សេដ្ឋកិច្ចកម្ពុជា កំពុងរើបឡើងវិញបន្តិចម្តងៗ ជាមួយការព្យាករណ៍កំណើនជិត៤% ក្នុងឆ្នាំ២០២១

0
127

(ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា កំពុងរើបឡើងវិញ បន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថា វានឹងទទួលបានកំណើនជិត៤ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់៣.១ភាគរយ ក្នុងឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ប្រចាំកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបន្ថែមទៀតថា យ៉ាងណាក្តីការរើបឡើងវិញនេះ មានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុង សភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារ តែវិធានការបិទខ្ទប់ ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។

ធនាគារពិភពលោក (World Bank) បានបញ្ជាក់ដូច្នេះ នៅក្នុងរបាយការណ៍ បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា « ដំណើរឆ្ពោះទៅការរើបឡើងវិញ»។ ខណៈដែលវិស័យមួយចំនួន មានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។

វិស័យកសិកម្ម នៅរក្សាភាពធន់បានគួរសម ដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជានិងចិន បានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួន ទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។

អាជីវកម្មបោះដុំ និងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញផ្នែកនានា នៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

ការវិនិយោគផ្ទាល់ពីបរទេស នៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។ ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជា នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ។

របាយការណ៍ ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថា កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ ទូទាំងប្រទេស នៅតែមានញឹកញាប់និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច តាមការព្យាករណ៍ នឹងមានកំណើនតែ ១ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។

របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗ ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុស និង ការស្លាប់ឲ្យមានប្រសិទ្ធភាពបន្តទៀត។

ដោយសារតែកម្ពុជា នៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋាភិបាលអាចបន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញ និងកំណើន ដោយធ្វើការកែលម្អបរិយាកាស ធុរកិច្ចនិងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។

ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋាភិបាលត្រូវបន្តតាមដាន ឲ្យបានដិតដល់លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពី ការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និង ការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ដូចប្រទេសជាច្រើនទៀត នៅក្នុងតំបន់ដែរ កម្ពុជាបានរងការ ប៉ះទង្គិចខ្លាំង ពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំង ឲ្យមនុស្សក្នុងប្រទេសបានជាង ៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។

លោកស្រីបានបន្ថែមទៀតថា «ធនាគារពិភពលោក នៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឲ្យមានភាពធន់រឹងមាំឡើងវិញ»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here