លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនិយាយអ្វីខ្លះពីស៊ីហ្គេម ?

0
34

ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកលោក ហែមគីរីបាននិយាយឲ្យដឹងថានៅក្នុងចំណោមវិញ្ញាសាសរុបចំនួន
៤០ ដែលម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមកំណត់បង្ហាញនោះ សហព័ន្ធខ្មែរកីឡាហែលទឹកមិនទាន់កំណត់ចំនួនកីឡាករ កីឡាការិនី និងប្រភេទវិញ្ញាសាដើម្បីចូលរួមនៅឡើយទេព្រោះសហព័ន្ធត្រូវស្នើសុំការសម្រេចពីក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ។
លោកបានចាត់ទុកថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១នេះ គឺជាការ វាស់ស្ទង់កម្រិតសមត្ថភាព តម្រង់ទិសឆ្ពោះទៅ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជា។អ្វីដែលសំខាន់គឺកីឡាករកីឡាការិនីកំពុងបង្កើនការហ្វឹកហាត់ក្នុងគោលដៅស្វែងរកនូវលទ្ធផលថ្មីៗ ដោយយើងចង់បានមេដាយនៅក្នុងការប្រកួត ទោះបីជាមេដាយ នៅក្នុងកម្រិតណាក្តី។ មានវិញ្ញាសាមួយចំនួន គឺជាក្តីសង្ឃឹមរបស់យើងដែរ ដូចជាវិញ្ញាសាហែលរបៀបកង្កែប ដែលកីឡាករ កីឡាការិនីហែលទឹកកម្ពុជាមានសិទ្ធផលប្រហាក់ប្រហែលនឹងសិទ្ធផលរបស់កីឡាករ កីឡាការិនីក្នុងតំបន់អាស៊ីអាគ្នេយ៍នេះដែរ។

កីឡាករ កីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជាបានបង្កើនការហ្វឹកហាត់តាមផែនការរបស់សហព័ន្ធដោយបន្ថែមម៉ោងហ្វឹក
ហាត់កាន់តែច្រើនម៉ោង ក្នុង១ថ្ងៃៗ ដើម្បីជាក្តីសង្ឃឹមក្នុងការស្វែងរកមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១នេះ ជាពិសេស គឺសម្រួចផែនការយុទ្ធសាស្ត្រឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ទោះបើបច្ចុប្បន្នស្ថិត នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏យើងនៅតែប្រឹងប្រែងទាំងក្នុងការប្រមូលផ្តុំ ការស្វែងរកទីតាំង និងផ្តោតសំខាន់ទៅលើកម្មវិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនី ដោយបានផ្លាស់ប្តូរការហ្វឹកហាត់ក្នុង១ថ្ងៃ៤ម៉ោង មកហ្វឹកហាត់ពី៦ម៉ោង ទៅ៦ម៉ោងកន្លះ ដោយចែកចេញជាពីរពេល ដោយពេលព្រឹក៣ម៉ោង និងពេលល្ងាច៣ម៉ោងកន្លះ។
ការហ្វឹកហាត់ក៏មានភាពប្រែប្រួលដែរដែលតាមរយៈការខិតខំនេះនឹងផ្តល់នូវក្តីសង្ឃឹមឲ្យមានការប្រែប្រួលកាន់តែលឿនហើយយើងចង់ឲ្យរីកចម្រើនរបស់ក្រុមជម្រើសជាតិហែលទឹកកាន់តែល្អប្រសើរបន្ថែមទៀត។ តាមលក្ខណៈបច្ចេកទេសវិស័យកីឡាហែលទឹកនេះ ត្រូវការពេលវេលាដើម្បីបន្តការអភិវឌ្ឍឲ្យកម្រិតបច្ចេកទេស ល្បឿនកាន់ឈានឆ្ពោះទៅមុខ ដែលអាចប្រកួតប្រជែងបាន។
សហព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមក្រុមជម្រើសជាតិចំនួន១០នាក់កីឡាករ៥នាក់កីឡាការិនី៥នាក់និងគ្រូបង្វឹកម្នាក់ទៅបន្តការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន តាមរយៈផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលគោលដៅសំខាន់គឺផ្តោតទៅលើការចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាមតែម្តង។
ឆ្នាំ២០២១កីឡាហែលទឹកកម្ពុជាអាចដណ្តើមបានមេដាយ ឬមិនទាន់ដណ្តើមបាន សហព័ន្ធនឹងរៀបចំផែនការបន្ថែមយ៉ាងណា ដើម្បីឲ្យទទួលបានមេដាយក្នុងស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។

ដូច្នេះទាំងនេះគឺជាជំហានថ្មីមួយក្នុងការស្ទាបស្ទង់កម្រិតសមត្ថភាពពិតប្រាកដ
របស់កីឡាករកីឡាការិនីហែលទឹកកម្ពុជា។ពីមុនយើងមានការខ្វះខាតមួយចំនួនជាមូលហេតុប៉ុន្តែពេលនេះយើងបានបំពេញបន្ថែមនូវការខិតខំទាំងឡាយ ដើម្បីលទ្ធផលមួយថ្មីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះឯង។
លោកអគ្គលេខាធិការសហព័ន្ធរូបនេះក៏បានអះអាងពីការ ស្វែងរកកីឡាករ កីឡាករិនីកូនខ្មែររស់នៅក្រៅប្រទេសបន្ថែមទៀតដើម្បី ចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹកដែលបច្បុន្នជម្រើសជាតិហែលទឹកជាកូនខ្មែររស់នៅសហរដ្ឋអាមរិក៣នាក់និងម្នាក់ទៀតហ្វឹកហាត់បាន២ឆ្នាំនៅប្រទេសថៃ។
បន្ថែមពីលើនេះ សហព័ន្ធក៏កំពុងរិះរកកូនខ្មែររស់នៅអូស្ត្រាលីបារាំងជាដើមដើម្បីមកចូលរួមក្នុងក្រុមជម្រើសជាតិហែលទឹកកម្ពុជា ប៉ុន្តែអ្វីដែលជាចំណុចសំខាន់គឺសហព័ន្ធនឹងពិនិត្យមើលគុណភាពបច្ចេកទេសរបស់កូនខ្មែរនៅក្រៅប្រទេសនេះខ្ពស់ៗជាងកូនខ្មែរនៅក្នុង
ស្រុក ដោយមិនមែនថាឲ្យតែកូនខ្មែរនៅបរទេសសុទ្ធតែយកទាំងអស់នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here