះវិញ។

ជាមួយគ្នានោះ ក្រុមរដ្ឋបាលព្រៃឈើភ្នំតាម៉ៅ ដែលមានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមនឹងសហគមន៍ប្រាំមុំ បានចុះស្វែងរកតំបន់ ដែលមានអន្ទាក់ ហើយបានដកអន្ទាក់ចំនួន ២៨អន្ទាក់។

គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន គឺមានបុរសអ្នកនៅភ្នំពេញម្នាក់ បានបើកឡាន ចូលទៅបរបាញ់ បានសត្វទន្សោង នៅក្នុងព្រៃ នៅខេត្តកំពង់ស្ពឺ។ បុរសនោះ បានថតបង្ហោះហ្វេសប៊ុក ហើយក្រោយមក ក៏ឈានដល់ការឃាត់ខ្លួន បុរសជនល្មើសបំផ្លាញសត្វកម្រនេះ។

ជាការពិត ព្រានព្រៃ នៅពេលដឹងដំណឹងពីការបង្ហាញខ្លួនរបស់សត្វទន្សោង ដែលជាសត្វកម្រ ស្ទើរផុតពូជ នៅកម្ពុជា បែរជានាំគ្នាដាក់អន្ទាក់ចាប់សត្វទាំងនោះទៅវិញ។ នេះគឺជាការគិតខ្លីមួយ ពោលគឺបើចាប់បានទន្សោយទាំងនោះ គឺត្រូវកាប់សម្លាប់ ហើយយកសាច់ ទៅលក់ ឬទៅបរិភោគ បានចំអែតតែមួយពេល ហើយបើថា លក់ គឺបានលុយតែប៉ុន្មានសិបម៉ឺនរៀលប៉ុណ្ណោះ។

ផ្ទុយទៅវិញ បើសិនជាព្រានព្រៃ រួមទាំងប្រជាជននៅសហគមន៍នោះ ឈប់ចាប់សត្វព្រៃ ហើយមិនចាំបាច់ដល់ថ្នាក់ចិញ្ចឹមឲ្យចំណីសត្វព្រៃ ខ្ទីង ទន្សោងទាំងនោះទេ ក៏ពួកគាត់ ក្នុងសហគមន៍ អាចរកលុយ បានដោយងាយ តាមរយៈការនាំផ្លូវអ្នកទេសចរជាតិ និងអន្តរជាតិ ចូលព្រៃ ឡើងភ្នំ មើលទេសភាព និងសត្វដ៏កម្រទាំងនោះ។ មុខរបរនេះ បានទទួលចំណូលផង និងបានការពារធនធានធម្មជាតិដ៏ស្រស់ត្រកាលរបស់យើងផង។

ម្យ៉ាងទៀត អាជ្ញាធរសមត្ថកិច្ច ពិសេសទាហាន ដែលឈរជើងការពារតំបន់ព្រៃភ្នំ រួមទាំងមន្ត្រីអភិរក្សបរិស្ថាន ក៏គួរតែដាក់វេនគ្នា ឈរជើង យាមប្រចាំការ ដើរល្បាត ដើម្បីកុំឲ្យជនល្មើស លួចដាក់អន្ទាក់ចាប់សត្វព្រៃ។ អាជ្ញាធរខេត្ត ស្រុក មន្ទីរពាក់ព័ន្ធ ក៏គួរតែបង្កើនការអប់រំ ផ្សព្វផ្សាយដល់ប្រជាជន ឲ្យចូលរួមថែរក្សា ការពារ និងឈប់បរបាញ់ ហើយរៀបចំដំណើរកម្សាន្តផ្សងព្រេង ចូលព្រៃ ឡើងភ្នំ មើលសត្វព្រៃ ដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ប្រជាសហគមន៍ នៅតំបន់ខ្នងវាល និងខ្នងផ្សារ ក្នុងខេត្តកំពង់ស្ពឺ ពេលនេះ កំពុងតែប្រែក្លាយជីវភាពបានប្រសើរ តាមរយៈការនាំផ្លូវអ្នកទេសចរ ឡើងភ្នំមើលទេសភាពលើខ្នងវាល និងខ្នងផ្សារ ពិសេសនៅថ្ងៃបុណ្យ និងថ្ងៃសៅរ៍-អាទិត្យ ដោយរកតែអ្នកស្រុកនាំផ្លូវអ្នកទេសចររាប់រយពាន់នាក់ មិនបានផង។

ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពង់ស្ពឺ ពិសេសមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ រួមទាំងអាជ្ញាធរស្រុកឃុំភូមិ ក៏ដូចជាប្រជាសហគមន៍ ក៏គួរតែរួមគ្នា ផ្តល់ការឧបត្ថម្ភ ដល់ក្រុមអ្នកអភិរក្សសត្វព្រៃ មិនថា នៅដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ឬក៏នៅតំបន់ណាណានោះទេ ដើម្បីឲ្យគ្នា មានទឹកចិត្ត បន្តការងារ ទប់ស្កាត់ និងបង្ក្រាបជនល្មើស លួចលប ដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ ដែលជាសត្វកម្រ។

អ្នកនិយមចូលចិត្តទទួលទានសាច់សត្វព្រៃ ក៏ត្រូវតែឈប់ទទួលទាន ព្រោះថា បើមិនមានអ្នកទិញ មិនមានអ្នកទទួលទាន នោះអ្នកទៅចាប់ ទៅបាញ់សម្លាប់សត្វព្រៃ ក៏មិនដឹង យកទៅលក់នៅឯណានោះឡើយ។

សំខាន់ជាងគេ ប្រជាសហគមន៍នៅតំបន់ព្រៃភ្នំ ដែលជាជម្រកសត្វព្រៃ ត្រូវចូលរួមសហការការពារសត្វកម្ររបស់យើង ហើយត្រូវប្តូរមុខរបរពីការបរបាញ់ ដាក់អន្ទាក់ចាប់សត្វព្រៃ មកជាអ្នកការពារសត្វព្រៃវិញ។ ព្រានព្រៃ ត្រូវតែប្តូរមុខរបរ មកជាអ្នកនាំផ្លូវអ្នកទេសចរ ឡើងភ្នំ ចូលព្រៃបោះតង់ ដែលជាទេសចរណ៍ថ្មី បែបផ្សងព្រេងដ៏ពេញនិយម នៅកម្ពុជាយើងនាពេលនេះ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here