អ្នកជំនាញ​បារម្ភ​ថា សត្វ​ផ្សោត​ទន្លេមេគង្គ​ព្រំដែន​កម្ពុជា​-​ឡាវ​ប្រឈម​នឹង​ការ​ផុត​ពូជ​

0
304

ស្ទឹងត្រែង​:​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បានបង្ហាញ​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​បន្ទាប់ពី​សត្វ​ផ្សោត​ទឹកសាប​នៅ​តំបន់​អេកូ​ទេសចរណ៍​អន្លង់​ឈើទាល ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង បាន​ងាប់​ជា​បន្តបន្ទាប់​។​

​លោក ទុំ នី​រ៉ូ អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​បច្ចុប្បន្ន​ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខេត្ត​និយាយថា​សត្វ​ផ្សោត Irrawaddy នៃ​ទន្លេមេគង្គ ដែល​ប្រជាជន​មូលដ្ឋាន​ហៅថា សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម​ដាច់ដោយឡែក​ពីគ្នា​។ មួយក្រុម​រស់នៅ​តាម​ដង​ទន្លេ​ក្នុងប្រទេស​កម្ពុជា​និង​ក្រុម រស់នៅ​អន្លង់​ឈើទាល​នៃ​ទន្លេ​ដែលជា​ព្រំប្រទល់​រវាង​ខេត្តស្ទឹងត្រែង​និង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។

​ផ្អែក​តាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​២០០៧​ដោយ​ប្រើ​វិធីសាស្ត្រ​ថតរូប​ក្រុម​ស្រាវជ្រាវ​មិនបាន​ឃើញ​សត្វ​ផ្សោត​មួយ​ក្បាល​ណា​នៃ​ក្រុម​ផ្សោត​នៅ​អន្លង់​ឈើទាល​មក​រួមរស់​ជាមួយ​ក្រុម​ផ្សោត​នៅ​ប្រទេស​កម្ពុជា​យើង​ឡើយ​។​

​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​មាន​ចំនួន​សរុប​រហូតដល់ ២៥ ក្បាល​ឯណោះ​។​ចំនួន នេះ​បាន​ធ្លាក់​ចុះមក​ត្រឹម​ប្រាំបី​ក្បាល​ក្នុង​ឆ្នាំ​២០០៨, ប្រាំមួយ​ក្បាល​ក្នុង​ឆ្នាំ​២០១២, បី​ក្បាល​ក្នុង​ឆ្នាំ​២០១៩ និង​ពីរ​ក្បាល​ក្នុង​ឆ្នាំ​២០២១​។

សត្វ​ផ្សោត​មួយ​ក្បាល​ក្នុងចំណោម​សត្វ​ផ្សោត​សរុប​ពីរ​ក្បាល​ដែល​នៅសល់​នោះ បាន​ស្លាប់​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ២០២១ កន្លងមកនេះ ចំនួន​សរុប​នៃ​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល នាពេល​បច្ចុប្បន្ន​មានតែ​មួយ​ក្បាល​ប៉ុណ្ណោះ​។ អន្លង់​ឈើទាល​ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

​ប្រភព​បានឱ្យដឹង​ទៀតថា ភាគច្រើន​នៃ​ការស្លាប់​របស់​សត្វ​ផ្សោត​នៅ​អន្លង់​ឈើទាល​បង្កឡើង​ដោយ​ការនេសាទ​ដោយ ប្រើ​ឧបករណ៍​មង​និង​ការនេសាទ​ខុសច្បាប់ (​គ្រឿង​ឆក់ គ្រាប់បែក​សប្ប​និមិត្ត និង​នុយ​ដែលមាន​សារ​ថា​តុ​គីមី​ពុល​) ដែល​បង្កឡើង​ដោយ​អ្នកនេសាទ​ជនជាតិ​ឡាវ​។​ក្រៅពីនេះ ការសាងសង់​ទំនប់​វា​រី​អគ្គីសនី ដន សា​ហុង​ដែលមាន​ទី​
តាំង​ចម្ងាយ​១,៥​គម​ពី​ព្រំប្រទល់​នៃ​ខេត្តស្ទឹងត្រែង​បាននិងកំពុង​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ទីជម្រក​ដែលជា អន្លង់​ទឹក​ជ្រៅ និង​ជីវចម្រុះ​ជលផល ពិសេស​សត្វ​ផ្សោត​។
អ្នកនេសាទ​ជនជាតិ​ឡាវ​បាននិងកំពុង​ប្រើប្រាស់​ឧបករណ៍​មង​ចាប់​ត្រី​នៅតាម​ដង​ទន្លេ​ដែលជា​ព្រំប្រទល់​នៃ​ប្រទេស​ទាំងពីរ​ដែល​ឧបករណ៍​នេះ​ត្រូវបាន​ហាម​ដោយ​អនុក្រឹត្យ​លេខ​១៥៥​អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

​បច្ចុប្បន្ន​ឆ្មាំ​ទន្លេ​ចំនួន​ប្រាំ​ពីររូប​នៃ​ឆ្មាំ​ទន្លេ​សរុប​ចំនួន​៧២​រូប​បាននិងកំពុង​ប្រចាំការ​នៅ​ប៉ុស្តិ៍​ឆ្មាំ​ទន្លេ​នៃ​អន្លង់​ឈើទាល​។ ឆ្មាំ​ទាំង​ប្រាំពីរ​រូបនេះ​ចេញ​ល្បាត​ជា​រៀងរាល់​រាល់ថ្ងៃ​តាម​ផ្នែក​នៃ​ដង​ទន្លេ​នៅក្នុង​ប្រទេស​កម្ពុជា​។

​គួររំលឹកថា សត្វ​ផ្សោត​ដែល​បាន​ស្លាប់​កន្លងទៅនេះ​មាន​ទម្ងន់​សរុប​១៨០​គីឡូក្រាម ប្រវែង​២,៣​ម៉ែត្រ​, ភេទ​ញី និង​ពុំមាន​ធ្មេញ​ឡើយ (​ធ្មេញ​សឹក​និង​បាក់​អស់ហើយ​)​។ ការស្លាប់​របស់​សត្វ​ផ្សោត​នេះ អាច​បណ្តាលមកពី​វ័យចាស់​ជរា​៕​

ប្រភព : រស្មី្មកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here