អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យផ្លូវក្នុងសង្កាត់វិហារលួង នៃក្រុងសួងបន្ទាប់ពីបានស្ថាបនាជួសជុលឡើងវិញនោះ

0
23

ខេត្តត្បូងឃ្មុំៈ ជាការឆ្លើយតបចំពោះតម្រូវការ និងសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចជួសជុលផ្លូវកៅស៊ូ ប្រភេទDBST ១ខ្សែប្រវែង ៣១០០ ម៉ែត្រ ដែលតភ្ជាប់ពី ផ្លូវជាតិលេខ៧ ចូលមកកាន់ភូមិថ្នល់ថ្មី សង្កាត់វិហាហ្លួង ក្រុងសួង ខណៈផ្លូវនេះ គឺបានបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៦ភូមិ ដែលរស់នៅអមសងខាងផ្លូវ មួយខ្សែនេះ និងសម្រួលការធ្វើចរាចរណ៍ទៅមក ។
ជាមួយនឹងការជួសជុល ស្ថាបនានេះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យមើលដំណើរការជួសជុល និងស្ថាបនា ដើម្បីធ្វើយ៉ាងណាអោយដំណើរការទៅ បានលឿនតាមការគ្រោងទុក និងជាពិសេសពិនិត្យមើលពីគុណភាព និងបទដ្ឋានបច្ចេកទេស ពោលគឺត្រូវតែធ្វើតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីអោយផ្លូវមានគុណភាពប្រើប្រាស់បានយូរ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានប្រសាសន៍លើកឡើងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាពិភពលោកកំពុងជួបវិបត្តិ នៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏មិនបានធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍប្រទេសកម្ពុជាយើងឡើយ ជាក់ស្តែងដូចជាផ្លូវ១ខ្សែនេះបានកំពុងស្ថាបនាជួសជុល ជួយសម្រួលដល់ការរស់នៅ និងការងារប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បន្តថា សម្រាប់អាជ្ញាធរខេត្តត្បូងឃ្មុំ គឺនៅតែមានសកម្មភាពអភិវឌ្ឍន៍ឥតឈប់ឈរ ពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាការកសាង និងជួសជុលផ្លូវថ្នល់សម្រាប់ធ្វើដំណើរ ការស្តារ និងជួសជុលប្រឡាយ ស្រះ និងទ្វារទឹក សម្រាប់បម្រើឲ្យវិស័យកសិកម្មជាដើម និងការអភិវឌ្ឍន៍សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមជួយថែរក្សាផ្លូវ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង ។
បើតាមលោក ជា ណារ៉ុន អភិបាលក្រុងសួង បានអោយដឹងថា ផ្លូវដែលកំពុងជួសជុល និងស្ថាបនា នេះគឺជាប្រភេទផ្លូវកៅស៊ូ DBST មានប្រវែង ៣១០០ ម៉ែត្រ តភ្ជាប់ពីផ្លួវជាតិលេខ ៧ ត្រង់ចំណុច ភូមិថ្នល់ថ្មី ដែលអាចបម្រើផលប្រយោជដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី ភូមិព្នៅ ភូមិព្រះស្រែ ភូមិកណ្តាល ក្នុងក្រុងសួង និងភូមិគៀនល្មៀត ភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ លោកបន្តថាផ្លូវនេះជាគម្រោងថវិការបស់ខេត្ត ដែលគ្រោងធ្វើប្រវែង ៤៥០០ ម៉ែត្រ តែជំហ៊ានដំបូងយើងធ្វើតែ ៣១០០ ម៉ែត្រសិន ដោយចាប់ដំណើការតាំងពីដើមខែមិថុនា មកម្ល៉េះ ៕
សាន វិឡែម ១៧.៦.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here