ការប្រកួតយូរ៉ូរាត្រីថ្ងៃចន្ទនេះមានចំនួន ៤ គូ ដែលនឹងឈានចូលជុំទី៣នៃវគ្គជម្រុះតាមពូល។ យើងនឹងវិភាគជូន៣គូដូចខាងក្រោម ៖
– ហូឡង់ vs ម៉ាសេដ្វានខាងជើង (ពូល C) ៖ កីឡដ្ឋាន Johan Cruyff Arena ក្នុងទីក្រុងអាំស្ទើដាំ ហូឡង់
មនុស្សភាគច្រើនច្បាស់ជាមើលមកការប្រកួតនេះថាគ្មានន័យពីព្រោះម៉ាសេដ្វានខាងជើងបានធ្លាក់ពីយូរ៉ូ ២០២០ ហើយហូឡង់បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយរួចទៅហើយ។ តែទោះយ៉ាងណា នេះគឺជាការប្រកួតដែលហូឡង់ត្រូវការឈ្នះដាច់ខាត។
មូលហេតុដែលហូឡង់ត្រូវការឈ្នះដាច់ខាតគឺដោយសារបើពួកគេជាប់លេខ ១ ក្នុងពូល ពួកគេនឹងចៀសវាងជួបនឹងអ៊ីតាលីនៅវគ្គ ១៦ ក្រុមចុងក្រោយ។ ប្រសិនបើពួកគេឈ្នះលេខ១ក្នុងពូល ពួកគេនឹងត្រូវប៉ះលេខ ៣ ណាមួយនៅពូលដទៃ ហើយអាចនឹងមានភាពងាយស្រួលក្នុងការឈានទៅវគ្គ ៨ ក្រុមចុងក្រោយ។
ហូឡង់បានយកឈ្នះអូទ្រីស ២-០ ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេ ក្រោយពីបានយកឈ្នះអ៊ុយក្រែននៅថ្ងៃបើកឆាក។
ម៉ាសេដ្វានខាងជើងបានចាញ់ទាំងពីរប្រកួតបើកឆាក ហើយនេះជាការប្រកួតចុងក្រោយរបស់ពួកគេ។ ពួកគេបានចាញ់អូទ្រីស ៣-១ និងអ៊ុយក្រែន ២-១ ។ ម៉ាសេដ្វានត្រូវបានចាត់ទុកជាក្រុមក្រៅសង្វៀនក្នុងការឈានទៅជុំបន្ទាប់ ប៉ុន្តែពួកគេច្បាស់ជាមានអារម្មណ៍ខកចិត្តខ្លាំង ដែលធ្លាក់ឆាប់ពេក។
ផ្អែកលើទម្រង់លេងបច្ចុប្បន្ន ហូឡង់អាចយកឈ្នះលើម៉ាសេដ្វានខាងជើងយ៉ាងតិច ៣-០។
– ដាណឺម៉ាក vs រុស្ស៊ី (ពូល B) ៖ កីឡដ្ឋាន Parken Stadium ក្នុងទីក្រុងកូប៉ិនហាក ដាណឺម៉ាក
ដាណឺម៉ាកត្រូវការឈ្នះដាច់ខាតទោះក្នុងតម្លៃណាក៏ដោយនៅថ្ងៃចន្ទនេះដើម្បីមានលទ្ធភាពអាចឈានទៅវគ្គបន្ត។ ពួកគេមានចំណាត់ថ្នាក់ខ្ពស់ជាងរុស្ស៊ីហើយពួកគេក៏មានកីឡាករល្អជាងរុស្ស៊ីដែរ។ ផ្អែកលើចំណុចនេះដាណឺម៉ាកមានសង្ឃឹមខ្ពស់ក្នុងការប្រកួតដ៏សំខាន់នេះ។
គិតមកទល់ពេលនេះ រុស្ស៊ីជាប់ចំណាត់ថ្នាក់ទី ៣៨ នៅលើពិភពលោកដោយ FIFA ដែលផ្ទុយពីសមភាគីរបស់ខ្លួន ដែលជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ។
ជាការពិត ឧបទ្ទវហេតុអកុសលរបស់គ្រីស្ទាន អេរិកសិន បានបំផ្លាញទាំងស្រុងនូវផែនការរបស់ដាណឺម៉ាក។
ទោះបីដាណឺម៉ាកលេងចាញ់បើកឆាកទាំងពីរប្រកួតក្តី ក៏ប៉ុន្តែពួកគេលេងបានល្អខ្លាំងណាស់ តែបែរជាត្រូវចាញ់គូប្រជែង។
យើងរំពឹងថាកីឡាករដាណឺម៉ាកនឹងប្រឹងលេង ១០០ ភាគរយដូចគ្នានៅលើទីលាននៅថ្ងៃចន្ទនេះ ហើយរុស្ស៊ី ដែលលេងមិនស៊ីសង្វាក់គ្នានាពេលថ្មីៗនេះ ប្រហែលមិនអាចទប់ដាណឺម៉ាកជាប់នោះឡើយ។
លទ្ធផលព្យាករណ៍ ដាណឺម៉ាកឈ្នះ ៣-០។
– ហ្វាំងឡង់ vs បែលហ្ស៊ិក (ពូល B) កីឡដ្ឋាន Gazprom Arena ក្នុងទីក្រុងសេនភីតធឺស្បឺក រុស្ស៊ី
បែលហ្ស៊ិកត្រូវការតែមួយពិន្ទុទៀតប៉ុណ្ណោះដើម្បីឈរលេខ១ក្នុងពូល B ប៉ុន្តែពួកគេប្រាកដណាស់គឺត្រូវការជ័យជម្នះជាជាង១ពិន្ទុពីគីឡូដូចជាហ្វាំងឡង់។
ហ្វាំងឡង់ ដែលប្រឹងលេងជាមួយក្រុមខ្លាំងៗទាំងត្រដាបត្រដួស មិនមានឱកាសច្រើនទេនៅថ្ងៃចន្ទនេះ។
បែលហ្ស៊ិកគឺជាក្រុមជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកហើយត្រូវលេងទល់នឹងក្រុមលេខ ៥៤ នៅថ្ងៃនេះ។ ពួកគេក៏កំពុងលេងល្អខ្លាំងផងដែរនៅពេលនេះ ហើយស៊ុតបញ្ចូលទីគូប្រកួតតាមអំពើចិត្ត។
លើសពីនេះទៅទៀត កីឡាករសំខាន់ៗរបស់បែលហ្ស៊ិកបានវិលត្រឡប់មកបំពេញភារកិច្ចសកម្មឡើងវិញទាំងអស់ បន្ទាប់ពីបានជាពីរបួស ហើយនោះនឹងរឹតជួយពង្រឹងក្រុមដែលមានទម្រង់លេងល្អដូចផ្ការួចទៅហើយនេះផងដែរ។
ទោះតាមមធ្យោបាយណាក៏ដោយ បែលហ្ស៊ិករំពឹងលេងល្អទល់នឹងហ្វាំងឡង់។ លទ្ធផលព្យាករណ៍ បែលហ្ស៊ិកឈ្នះ ៣-១៕
ប្រភព : រស្មីកម្ពុជា