អ្នកណាបង្កើតម៉ាស់អនាម័យ ?

0
223

គេតែងគិតថាម៉ាស់អនាម័យត្រូវបានបង្កើតឡើងដោយគ្រូពេទ្យបស្ចឹមប្រទេស ។ តាមពិតអ្នកដែលបង្កើតម៉ាស់អនាម័យនេះ គឺជាគ្រូពេទ្យចិនម្នាក់ឈ្មោះ វូលាងតិ ( Wu Lien Teh ) ។ នៅចុងឆ្នាំ ១៩១០ នៅភាគឦសាននៃប្រទេសចិន ជម្ងឺពិសប៉េស្ត (bubonic plague) បានផ្ទុះឡើងនិងរាតត្បាតរហូតដល់ទីក្រុង ហាប៊ិន (Harbin) ធ្វើអោយមនុស្សរាប់សែននាក់បានបាត់បង់ជីវិត ។ រាជការឈិញ បានចាត់តាំងគ្រូពេទ្យល្បីៗជាច្រើនជាបរទេស និង ចិន ដើម្បីរកមធ្យោបាយកម្ចាត់រោគរាតត្បាតនេះ ក្នុងនោះមានវេជ្ជបណ្ឌិត វូលាងតិ​ ផងដែរ ។ ក្រោយពីការអង្កេត លោក វូលាងតិ បានសន្និដ្ឋានថា ជម្ងឺនេះឆ្លងតាមផ្លូវដង្ហើម ហើយណែនាំអោយប្រើម៉ាស់ ។ ក្នុងពេលនោះ មានគ្រូពេទ្យបស្ចឹមប្រទេសម្នាក់បានចំអកអោយ ដោយនិយាយថា «អាចិននេះ និយាយបានតែផ្តាស» ហើយបន្តពិនិត្យរោគដោយមិនប្រើម៉ាស់អ្វីទាំងអស់ ។ ប៉ុន្មានពេលក្រោយមក គ្រូពេទ្យបស្ចឹមប្រទេសនោះឆ្លងជម្ងឺស្លាប់ទៅ ឯគ្រូពេទ្យ វូលាងតិ ដែលប្រើម៉ាស់នៅតែបន្តការងារលោកដោយមិនមានការប៉ះពាល់អី ដែលនាំអោយគេមានជំនឿលើការយល់ឃើញរបស់លោក ។ វេជ្ជបណ្ឌិត​ វូលាងតិ​ ជាកូនរបស់ជនជាតិចិនដែលទៅរស់នៅក្នុងខេត្តប៉េណាំង ប្រទេសម៉ាឡាយូ និង ជាជនជាតិចិនដ៏កម្រនៅក្នុងប្រទេសនេះដែលទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតពីប្រទេសអង់គ្លេស ក្រោយមកលោកត្រូវបានតែងតាំងជាអគ្គនាយករងនៃសាលាយោធភូមិន្ទ ក្បែរក្រុងប៉េកាំង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here