ព្រះវិហារ៖ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)សហការនិងនគរបាលខេត្តព្រះវិហារកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២១បានចាប់ជនជាតិឡាវពីរនាក់និងរឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម។
ការបង្ក្រាបនេះអនុវត្តតាមបទបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួល ផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងគ្រឿងញៀន។
សមត្ថកិច្ចបានឱ្យដឹងថាការបង្ក្រាបនេះដឹកនាំដោយឧត្តមសេនីយ៍ទោអ៊ិនសុងនាយករងមន្ទីរនិងមានការចូលរួមពីនគរបាលខេត្តព្រះវិហារនគរបាលប៉ុស្តិ៍កំពង់ស្រឡៅនៃវរ:ការពារព្រំដែនលេខ១០៥។ការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីឡាវមកកម្ពុជាតាមផ្លូវទឹកនេះ អនុវត្តនៅម្តុំភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប។
បុរសជាសង្ស័យឈ្មោះ MOUAN VORLABOUD អាយុ៣៧ឆ្នាំ និង ឈ្មោះ កែវ ថាអាយុ៣៧ឆ្នាំ។វត្ថុតាងមានសារធាតុ ញៀន ប្រភេទមេតំហ្វេតាមីន (ICE) ប្រាំ កញ្ចប់ធំទម្ងន់៤គីឡូក្រាម៩៨៨,៨៤ក្រាមនិងទូកយន្តមួយគ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្ត ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕/PC
ប្រភព :រស្មីកម្ពុជា