WHO ប្រកាសថា កូវីដ-១៩ បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ត្រូវបានរកឃើញក្នុងប្រទេសចំនួន ១៧ហើយ

0
75

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃអង្គារ    សប្ដាហ៍នេះថា វីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មី ដែលបានរកឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ១៧ហើយ។ វីរុស COVID-19 បំប្លែងខ្លួនថ្មី ឬគេស្គាល់ថា B1617 គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានគេរកឃើញជាលំដាប់ជាង ១,២០០ករណី ហើយ។ WHO បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួន ស្តីពីវីរុសឆ្លងរាតត្បាតនោះថា ករណីភាគច្រើនបានពាក់ព័ន្ធនឹងប្រទេសឥណ្ឌា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី។ នាពេលថ្មីៗនេះ WHO បានចុះបញ្ជីវីរុស COVID-19 បំប្លែងខ្លួនថ្មីប្រភេទ B1617 ជា «វីរុសបំប្លែងខ្លួនដែលត្រូវផ្តោតចំណាប់អារម្មណ៍»។ ប៉ុន្តែរហូតមកទល់ពេលនេះ វាបានវិវឌ្ឍទៅជា «វីរុសបំប្លែងខ្លួនថ្មី ដែលបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង»។ ប្រការនេះមានន័យថា B1617 ពិតជាមានគ្រោះថ្នាក់ជាងវីរុសដើម ដូចជាអាចមានសមត្ថភាពចម្លងបានលឿន អាចបណ្ដាលឱ្យស្លាប់ ឬអាចប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងបាន។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងប្រឈមនឹងករណីឆ្លង និងស្លាប់ថ្មីៗជាច្រើន លើសប្រទេសនានាក្នុងពិភពលោក ដោយសារវីរុស COVID-19 នេះ ហើយការភ័យខ្លាចកំពុងកើនឡើងដែលថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចរួមចំណែកដល់មហន្តរាយ ដែលកំពុងកើតឡើង។ ប្រទេសឥណ្ឌានៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់ត្រាករណីឆ្លងថ្មីៗលើស ៣០០,០០០ករណី ដែលបានជំរុញឱ្យករណីឆ្លងសរុប នៅទូទាំងពិភពលោកកើនឡើងដល់ជាង ១៤៧លាននាក់ និងស្លាប់ ៣.១លាននាក់៕

ចិន​ចេញមុខ​ការពារ​ការប្រើប្រាស់ធ្យូងថ្ម នៅក្នុង​គម្រោងវិនិយោគ​របស់​ចិន នៅបរទេស

​      ប្រទេស​ចិន តាមរយៈប្រធានផ្នែក​ប្រែប្រួល​អាកាសធាតុ បានចេញមុខ​ការពារ​រោងចក្រដុតធ្យូងថ្ម ដែល​ចិន​សាងសង់ នៅ​ទឹកដីបរទេស ក្នុងហេតុផលថា គេគ្មានដំណោះស្រាយអ្វីផ្សេងសម្រាប់ជំនួសការប្រើប្រាស់ធ្យូងថ្ម នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ។ នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​អង្គារទី​២៨ មេសា ២០២១ ប្រធានផ្នែក​ប្រែប្រួលអាកាសធាតុ របស់ក្រសួងបរិស្ថាន​ចិន​បាន​អះអាងថា ចិន​នៅតែ​បន្ត​គាំទ្រ ការសាងសង់​រោងចក្រ ប្រើធ្យូងថ្ម នៅបរទេស។ នៅមាន​ប្រទេសកំពុង​អភិវឌ្ឍ​ជាច្រើន​ដែល​នៅ​មិនទាន់​អាច​ផលិត​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់នៅឡើយ។ ដរាបណាគេ​នៅមិនទាន់មានដំណោះស្រាយ​ថ្មីសម្រាប់​ជំនួស ថាមពល​ធ្យូងថ្ម​ទេ ចិន​នៅតែគាំទ្រគម្រោងសាងសង់​មជ្ឈមណ្ឌល​ថាមពល​ធ្យូងថ្ម នៅទឹកដី​បរទេស។ នេះជា​ការអះអាង​របស់​ប្រធានផ្នែក​ប្រែប្រួល​អាកាសធាតុ នៅ​ក្រសួង​បរិស្ថាន​ចិន ដោយ​សង្កត់ធ្ងន់ថា គេ​មិនអាច​ឈប់វិនិយោគ លើ​រោងចក្រ​អគ្គិសនី ដើរដោយ​ថាមពល​ធ្យូងថ្ម នៅប្រទេស​កំពុង​អភិវឌ្ឍភ្លាមៗ​នោះទេ។ ការប្រយុទ្ធប្រឆាំង នឹង​ការប្រែប្រួល​អាកាសធាតុ ត្រូវ​តែ​អនុញ្ញាត​ផងដែរ ឲ្យ​ប្រជាជន​នៅ​ប្រទេស​ទាំងនោះ ទទួល​បាន​លក្ខខណ្ឌ​រស់នៅ ល្អប្រសើរមុន។ តាម មន្រ្តីចិន មជ្ឈមណ្ឌល​ថាមពល​ធ្យូងថ្ម ឆ្លើយតប​នឹង​តម្រូវការជាក់ស្តែង​របស់ប្រទេស​កំពុងអភិវឌ្ឍ។ មួយវិញទៀត វា​នឹង​សាងសង់ឡើងជាមួយ​បទដ្ឋាន​ខ្ពស់ជាងមុន ដោយ​មិន​បញ្ចេញ​ឧស្ម័នកាបូនិក ច្រើនដូចមុននោះទេ។ តាមអង្គការ​តាមដាន   ឧស្ម័នកាបូនិក ដែលមាន​ទីស្នាក់ការ​នៅប្រទេស​អង់គ្លេស ៨០ភាគរយ​នៃ​រោងចក្រប្រើធ្យូងថ្មនៅ​បរទេស ជាការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន។ សកម្មជន​បរិស្ថាន​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ចិន​ឈប់​វិនិយោគ ឈប់​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​ធ្យូងថ្ម និងហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ទៀតពាក់ព័ន្ធ​នឹង​ធ្យូងថ្ម ជាពិសេស​នៅ​ទឹកដី​អាហ្វ្រិក ដើម្បីឲ្យ​ស្របគ្នា​នឹង​ការសន្យា​របស់​ប្រធានាធិបតី​ចិន ដែលថា​ចិនសន្យា​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នកាបូនិក នៅ​ឆ្នាំ ២០៣០ និង​សម្រេច​ឲ្យបាន កម្មវត្ថុ អព្យាក្រឹត​កាបូន ឬ កាត់បន្ថយ ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ ឲ្យដល់​កម្រិត សូន្យ នៅ​៣០ឆ្នាំ​ក្រោយ។ ប៉ុន្តែ ជា​ថ្មី​ម្តងទៀត ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័នកាបូនិក​ច្រើនជាងគេ​ក្នុង​ពិភពលោក ពោល​គឺ ២៩%​នៃ​ឧស្ម័នកាបូនិក សរុប​ដែល​បញ្ចេញ​ទៅក្នុង​បរិយាកាស ។ ក្រៅ​ពី​បង្កើន​មជ្ឈមណ្ឌល​ថាមពល​ធ្យូងថ្ម ក្នុងស្រុកចិន ដើម្បី​ជំរុញ​សេដ្ឋកិច្ច នៅក្រោយ វិបត្តិកូវីដ ចិន​ជា​អ្នកវិនិយោគ​ធំជាងគេ លើ​គម្រោងការ​សាងសង់ រោងចក្រ​ធ្យូងថ្ម នៅ​ទឹកដី​បរទេស ជាពិសេស នៅតាម​បណ្តា​ប្រទេស ដែល​មានឆ្លងកាត់ គម្រោងផ្លូវសូត្រ ឬ​ផ្លូវមួយ ខ្សែក្រវ៉ាត់ របស់​ចិន ដែល​មាន​តាំង​ពីឥណ្ឌូណេស៊ី នៅទ្វីប​អាស៊ី​ទៅដល់​ស៊ីមបាវ៉េ នៅ​ទឹកដី​អាហ្វ្រិក៕ REUTERS

លោក បៃដិន នឹង​ស្នើសុំ​ការបង្កើន​ពន្ធ​លើ​អ្នកមាន​ទ្រព្យសម្បតិ្ត​ច្រើន ដើម្បី​ចំណាយ​សម្រាប់​ការវិនិយោគ

លោក​ប្រធានាធិបតី ចូ បៃដិន នឹង​ស្នើសុំ​ការបង្កើន​ពន្ធ​លើ​ការទទួល​បាន​ការវិនិយោគ​របស់​បុគ្គល​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ ដើម្បី​ចំណាយ​សម្រាប់​ផែនការ​ថ្មី​របស់លោក ដើម្បី​ជួយ​ក្រុមគ្រួសារ​អាមេរិក។ លោក បៃដិន នៅ​សប្ដាហ៍​នេះ​ត្រូវ​បាន​រំពឹងថា នឹង​ដាក់ចេញ​ផែនការ​គ្រួសារ​អាមេរិក​ជា​ទឹកប្រាក់​ចំនួន ១,៨ ពាន់​ពាន់​លាន​ដុល្លារ ដែល​នឹង​ផ្ដល់​ដល់​ការថែរក្សា​ក្មេង ​ ការឈប់​សម្រាក​គ្រួសារ​ដែល​មាន​ប្រាក់ខែ និង មហាវិទ្យាល័យ​សហគមន៍​ដោយ​មិន​គិត​ប្រាក់ ការប្រើប្រាស់​ពន្ធ​កាន់តែ​ខ្ពស់​លើ​អ្នកមាន​ទ្រព្យ​ច្រើន ដើម្បី​ប៉ះប៉ូវ​នឹង​តម្លៃ​ដែល​កើនឡើង​ខ្លាំង។លោក​ Brian Deese ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​សេតវិមាន​បាន​ឲ្យ​ដឹងថា​ការបង្កើន​ពន្ធ​លើ​ប្រាក់ចំណេញ​ដែល​រកបាន​ពី​ការលក់​ភាគហ៊ុន និង​ទ្រព្យសកម្ម​ផ្សេងទៀត​នឹង​ប៉ះពាល់​លើ​អ្នក​ដែល​រកប្រាក់​បាន ១ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ​ ដែល​ជា​ចំនួន​តូច​មួយ​ក្នុង​ចំណោម​អ្នក​ជាប់ពន្ធ​អាមេរិក ដែល​រួមមាន ៥០០ ០០០ នាក់។ លោក​មិន​បាន​ផ្ដល់ព័ត៌មាន​លម្អិត​ណាមួយ​នៃ​ពន្ធ​​ថ្មី​នេះ​ទេ ប៉ុន្តែ​ប្រព័ន្ធ​ព័ត៌មាន​រាយការណ៍​កាលពី​សប្ដាហ៍​មុន ដោយ​បាន​លើកឡើង​ថា ផែនការ​នេះ​នឹង​បង្កើន​អត្រាពន្ធ​លើ​ចំណូល​មូលធន ដល់ ៣៩,៦ ភាគរយ ​ពី ២០ ភាគរយ។ គួបផ្សំ​ជាមួយ​នឹង​ការគិត​ពន្ធ ៣,៨ ភាគរយ ចំពោះ​វិនិយោគិន​ដែលមាន​ទ្រព្យសម្បត្តិ​ក្នុង​ការចំណាយ​សម្រាប់​កម្មវិធី​ធានារ៉ាប់រង​សុខភាព Obamacare ការបង្កើន​អត្រាពន្ធ​លើ​ចំណូល​មូលធន​អាច​កើនឡើង​ដល់ ៤៣,៤ ភាគរយ ដែលជា​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩២០។

ការបែកធ្លាយខ្សែអាត់សំឡេងរបស់ប្រមុខការទូតអ៊ីរ៉ង់ កំពុងបង្កឲ្យមានរឿងអាស្រូវផ្ទៃក្នុង

នៅ​ថ្ងៃ​អង្គារ ទី២៧ មេសា ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​បាន​បញ្ជា​ឲ្យ​បើក​ការ​ស៊ើបសង្កេត​មួយ​ស្តីពី ​ការ​សមគំនិត​នៅ​ក្រោយ​ការ​បែកធ្លាយ​ខ្សែអាត់សំឡេង​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​យ៉ាវ៉ាដ ហ្សារីស្វ។ នៅ​ក្នុង​ខ្សែអាត់សំឡេង​នោះ លោក​ហ្សារីស្វ​បាន​ថ្លែង​ច្បាស់ៗ​ពី​ការ​លូកដៃ​របស់​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​នៅ​ក្នុង​សកម្មភាព​ការទូត​របស់​លោក និង​ចោទ​រុស្ស៊ី​ពី​បទ​ព្យាយាម​បំផ្លាញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែលចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ ការ​បែក​ធ្លាយ​សំឡេង​របស់​លោក​ហ្សារីស្វ​កំពុង​បំផុស​ឲ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ផុសផុល​ នៅ​ក្នុង​ចំណោម​មហាជន​អ៊ីរ៉ង់ ពិសេស​ចំ​ពេល​ដែល​អ៊ីរ៉ង់​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែ​មិថុនា​ខាង​មុខ។ ចំណែក​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​អាលី រ៉ាប៊ី​បាន​បញ្ជាក់​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​ដោយ​ចាត់​ទុក​ការ​ទម្លាយ​ខ្សែអាត់សំឡេង​របស់​លោក​ហ្សារីស្វ​ជា​ការ​លួច​ទិន្នន័យ និង​ថា ទង្វើ​នេះ​ជា​ការ​សមគំនិត​ប្រឆាំង​រដ្ឋាភិបាល ប្រឆាំង​ស្ថាប័នជាតិ និង​ប្រឆាំង​ផលប្រយោជន៍ជាតិ​របស់​អ៊ីរ៉ង់។ គួរ​បញ្ជាក់​ថា គឺ​បណ្តាញ​សារព័ត៌មាន​បរទេស ក្នុង​នោះ​មាន​កាសែត New York Times ដែល​បាន​ផ្សព្វផ្សាយ​ខ្សែអាត់សំឡេង​របស់​លោក​ហ្សារីស្វ។ តែ New York Times មិន​បាន​បញ្ជាក់​ថា តើ​ខ្លួន​បាន​ទទួល​ខ្សែអាត់សំឡេង​នោះ​ពី​ណា​មក​ទេ។ នៅ​ក្នុង​ខ្សែអាត់សំឡេង លោក​ហ្សារីស្វ​បាន​វាយប្រហារ​ចាស់​ដៃ​លើ​ស្ថាប័ន​កងទ័ព ពិសេស​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ដោយ​លោក​បញ្ជាក់​ពី​ការ​លូក​ដៃ​ចូល​អន្តរាគមន៍​នៅ​ក្នុង​ការងារ​ការទូត​របស់​លោក។ នៅ​ក្នុង​ន័យ​នេះ លោក​ហ្សារីស្វ​បាន​ចោទ​ឧត្តមសេនីយ​កាសឹម សូឡីម៉ានី​ពី​បទ​ដើរ​តួនាទី​ជា​អ្នក​ផ្តល់​អនុសាសន៍ និងផ្តល់​មេរៀន​សម្រាប់​ការងារ​ការទូត​របស់​លោក។ គួរ​រម្លឹក​ថា ឧត្តមសេនីយ​សូឡីម៉ានី​ដែល​ជា​មេបញ្ជាការ​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​សម្រាប់​ប្រតិបត្តិការ​ក្រៅប្រទេស​ត្រូវ​បាន​កងទ័ព​អាមេរិក​បាញ់​សម្លាប់​ក្នុង​ទឹកដី​អ៊ីរ៉ាក់​កាល​ពី​ខែ​មករា ឆ្នាំ ២០២០។ លោក​ហ្សារីស្វ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​សំឡេង​បែក​ធ្លាយ​របស់​លោក​ទេ។ តែ​ក្នុង​ថ្ងៃ​អង្គារ ទី២៧ មេសា ក្រសួង​ការបរទេស​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​រូបថត​លោក​ហ្សារីស្វ​ថត​ជាមួយ​ឧត្តមសេនីយ​សូឡីម៉ានី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​បុគ្គល​ណា ឬ​ក្រុម​ណា​ជា​អ្នក​ទម្លាយ​ខ្សែអាត់សំឡេង​របស់​លោក​ហ្សារីស្វ និង​មាន​គោលដៅ​អ្វី​ទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here