កសិករក្នុងខេត្តត្បូងឃ្មុំ សម្រេចបានការដាំដុះផលកសិកម្មជាង៩០%ហើយ គិតត្រឹមពាក់កណ្តាលខែមិថុនានេះ

0
391

ខេត្តត្បូងឃ្មុំៈ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ សម្រាប់ខេត្តត្បូងឃ្មុំ សម្រេចបានការដាំដុះដំណាំកសិកម្មផ្សេងៗប្រមាណ ៩០ភាគរយហើយ នៅលើផ្ទៃដីដាំដុះសរុប ក្នុងនោះដំណាំរដូវវស្សាភ្ជួររាស់បាន ៦៨, ៤៨៥ ហិកតា និងដាំដុះសម្រេចបាន ៦៥ ៩២០ហិកតា ។
ចំនួននេះ ខណៈដែលការបង្កបង្កើនផលដំណាំសាកវប្បកម្ម និងឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ ដោយភ្ជួររាស់បាន ៥៩ ៩៤០ហិកតា និងដាំដុះសម្រេចបាន ៥៩ ៦១០ហិកតា ។
នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សម្រាប់ឆ្នាំនេះដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យកសិករចាប់ផ្តើមព្រមគ្នាក្នុងការដាំដុះដំណាំផ្សេង ដែលមកដល់ពាក់កណ្តាលខែមិថុនានេះគឺ សម្រេចបានស្ទើរតែ ១០០ភាគរយហើយ ព្រោះឆ្នាំនេះមានអំណោយផលល្អ តែនៅបារម្ភរឿងសត្វល្អិតចង្រៃ ដែលចាំបាច់ត្រូវតាមដានជាប្រចាំ ហើយបើប្រជាពលរដ្ឋមានបញ្ហាត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬទៅមន្ទីរផ្ទាល់ដើម្បីចុះពិនិត្យ និងដោះស្រាយជូន ។
ដើម្បីជំរុញការដាំដុះឱ្យទទួលបានជោគជ័យ និងទិន្នផលខ្ពស់មន្ត្រីជំនាញរបស់មន្ទីរបានចុះជាប្រចាំជួបជាមួយប្រជាពលរដ្ឋក្នុងការប្រឹក្សាយោបល់ ក៏ដូចជាបង្រៀនពីវិធីសាស្ត្រផ្សេងៗដល់ពួកគាត់ប្រយោជន៍ធ្វើយ៉ាងណាឱ្យការដាំដុះទទួលបានជោគជ័យ និងផលល្អ ។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ជ័រកៅស៊ូកក ក្នុងមួយគីឡូក្រាមថ្លៃ ៣១០០រៀល ជ័រកៅស៊ូស្ងួតក្នុងមួយគីឡូក្រាមថ្លៃ ៦២០០រៀល ម្រេចស្ងួតក្នុងមួយគីឡូក្រាមថ្លៃ១៣០០០រៀល ផ្លែតាសក់ចំណារក្នុងមួយគីឡូក្រាមថ្លៃ ១៨០០រៀល ផ្លែតាសក់ស្រូវក្នុងមួយគីឡូក្រាមថ្លៃ ១០០០រៀល ៕
សាន វិឡែម ១៧.៦.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here