ភ្នំពេញ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន ឧកញ៉ា ប្រាក់ ប្រាកដ តាមដីកាបញ្ជូនទៅតុលាការ ដើម្បីសួរនាំពីដំណើររឿង ឆបោកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ ក្នុងករណីរឿងធានា រត់ការឱ្យគេ យកតំណែងស្នងការរង ខេត្តព្រះសីហនុ ក្នុងតម្លៃចំនួន ៣០ ម៉ឺនដុល្លារ ។
ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្តឹងរបស់អ្នកស្រី ចាន់ ធូ មានទីលំនៅភូមិ ព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ ប្រាក់ ប្រាកដ ដែលគេស្គាល់ថា ជាអ្នកមានមុខមាត់ម្នាក់ នៅក្រុងព្រះសីហនុនោះ បាននិយាយធានា រត់ការផ្ទេរឈ្មោះ តួនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិ និងឡើងធ្វើជាស្នងការរង នគរបាល ខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការ ចំនួន ៣០ ម៉ឺនដុល្លារ។
សូមបញ្ជាក់ថា ការឃាត់ខ្លួន ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានធ្វើឡើង នៅក្នុងហាង កាហ្វេ មួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ ។
តាមពាក្យបណ្តឹងដដែល បានឲ្យដឹងថា ក្រោយទទួលបានលុយ ដោយសន្យាធានា រត់ការផ្ទេរឈ្មោះ និងក្របខ័ណ្ឌរួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការ សន្យាឡើយ ហើយបានប្រើលេស មិនចេះចប់ មិនចេះហើយ ពេលទូរស័ព្ទសួរនាំ និងទាមទារ យកលុយមកវិញ បើខ្លួនរត់ការមិនបាន គឺឈ្មោះនេះ មិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះ រហូតដល់បច្ចុប្បន្នទើបជនរង គ្រោះ សំរេចដាក់ពាក្យបណ្ដឹង ទៅតុលាការ។
នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកាកោះ ហៅឈ្មោះ ប្រាក់ ប្រាកដ ឱ្យចូលខ្លួនមកឆ្លើយបំភ្លឺ នៅថ្ងៃទី១៧ ខែមិថុនា តែឈ្មោះនេះ មិនព្រមចូលខ្លួន ទើបបង្គាប់ឱ្យនាំខ្លួនតែម្ដង។
សូមជម្រាបថា ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយ ចំនួន១០ម៉ឺនដុល្លារ អោយទៅឈ្មោះ ប្រាក់ ប្រាកដ ហើយរង់ចាំលទ្ធផលផ្ទេរឈ្មោះ និងតួនាទី ដោយមានតួនាទី ជាស្នងការរងជាផ្លូវការ ទើបប្រគល់ប្រាក់ថែម ២០ ម៉ឺនដុល្លារទៀត៕/
ប្រភព : រស្មីកម្ពុជា